ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមទទួលជួបលោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី
កប.អនឡាញ - នាថ្ងៃទី ១៦ ខែមេសា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី៤ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកល (P4G)។
លោក Luong Cuong ប្រធានរដ្ឋ បានអបអរសាទរចំពោះលោកនាយករដ្ឋមន្ត្រីអេត្យូពីដែលទទួលបានលទ្ធផលល្អក្នុងជំនួប និងកិច្ចពិភាក្សាជាមួយលោក To Lam អគ្គលេខាបក្ស និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ហើយជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រីអេត្យូពី នឹងជួយទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម - អេត្យូពី បើកទំព័រថ្មីប្រកបដោយភាពជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត សក្តិសមនឹងជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរក៏ដូចជាតំបន់ទាំងពីរ។ លោក Luong Cuong ប្រធានរដ្ឋ បានសម្តែងនូវការចាប់អារម្មណ៍ចំពោះប្រវត្តិសាស្រ្តនៃប្រទេសអេត្យូពី និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលអេត្យូពីសម្រេចបាននាពេលកន្លងមកនេះ។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី |
លោកនាយករដ្ឋមន្ត្រីអេត្យូពី សង្កត់ធ្ងន់ថា វៀតណាមជាមិត្តគួរឲ្យទុកចិត្តរបស់ប្រជាជនអេត្យូពី ហើយសម្ដែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធផលដ៏ធំធេង ដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាកិត្យានុភាព និងតួនាទីរបស់វៀតណាមដែលកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ។
ក្នុងបំណងពង្រីកសក្ដានុពល និងប្រៀបខ្លាំងនៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់តាមគ្រប់បណ្តាញ និងអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ លោក Luong Cuong ប្រធានរដ្ឋ បានស្នើថា ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរគប្បីចរចាយ៉ាងសកម្មដើម្បីចុះហត្ថលេខាលើឯកសារនានា និងរៀបចំក្របខ័ណ្ឌច្បាប់ ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យមានសក្តានុពលដូចជា កសិកម្ម រ៉ែ អេឡិចត្រូនិក ទូរគមនាគមន៍ និងការធ្វើបរិវត្តកម្មឌីជីថល។
លោកនាយករដ្ឋមន្ត្រីអេត្យូពីបានវាយតំលៃខ្ពស់ចំពោះប្រៀបខ្លាំងរបស់វៀតណាមក្នុងវិស័យកសិកម្ម ហើយមានបំណងចង់ឲ្យវៀតណាមចែករំលែកបទពិសោធន៍ និងជួយគាំទ្រអេត្យូពីក្នុងវិស័យនេះ រួមចំណែកធានាសន្តិសុខស្បៀងប្រកបដោយចីរភាពសម្រាប់អេត្យូពី។ លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ក្នុងការបើកជើងហោះហើរថ្មី ទីក្រុង Addis Ababa - ទីក្រុងហាណូយ នៅខែកក្កដាខាងមុខ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងវេទិកានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ជម្រុញទំនាក់ទំនងជាមួយអង្គការសំខាន់ៗដែលភាគីទាំងពីរជាសមាជិក ដូចជាអាស៊ាន និងសហភាពអាហ្វ្រិក (AU)។
*នារសៀលថ្ងៃទី ១៦ ខែមេសា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី។
លោក Tran Thanh Man ប្រធានរដ្ឋសភា ចាត់ទុកថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់ៗ មិនត្រឹមតែបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការជម្រុញឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំង ឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៧៦ / ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦)។
លោក Tran Thanh Man ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនរវាងប្រទេសទាំងពីរលើវិស័យនយោបាយ ការបរទេស ពាណិជ្ជកម្ម សេដ្ឋកិច្ច និងអប់រំ។ លោកប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រ ត្រួតពិនិត្យ និងជំរុញឲ្យស្ថាប័ននានានៃរដ្ឋាភិបាលអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីអេត្យូពីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអេត្យូពីក្នុងការពង្រឹង និងការបើកទំព័រថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អេត្យូពី រួមទាំងកិច្ចសហប្រតិបត្តិការរវាងបណ្ដាស្ថាប័ននៃសភាទាំងពីរ សក្តីសមនឹងទំនាក់ទំនងនយោបាយល្អ និងតួនាទីនៃប្រទេសទាំងពីរ។
លោកប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រ និងមានបំណងចង់រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រដ្ឋសភាវៀណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យដែលប្រទេសទាំងពីរមានប្រៀបខ្លាំង ដូចជា កសិកម្ម បច្ចេកវិទ្យាបៃតង និងអប់រំ ហើយត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការជាមួយសភាអេត្យូពី ដើម្បីពង្រឹងទំនាក់ទំនងសភា ចែករំលែកបទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិ និងការត្រួតពិនិត្យ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ដូចជាសហភាពអន្តរសភា (IPU) ដើម្បីរួមគ្នាជម្រុញគំនិតផ្តួចផ្តើមដើម្បីសន្តិភាព និងការអភិវឌ្ឍ៕
បកប្រែដោយ Thanh Cong