មាគ៌ាអភិវឌ្ឍន៍របស់វៀតណាមមិនដាច់ពីនិន្នាការទូទៅរបស់ពិភពលោកទេ
សុន្ទរកថាសារគោលនយោបាយ លោក To Lam អគ្គលេខាបក្ស សង្កត់ធ្ងន់ថា ចំពោះមុខការផ្លាស់ប្តូរដ៏ធំធេង និងឆាប់រហ័សនៃពិភពលោកនាពេលបច្ចុប្បន្ននេះ វៀតណាមកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីឈានទៅដល់យុគសម័យនៃការអភិវឌ្ឍប្រទេសជាតិដ៏រឹងមាំ និងវិបុលភាព ស្មើមុខស្មើមាត់នឹងមហាអំណាចនានាលើពិភពលោក កសាងសង្គមនិយមប្រកបដោយជោគជ័យ ដើម្បីគោលដៅប្រជាជនធូរធារ ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ និងសុភមង្គល។ ដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់។ ដល់ឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសសង្គមនិយមដែលមានប្រាក់ចំណូលខ្ពស់។
    |
 |
លោក To Lam អគ្គលេខាបក្ស ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ |
លោក To Lam អគ្គលេខាបក្ស បានចែករំលែកថា ជាមួយនឹងបទពិសោធន៍នៃការផ្លាស់ប្តូរថ្មីជិត ៤០ ឆ្នាំមក វៀតណាមបានកំណត់ថា មាគ៌ាដើម្បីសម្រេចបាននូវគោលដៅខាងលើត្រូវធានានូវគោលការណ៍ “និរន្តរភាព បរិយាប័ន្ន និងសុខដុមរមនា” រួមមាន ការអភិវឌ្ឍឆាប់រហ័សត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងនិរន្តរភាពនិងគុណភាពខ្ពស់ និងត្រូវមានភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ សង្គម ការការពារបរិស្ថាន និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ការអភិវឌ្ឍប្រទេសជាតិត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងទំនួលខុសត្រូវអន្តរជាតិ រួមចំណែកកាន់តែច្រើនឡើងចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ដើម្បីសុភមង្គលរបស់មនុស្សជាតិ និងអរិយធម៌ពិភពលោក។ កិច្ចសហប្រតិបត្តិការអន្តរជាតិលើគោលការណ៍ “ឈ្នះ-ឈ្នះ”។ ដំណើរការអភិវឌ្ឍត្រូវយកមនុស្សជាមជ្ឈភាព ជាគោលដៅ និងជាកម្លាំងចលករនៃគោលនយោបាយ និងយុទ្ធសាស្ត្រទាំងអស់ ប្រជាជនគឺជាអ្នកទទួលផលនៃការអភិវឌ្ឍ។
មេរៀនបទពិសោធន៍សំខាន់ៗចំនួន៣
ក្នុងសុន្ទរកថាបើក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរការធ្វើបរិវត្តកម្មបៃតងរបស់ពិភពលោកនាពេលថ្មីៗនេះ បានបន្សល់ទុកនូវមេរៀនបទពិសោធន៍សំខាន់ៗចំនួនបី។ មួយគឺជាវិធីសាស្រ្តដ៏ទូលំទូលាយ សកល បរិយាប័ន្ត "គ្មាននរណាម្នាក់ត្រូវបានទុកចោល"។ ទីពីរគឺគោលការណ៍សមភាព យុត្តិធម៌ និងការទទួលខុសត្រូវ ដោយគិតដល់លក្ខខណ្ឌ និងសមត្ថភាពផ្សេងៗរបស់បណ្តាប្រទេស។ ទីបីគឺជាតួនាទីសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ |
* បន្ទាប់ពីពិធីបើក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាអធិបតីកិច្ចពិភាក្សាជាន់ខ្ពស់លើប្រធានបទ “ការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ផ្តោតលើប្រជាជន” នៃកិច្ចប្រជុំកំពូល P4G លើកទី៤។
* នារសៀលថ្ងៃដដែល Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងជំនួយ ដែលមានតម្លៃសរុបស្មើនឹង ៤០០ លានដុល្លារអាមេរិក ពីធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
* គួររំលឹកថា នារសៀលថ្ងៃទី ១៦ មេសា មុនពិធីបើកកិច្ចប្រជុំកំពូល P4G លើកទី៤ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំ ហើយរួមជាមួយប្រតិភូចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ស្តីពីកំណើនបៃតងដែលបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ។
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសនានា
* នាថ្ងៃទី ១៦ មេសា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Cho Tae-yul រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូល P4G លើកទី៤។
នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពបន្តរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការគាំទ្រ និងជំនួយគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងបរិបទនៃស្ថានការណ៍ក្នុងតំបន់ និងពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។
* នាថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូល P4G លើកទី៤។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ |
នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងពិសេសវៀតណាម-ឡាវបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ រឹងមាំ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពដឹកនាំស្ថាប័នពាក់ព័ន្ធ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ពង្រឹងទំនាក់ទំនងនយោបាយ និងការជឿទុកចិត្តពិសេស កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ នាយករដ្ឋមន្ត្រីទាំងពីឯកភាពពង្រឹងវិធានការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បង្កើតរបកគំហើញឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥ ពាន់លានដុល្លារ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងធំៗ និងសំខាន់ៗរបស់សហគ្រាសវៀតណាមនៅឡាវ ពង្រឹងការតភ្ជាប់យ៉ាងទូលំទូលាយរវាងសេដ្ឋកិច្ចទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដូចជាការអប់រំ និងបណ្តុះបណ្តាល វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។
* នាថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួប លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលកំពូល P4G លើកទី ៤។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជូនពរកម្ពុជាបន្តទទួលបានសមិទ្ធិផលថ្មីៗកាន់តែច្រើនថែមទៀតនាពេលខាងមុខ។ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណវៀតណាម ដែលតែងតែប្រកៀកស្មា និងជួយកម្ពុជាក្នុងគ្រប់កាលៈទេសៈ។ លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់វៀតណាមក៏ផ្តល់ផលប្រយោជន៍ដល់កម្ពុជាផងដែរ ទន្ទឹមនឹងនោះលោកបញ្ជាក់ថា កម្ពុជាមានមោទនភាពចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
ភាគីទាំងពីរបានឯកភាពពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ ការអប់រំ-បណ្តុះបណ្តាល និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលស្វែងរកវិធានការសមហេតុផលដើម្បីដោះស្រាយ ១៦% នៃការខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកដែលមិនទាន់រួចរាល់ សំដៅកសាងព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។ លោក Pham Minh Chinh នាយករដ្ឋមន្រ្ត ក៏បានស្នើឱ្យភាគីកម្ពុជាយកចិត្តទុកដាក់ដោះស្រាយបញ្ហាឋានៈតាមផ្លូវច្បាប់ ដើម្បីប្រជាពលរដ្ឋដែលមានដើមកំណើតវៀតណាមនៅកម្ពុជា មានស្ថិរភាពក្នុងជីវភាពរស់នៅ៕
បកប្រែដោយ Duy Hoan