បន្តពង្រឹងទំនាក់ទំនងទ្វេភាគីវៀតណាម-អង់គ្លេស
កប.អនឡាញ - ក្នុងដំណើរបំពេញទស្សនកិច្ចការងារ នៅចក្រភពអង់គ្លេស នារសៀលថ្ងៃទី១៨ ខែមីនា នៅទីក្រុងឡុងដ៍ លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម ជួបសវនាការជាមួយ លោក Lindsay Hoyle ប្រធានសភាជាន់ទាបអង់គ្លេស។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិជាច្រើន ដែលភាគីទាំងពីរមានការចាប់អារម្មណ៍ដូចគ្នា។ ចែករំលែកទស្សនៈក្នុងការគាំទ្រការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ រួមចំណែកនាំទំនាក់ទំនងទ្វេភាគីឡើងកម្រិតកំពស់ថ្មី។
    |
 |
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម ជួបសវនាការជាមួយ លោក Lindsay Hoyle ប្រធានសភាជាន់ទាបអង់គ្លេស |
ចំណែក លោក Lindsay Hoyle បានបញ្ជាក់ថា សភាជាន់ទាបអង់គ្លេស និងលោកប្រធានផ្ទាល់ តែងតែគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីជួយរដ្ឋាភិបាលទាំងពីរក្នុងការពង្រឹង និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ហើយស្នើឱ្យភាគីទាំងពីរសម្របសម្រួលក្នុងបញ្ហាសន្តិសុខ ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមទាំងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានពាំនាំការអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមរបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជូនចំពោះលោកប្រធានសភាជាន់ទាបអង់គ្លេស ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Lindsay Hoyle បានទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយបានអះអាងថា លោកសង្ឃឹមថានឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីបានមើលឃើញផ្ទាល់ភ្នែកនូវភាពស្រស់ស្អាតរបស់ប្រទេស ប្រជាជន និងការអភិវឌ្ឍន៍យ៉ាងស្វាហាប់របស់វៀតណាម៕
បកប្រែដោយ Duy Hoan