វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងជំរុញទំនាក់ទំនងជាមួយអេស្ប៉ាញ
កប.អនឡាញ - ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា លោក Pedro Sánchez នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអេស្ប៉ាញ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលអេស្ប៉ាញទៅកាន់វៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៧ ហើយក៏ជាការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់នាយករដ្ឋមន្ត្រីលើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេលជាង ២០ ឆ្នាំ។
អេស្ប៉ាញគឺជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ១៤ នៅលើពិភពលោក និងទី៤ នៅសហភាពអឺរ៉ុប (EU) ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ១.៧៣ ពាន់ពាន់លានដុល្លារ (២០២៤) ។ អេស្ប៉ាញចូលរួមយ៉ាងសកម្មនៅក្នុងសហភាពអឺរ៉ុប អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) មានទំនាក់ទំនងជិតស្និទ្ធជាប្រពៃណីជាមួយអាមេរិកឡាទីន និងការាបៀន រក្សាឥទ្ធិពលនៅមេឌីទែរ៉ាណេ អាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា និងផ្តោតលើការលើកកម្ពស់ពហុភាគីនិយម ពាណិជ្ជកម្មសេរី និងកិច្ចខិតខំប្រឹងប្រែងដើម្បីដើរតួនាទីឈានមុខគេក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។
ដំណើរទស្សនកិច្ចរបស់លោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញនៅវៀតណាមធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-អេស្ប៉ាញបន្តអភិវឌ្ឍយ៉ាងល្អលើវិស័យជាច្រើន។ អេស្ប៉ាញជាប្រទេសដំបូងក្នុងសហភាពអឺរ៉ុបដែលបង្កើតក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម (២០០៩)។ ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ និងគ្រប់កម្រិត រួមទាំងទំនាក់ទំនងទ្វេភាគីរវាង លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបនៅបែលហ្ស៊ិក (ខែធ្នូ ឆ្នាំ២០២២) និងកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល (ខែវិច្ឆិកា ឆ្នាំ ២០២៤)។
ភាគីទាំងពីរសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងអាស៊ាន។ អំពីបញ្ហាសមុទ្រខាងកើត អេស្ប៉ាញគាំទ្រការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ការដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៤ នឹងកើនឡើងដល់ ៤.៧២ ពាន់លានដុល្លារអាមេរិក កើនឡើង ២០% បើធៀបនឹងឆ្នាំ ២០២៣។ អេស្ប៉ាញជាដៃគូពាណិជ្ជកម្មធំទី៥របស់វៀតណាមនៅសហភាពអឺរ៉ុប វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អេស្ប៉ាញក្នុងអាស៊ាន។ បច្ចុប្បន្ន អេស្ប៉ាញមានគម្រោងវិនិយោគចំនួន ៩៧ នៅវៀតណាម ដែលមានទុនសរុប ១៤៣.៨៨ លានដុល្លារ។ ប្រទេសវៀតណាមមានគម្រោងវិនិយោគចំនួន ៣ នៅប្រទេសអេស្ប៉ាញ ដែលមានទុនសរុប ៦៤.២ លានដុល្លារអាមេរិក។ នៅខែមករា ឆ្នាំ២០២២ អេស្ប៉ាញបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគារពារការវិនិយោគវៀតណាម-EU (EVIPA) ។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អេស្ប៉ាញបានសន្យាផ្តល់ជូនវៀតណាមនូវកម្ចី ODA និងជំនួយឥតសំណងជាង ១ ពាន់លានដុល្លារ តាមរយៈកម្មវិធីសហប្រតិបត្តិការហិរញ្ញវត្ថុលើវិស័យមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍប្រកបដោយចីរភាព ការលើកកម្ពស់សមភាពយេនឌ័រ ការថែទាំសុខភាព និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ភាគីទាំងពីរកំពុងបំពេញនីតិវិធីដើម្បីចុះហត្ថលេខាលើពិធីសារក្របខ័ណ្ឌមួយស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងឥណទានអនុគ្រោះដែលមានតម្លៃ ៣០៥ លានអឺរ៉ូ។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ សម្របសម្រួលរៀបចំសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរវប្បធម៌ សិល្បៈ ភាពយន្ត ពិព័រណ៍ និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ក្នុងប្រទេសនីមួយៗ។ បច្ចុប្បន្នវៀតណាមបានលើកលែងទិដ្ឋាការដោយឯកតោភាគីសម្រាប់ពលរដ្ឋអេស្ប៉ាញក្នុងរយៈពេល ៤៥ ថ្ងៃ។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍។
ការដែលវៀតណាមរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ រួមចំណែកក្នុងការអះអាងនូវគោលនយោបាយការបរទេសរបស់មហាសន្និបាតបក្សជាតិលើកទី ១៣ អំពីឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ព្រមទាំងអះអាងគោលនយោបាយឥតងាករេរបស់វៀតណាមដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់បន្តជំរុញទំនាក់ទំនងជាមួយដៃគូសំខាន់ៗក្នុងនោះមានអេស្ប៉ាញផងដែរ។
យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ នឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឆ្ពោះទៅរកអនាគត់រវាងវៀតណាម និងអេស្ប៉ាញ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក៕
បកប្រែដោយ Duy Hoan