មតិសាធារណៈចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន៖ បង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងវៀតណាម-ចិន
កប.អនឡាញ - ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានសន្និដ្ឋានថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងប្រធានរដ្ឋចិន បង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងប្រទេសជិតខាងជិតស្និទ្ធទាំងពីរ។
នៅក្នុងអត្ថបទមួយដែលចេញផ្សាយកាលពីថ្ងៃទី ១៤ ខែមេសា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទីបួននៅប្រទេសវៀតណាមរបស់លោក Xi Jinping ក្នុងឋានៈជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ហើយជាដំណើរទស្សនកិច្ចលើកទី២ នៅប្រទេសវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនបន្ទាប់ពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន។ ទីភ្នាក់ងារសារព័ត៌មាន Sputnik បានសង្កត់ធ្ងន់ថា "ដំណើរទស្សនកិច្ចនេះបង្ហាញពីការជឿទុកចិត្តខាងនយោបាយ ហើយការផ្លាស់ប្តូរ ជំនួបជាន់ខ្ពស់រវាងប្រទេសទាំងពីរមានភាពរស់រវើក និងល្អប្រពៃ"។
នៅថ្ងៃដដែលនោះ Reuters បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកទីពីរនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បន្ទាប់ពីរយៈពេលជិត ១៨ ខែ មានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍ដែលចិនកំណត់ថាជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសចំពោះប្រទេសជិតខាងរបស់ខ្លួន។
    |
 |
តំណាងប្រជាជនទីក្រុងហាណូយទទួលស្វាគមន៍លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន និងគណៈប្រតិភូជាន់ខ្ពស់ចិននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នាថ្ងៃទី ១៤ ខែមេសា |
នាថ្ងៃទី ១៤ ខែមេសា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជារបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសចិនចំពោះបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលជាដៃគូមានភូមិសាស្ត្រជិតគ្នាផង និងមានកិច្ចសហប្រតិបត្តិការ ការគាំទ្រគ្នាទៅវិញទៅមកអស់រយៈពេលច្រើនទសវត្សរ៍ផងដែរ។ ពីការតស៊ូបដិវត្តន៍នាអតីតកាល ដល់បុព្វហេតុធ្វើទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិនាបច្ចុប្បន្ន ចិននិងវៀតណាមបានកសាងទំនាក់ទំនងជិតស្និទ្ធ "ជាសមមិត្តផង ជាបងប្អូនផង”។ យោងតាមអ្នកជំនាញ Nguyen Thi Phuong Hoa នៅវិទ្យាស្ថានសិក្សាអំពីចិន នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម ទំនាក់ទំនងវៀតណាម-ចិនបានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកស្រី Nguyen Thi Phuong Hoa បានសម្តែងជំនឿថា ទំនាក់ទំនងមិត្តភាព ជ្រាលជ្រៅរវាងប្រទេសទាំងពីរនឹងត្រូវបានបន្តពូនជ្រំពីមួយជំនាន់ទៅមួយជំនាន់។
នាថ្ងៃដដែល កាសែត China Daily បានដកស្រង់សម្តីលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមដែលសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការតស៊ូដើម្បីឯករាជ្យ និងរំដោះជាតិរបស់ប្រទេសទាំងពីរ ព្រមទាំង ក៏បង្កើតកម្លាំងចលករសម្រាប់ពង្រឹងនិងជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធានាស្ថិរភាពសម្រាប់វៀតណាម និងចិនក្នុងបរិបទដែលស្ថានភាពពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ ការរក្សាជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមចំណែកតម្រង់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគី និងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។
យោងតាមកាសែត Global Times ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ផ្លូវនានាក្នុងទីក្រុងហាណូយត្រូវបានតុបតែងដោយទង់ជាតិចិន និងវៀតណាម ដើម្បីទទួលស្វាគមន៍លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។ លោក He Wei បានអះអាងថា ឆ្នាំ២០២៥ គឺជាឆ្នាំមានអត្ថន័យពិសេសសម្រាប់ទំនាក់ទំនងវៀតណាម-ចិន ដែលប្រទេសទាំងពីររំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំផ្លាស់ប្តូរមនុស្សធម៌។ លោក He Wei បានឲ្យដឹងថា ក្នុងបរិបទស្ថានភាពពិភពលោកបន្ដមានការវិវឌ្ឍដ៏ស្មុគស្មាញ និងប្រែប្រួល អនាគតនៃប្រទេសចិននិងវៀតណាម គឺជាប្រទេសសង្គមនិយមទាំងពីរ និងជាដៃគូល្អ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នា។ អ្នកជំនាញ Gu Xiaosong នៅឯសាកលវិទ្យាល័យ Hainan Tropical Ocean (ចិន) បានចាត់ទុកថា "ការដែលវៀតណាមគឺជាប្រទេសដំបូងដែលលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បំពេញទស្សនកិច្ចនៅឆ្នាំនេះ បង្ហាញថាប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម"៕
បកប្រែដោយ Thuy Anh