ប្រធានាធិបតីប្រេស៊ីលចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាម
កប.អនឡាញ - នាថ្ងៃទី ២៧ មិនា លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva គឺជាប្រមុខរដ្ឋបរទេសដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០២៥។ នេះក៏ជាលើកទី២ ហើយដែលលោកប្រធានាធិបតី Luiz Inácio Lula da Silva មកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងនាមជាប្រមុខរដ្ឋប្រេស៊ីល បន្ទាប់ពីលើកដំបូងក្នុងឆ្នាំ២០០៨។
ប្រេស៊ីលគឺជាប្រទេសដំបូងគេនៅអាមេរិកឡាទីន លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ ផ្ទុយទៅវិញ វៀតណាមគឺជាប្រទេសដំបូងគេក្នុងអាស៊ានដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រេស៊ីលនៅតំបន់អាមេរិកខាងត្បូង។
    |
 |
លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល ( រូបថត៖ baochinhphu.vn) |
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Luiz Inácio Lula da Silva បង្ហាញពីការអភិវឌ្ឍឥតឈប់ឈរក្នុងទំនាក់ទំនងរវាងវៀតណាម និងប្រេស៊ីល។ ព្រឹត្តិការណ៍នេះក៏បានអះអាងនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការព្រមព្រៀងលើវិធានការដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៤។
លោក Bui Van Nghi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Luiz Inácio Lula da Silva ភាគីទាំងពីរនឹងដាក់ចេញវិធានការជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ពង្រីកទីផ្សារ និងបង្កើនការវិនិយោគរវាងវៀតណាម និងប្រេស៊ីល។
លោកឯកអគ្គរដ្ឋទូត Bui Van Nghi បានចែករំលែកថា “តាមការគ្រោងទុក ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ បង្កើតច្រករបៀងផ្លូវច្បាប់អំណោយផលដើម្បីជំរុញការអនុវត្តកម្មវិធីសហប្រតិបត្តិការជាក់ស្តែង នាំមកនូវផលប្រយោជន៍រយៈពេលវែងដល់ភាគីទាំងពីរ”។
បច្ចុប្បន្ន ប្រទេសប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅតំបន់អាមេរិកឡាទីន។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប្រេស៊ីលក្នុងឆ្នាំ ២០២៤ សម្រេចបានជិត ៨ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៣៤.៨% នៃទំហំពាណិជ្ជកម្មសរុបរបស់វៀតណាមនៅតំបន់អាមេរិកឡាទីន។
យោងតាមការស្ថិតិ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសប្រេស៊ីលឈានដល់ ២.៦ ពាន់លានដុល្លារ ហើយការនាំចូលឈានដល់ជិត ៥.៤ ពាន់លានដុល្លារ។ មុខទំនិញនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់ប្រទេសប្រេស៊ីលគឺផលិតផលអេឡិចត្រូនិក សំបកកង់ សម្លៀកបំពាក់ និងស្បែកជើង ហើយមុខទំនិញនាំចូលគឺសណ្តែកសៀង ពោត និងកប្បាស។
វៀតណាម និងប្រេស៊ីលកំពុងមានសក្តានុពលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ថាមពលកកើតឡើងវិញ ឧស្សាហកម្មកែច្នៃ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជីវឥន្ធនៈ សន្តិសុខ និងការពារជាតិ ការអប់រំ និងបណ្តុះបណ្តាល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
តាមការគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម លោកប្រធានាធិបតី Luiz Inácio Lula da Silva នឹងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាការងារជាមួយលោកប្រធានរដ្ឋ Luong Cuong និងជួបជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ក៏ដូចជាសកម្មភាពសំខាន់ៗមួយចំនួននៅទីក្រុងហាណូយផងដែរ៕
បកប្រែដោយ Pham Diep