ស្រាវជ្រាវ និងកំណត់វិស័យអាទិភាពមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការ

លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោដែលប្រទេស និងប្រជាជនអេត្យូពីសម្រេចបាន ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Abiy Ahmed Ali និងគណបក្ស PP ក្នុងការរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យអេត្យូពីក្លាយទៅជាចំណុចភ្លឺនៃកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំជាប់ៗគ្នា ហើយជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចធំៗ និងមានតួនាទីដ៏សំខាន់មួយនៅទ្វីបអាហ្វ្រិក។

អំពីទំនាក់ទំនងទ្វេភាគី លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តអាហ្រ្វិក រួមទាំងអេត្យូពីផងដែរ។ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានស្នើឲ្យភាគីទាំងពីរសិក្សាស្រាវជ្រាវ និងកំណត់វិស័យអាទិភាពមួយចំនួននៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ ដោយផ្អែកលើសក្តានុពល និងតម្រូវការរបស់​ភាគីទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងអាជីវកម្ម...។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី

លោកនាយករដ្ឋមន្ត្រី Abiy Ahmed Ali បានសម្តែងនូវសេចក្តីរីករាយដោយឃើញថា នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងគណបក្សកាន់អំណាចទាំងពីរបន្តអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រី Abiy Ahmed Ali សង្កត់ធ្ងន់ថា គណបក្ស PP រដ្ឋ និងរដ្ឋាភិបាលអេត្យូពីមានបំណងចង់ពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយវៀតណាម ជាពិសេសលើវិស័យវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កសិកម្ម ការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ...

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គណបក្សកាន់អំណាចទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរយោបល់ បណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍រវាងបក្សទាំងពីរដើម្បីលើកកម្ពស់ចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

លោកអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានគាំទ្រចំពោះការចុះហត្ថលេខាលើឯកសារមួយចំនួននៃភាគីទាំងពីរក្នុងដំណើរទស្សនកិច្ចនេះ ព្រមទាំងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរចរចាយ៉ាងសកម្មដើម្បីឆាប់ចុះហត្ថលេខាលើឯកសារបន្ថែមទៀតដើម្បីបំពេញក្របខ័ណ្ឌច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ក៏បានស្នើឱ្យភាគីទាំងពីរឆាប់បើកការិយាល័យតំណាងនៅក្នុងប្រទេសនីមួយៗ ដើម្បីជួយជំរុញទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ។ដោយសង្កត់ធ្ងន់ថា វៀតណាម និងអេត្យូពី គឺជាប្រទេសដែលមានទំនួលខុសត្រូវចំពោះបញ្ហាក្នុងតំបន់ និងពិភពលោក  លោកអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ស្នើឱ្យប្រទេសទាំងពីរត្រូវបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ និងដើរតួជាស្ពានតភ្ជាប់ដើម្បីជំរុញទំនាក់ទំនងជាមួយអង្គការសំខាន់ៗដែលភាគីទាំងពីរជាសមាជិកដូចជាអាស៊ាន និងសហភាពអាហ្វ្រិក (AU)​​

បង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

គួររលឹកថា នារសៀលថ្ងៃទី ១៥ មេសា នៅវិមានប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាការងារជាមួយលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសជាមិត្តនៅអាហ្វ្រិក រួមទាំងអេត្យូពីផងដែរ ហើយវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗដែលរដ្ឋាភិបាល និងប្រជាជនអេត្យូពីសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកនាយករដ្ឋមន្ត្រី Abiy Ahmed Ali បានអះអាងថា អេត្យូពីចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួនក្នុងតំបន់អាស៊ី ហើយមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាមលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងសក្តានុពល។

នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការរក្សាទំនាក់ទំនងគ្រប់កម្រិត ជាពិសេសកម្រិតខ្ពស់ តាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋសភា ក៏ដូចជារវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរដើម្បីពង្រឹងទំនុកចិត្តខាងនយោបាយ ព្រមទាំងយល់ព្រមសិក្សាស្រាវជ្រាវលើការបើកទីភ្នាក់ងារតំណាងការទូតនៅក្នុងប្រទេសនីមួយៗ។

ភាគីទាំងពីរបានឯកភាពពិភាក្សា និងចរចាលើកិច្ចព្រមព្រៀងដើម្បីបង្កើតរបៀងផ្លូវច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជំរុញនិងគាំពារវិនិយោគ និងកិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើសន្តិសុខតាមអ៊ីនធឺណិត និងការទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់... នាយករដ្ឋមន្ដ្រីទាំងពីរក៏បានពិភាក្សាលើគម្រោងវិនិយោគដ៏មានសក្ដានុពលដូចជា ទូរគមនាគមន៍ ការធ្វើបរិវត្ដកម្មឌីជីថល សន្តិសុខតាមអ៊ីនធឺណិត ការជីកយករ៉ែ ផលិតកម្មទំនិញឧស្សាហកម្ម និងទំនិញប្រើប្រាស់ ឧស្សាហកម្មកែច្នៃ ការនាំចេញកសិផល សំណង់ស៊ីវិល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ-បណ្តុះបណ្តាល សុខាភិបាល និងទេសចរណ៍...

នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់  ហើយបានឯកភាពបន្តជំរុញការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នីមួយៗ និងពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា​

លោកនាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអេត្យូពី ហើយសង្ឃឹមថា អេត្យូពី នឹងគាំទ្រវៀតណាមក្នុងការជំរុញទំនាក់ទំនងជាមួយ AU និងបណ្តាប្រទេសនៅអាហ្វ្រិកខាងកើត។ លោកនាយករដ្ឋមន្ត្រីវៀតណាម អះអាងនូវការគាំទ្ររបស់វៀតណាមចំពោះអេត្យូពីដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល P4G នៅឆ្នាំ ២០២៧ ។

អំពីបញ្ហាសន្តិសុខនិងសុវត្ថិភាពនៅសមុទ្រ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃសមុទ្រខាងកើត និងសមុទ្រក្រហមក្នុងការធ្វើចរាចរណ៍ផ្លូវសមុទ្រអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពតាមច្បាប់អន្តរជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃអាកាសចរណ៍ និងនាវាចរណ៍ក្នុងតំបន់ទាំងពីរ។

នៅចុងបញ្ចប់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Abiy Ahmed Ali បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខា​លើ​ឯកសារសហប្រតិបត្តិការមួយចំនួន៕

បកប្រែដោយ Pham Diep