ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងថែមទៀតនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡើងកម្រិតខ្ពស់ថ្មីមួយ បំពេញសក្តានុពលនិងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Lula da Silva ប្រធានាធិបតី អបអរសាទរចំពោះការចុះហត្ថលេខាលើផែនការសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប្រេស៊ីល ហើយបញ្ជាក់ពីការបន្តសហការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តទិសដៅ និងវិធានការដែលបានព្រមព្រៀងគ្នា ដើម្បីអនុវត្តក្របខ័ណ្ឌទំនាក់ទំនងថ្មីសម្រាប់ដំណាក់កាល ២០២៥-២០៣០ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ 

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល

លោក Lula da Silva ប្រធានាធិបតី និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍគួរអោយចាប់អារម្មណ៍នៃពាណិជ្ជកម្មទ្វេភាគី ហើយបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ភាគីទាំងពីរបានឯកភាពបង្កើនការចែករំលែកបទពិសោធន៍ល្អក្នុងយន្តការរដ្ឋបាលកិច្ចថ្នាក់ជាតិ និងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចសង្គម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមចំណែកជួយគាំទ្រគោលដៅកំណើនបៃតង និងចីរភាពនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូនៅថ្នាក់ក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចប្រេស៊ីល ក្នុងនិងក្រោយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីប្រេស៊ីល ដើម្បីអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីជាន់ខ្ពស់។ ភាគីទាំងពីរបានយល់ព្រមអនុវត្តប្រកបដោយប្រសិទ្ធភាព និងមានភាពបត់បែននូវយន្តការគណៈកម្មាធិការចម្រុះស្ដីពីសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងយន្តការពិគ្រោះយោបល់នយោបាយ ព្រមទាំងបង្កើតយន្តការពិនិត្យ និងសហការអនុវត្តក្របខ័ណ្ឌទំនាក់ទំនងថ្មី។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់រវាងប្រទេសទាំងពីរ ដោយឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលយុវជនទាំងកម្រិតក្លឹប និងក្រុមជម្រើសជាតិ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Lula da Silva ប្រធានាធិបតី បានចែករំលែកទស្សនៈលើបញ្ហាអន្តរជាតិមួយចំនួន និងឯកភាពគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ប្រសិទ្ធភាព លទ្ធិប្រជាធិបតេយ្យ និងតម្លាភាពនៃយន្តការអភិបាលកិច្ចសកល បន្តសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។

*នារសៀលថ្ងៃទី ២៨ ខែមិនា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម មានជំនួបជាមួយលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល។

លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រេស៊ីល។ រដ្ឋសភាវៀតណាមគាំទ្រការបង្កើត និងការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប្រេស៊ីល ជម្រុញឲ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែស៊ីជម្រៅ បំពេញតម្រូវការអភិវឌ្ឍន៍ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋសភាវៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយសភាប្រេស៊ីល ដើម្បីរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសហការយ៉ាងសកម្មនៅវេទិកាសភាពហុភាគីក្នុងតំបន់ និងអន្តរជាតិ ដែលប្រទេសទាំងពីរជាសមាជិក។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល

លោក Lula da Silva ប្រធានាធិបតី បានសម្តែងនូវសេចក្តីរីករាយចំណោះការអភិវឌ្ឍទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការរវាងសភាប្រេស៊ីល និងរដ្ឋសភាវៀតណាម តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងការបង្កើតក្រុមសមាជិកសភាមិត្តភាពទ្វេភាគីចំនួនពីរ ហើយសម្តែងនូវការជឿជាក់ថា ក្រុមសមាជិកសភាមិត្តភាពទាំងពីរនឹងបំពេញល្អតួនាទីជាស្ពានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងសភា និងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានាធិបតីប្រេស៊ីលក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាពិភពលោក ដោយសម្តែងនូវបំណងចង់ឲ្យសភានៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ បម្រើផលប្រយោជន៍ និងតម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកការពារពហុភាគីនិយមនៅវេទិកាសភាអន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនជំនួបកម្រិតខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ហើយឯកភាពបន្តលើកកំពស់តួនាទីនៃស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ត្រួតពិនិត្យនិងជម្រុញឲ្យរដ្ឋាភិបាល ក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ច អនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជួយគាំទ្រសហគមន៍ធុរកិច្ច ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ រស់នៅ សិក្សា វិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ៕

បកប្រែដោយ Thuy Anh