ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង លោក Le Minh Tri ប្រធានតុលាការប្រជាជនកំពូលវៀតណាម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយ លោក Chen Wenqing សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការនយោបាយនិងច្បាប់មជ្ឈិមបក្សកុម្មុយនិស្តចិន; ជួបពិភាក្សាការងារជាមួយលោក Zhang Jun ប្រធានតុលាការប្រជាជនកំពូលចិន  និងផ្លាស់ប្ដូរជំនាញជាមួយលោក Ying  Yong ប្រធានអយ្យការប្រជាជនកំពូលចិន។

leftcenterrightdel
លោក Le Minh Tri ប្រធានតុលាការប្រជាជនកំពូលវៀតណាម និងលោក Chen Wenqing (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយលោក  Chen Wenqing លោក Le Minh Tri ប្រធានតុលាការប្រជាជនកំពូលវៀតណាម បានអះអាងថា ដំណើរទស្សនកិច្ចការងារនេះ មានអត្ថន័យយ៉ាងសំខាន់ រួមចំណែកអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ដែលលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនទៅកាន់វៀតណាមកាលពីខែមេសា ឆ្នាំ២០២៥ ស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដែលក្នុងនោះ កំណត់ថា វិស័យយុត្ដិធម៌គឺជាសសរស្តម្ភសំខាន់មួយនៃកិច្ចសហប្រតិបត្តិការ។

លោក Le Minh Tri ប្រធានតុលាការប្រជាជនកំពូលវៀតណាមបានចែករំលែកព័ត៌មានមួយចំនួនជាមួយលោក Chen Wenqing   អំពីកំណែទម្រង់នៅវៀតណាមលើវិស័យជាច្រើន  និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងតុលាការប្រជាជនវៀតណាម និងចិននាពេលថ្មីៗនេះ។

លោក Chen Wenqing បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Le Minh Tri ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃតុលាការប្រជាជនកំពូល​វៀតណាមមកបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។ លោក  Chen Wenqing បានសង្កត់ធ្ងន់ថា វៀតណាមនិងចិន គឺជាប្រទេសជិតខាងសង្គមនិយមទាំងពីរ ដែលដឹកនាំដោយបក្សកុម្មុយនិស្ត ដោយមានទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធ និងឥតឈប់ឈរលើគ្រប់វិស័យ។ ក្នុងបរិបទនោះ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសទាំងពីរមានសារសំខាន់ណាស់។

leftcenterrightdel
លោក Le Minh Tri ប្រធានតុលាការប្រជាជនកំពូលវៀតណាម និងលោក Zhang Jun ប្រធានតុលាការប្រជាជនកំពូលចិន 

គួររំលឹកថាមុននោះ លោក Le Minh Tri ប្រធានតុលាការប្រជាជនកំពូលវៀតណាម និងលោក Zhang Jun ប្រធានតុលាការប្រជាជនកំពូលចិនបានជួបពិភាក្សាគ្នា។

ក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្ដភាព ប្រធានតុលាការប្រជាជនកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិជ្ជាជីវៈ ដោយផ្តោតលើការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្កើតតុលាការឯកទេសក្រោមឱវាទរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីដោះស្រាយវិវាទលើវិស័យកម្មសិទ្ធិបញ្ញា ពាណិជ្ជកម្ម ក្ស័យធន និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងនីតិវិធី ការធ្វើបរិវត្ដកម្មឌីជីថល និងកសាងតុលាកាអេឡិចត្រូនិចជាដើម។ ភាគីទាំងពីរក៏បានឯកភាពគ្នានឹងសហការរៀបចំសន្និសីទតុលាការខេត្តជាប់ព្រំដែនវៀតណាម-ចិន នាខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ៕

បកប្រែដោយ Thanh Cong