តាមនោះ ភាគីចិនបានអបអរសាទរចំពោះការដែលវៀតណាមក្លាយជាប្រទេសដៃគូ BRICS ហើយជឿជាក់ថា ការចូលរួមរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ BRICS មិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ការអភិវឌ្ឍរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងស្របតាមផលប្រយោជន៍រួមរបស់បណ្ដាប្រទេស BRICS និងបណ្ដាប្រទេសខាងត្បូងនៃពិភពលោកផងដែរ។ ភាគីចិនជឿជាក់ថា វៀតណាមនឹងរួមចំណែកជាវិជ្ជមានចំពោះយន្តការ BRICS។

leftcenterrightdel
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន (រូបថត៖ CCTV)

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា ក្រុម BRICS ស្វាគមន៍ប្រទេសដៃគូថ្មី ហើយការពង្រីកនេះបានបង្ហាញឲ្យឃើញភាពទាក់ទាញ និងឥទ្ធិពលយ៉ាងខ្លាំងនៃ BRICS ។

ភាគីចិនត្រៀមជាស្រេចសហការជាមួយបណ្ដាប្រទេសសមាជិក BRICS និងបណ្តាប្រទេសជាដៃគូ ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជិតស្និទ្ធ ជាក់ស្តែង និងបរិយាប័ន្ន ជំរុញការអភិវឌ្ឍដោយមានគុណភាពខ្ពស់នៃ "កិច្ចសហប្រតិបត្តិការ BRICS បូក" ព្រមទាំង រួមចំណែកកាន់តែច្រើនក្នុងការលើកកម្ពស់ពហុភាគីនិយម ការការពារយុត្តិធម៌ និងការជម្រុញការអភិវឌ្ឍរួម។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឲ្យដឹងថា ឥឡូវនេះ BRICS មានប្រទេសសមាជិកជាផ្លូវការទាំង១១ និងបង្កើតបទប្បញ្ញត្តិអំពីប្រទេសជាដៃគូសម្រាប់ប្រទេសដែលត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលប៉ុន្តែមិនចូលរួមការបោះឆ្នោត។ ក្រៅពីវៀតណាម ប្រទេសជាដៃគូ BRICS រួមមាន នីហ្សេរីយ៉ា បេឡារុស បូលីវី កាហ្សាក់ស្ថាន គុយបា ម៉ាឡេស៊ី ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។ កិច្ចប្រជុំកំពូល BRICS ឆ្នាំ២០២៥ នឹងត្រូវបានរៀបចំដោយប្រទេសប្រេស៊ីល ហើយគ្រោងនឹងធ្វើឡើងនៅទីក្រុង Rio de Janeiro ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥៕

បកប្រែដោយ Thuy Anh