ប្រេស៊ីលគឺជាដៃគូសំខាន់នាំមុខគេរបស់វៀតណាមនៅអាមេរិកឡាទីន

ក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានអះអាងថា បក្សនិងរដ្ឋវៀតណាមចាត់ទុកប្រទេសប្រេស៊ីល ជាដៃគូសំខាន់នាំមុខគេក្នុងគោលនយោបាយការបរទេសរបស់វៀតណាមនៅអាមេរិកឡាទីន ហើយមានបំណងចង់អភិវឌ្ឍយ៉ាងស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលទើបតែត្រូបានប្រទេសទាំងពីរធើឱ្យល្អប្រសើរឡើង។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Luiz Inácio Lula da Silva ប្រធានាធិបតី

លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវការចាប់អារម្មណ៍ និងអបអរសាទរចំពោះសមិទ្ធផលដែលរដ្ឋាភិបាល និងប្រជាជនប្រេស៊ីលសម្រេចបាននាពេលកន្លងមកក្រោមការដឹកនាំរបស់លោក Lula da Silva ប្រធានាធិបតី និងគណបក្សពលករប្រេស៊ីល (PT)។ លោក To Lam អគ្គលេខាបក្ស បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោក Lula da Silva ប្រធានាធិបតី និងលោក Luong Cuong ប្រធានរដ្ឋ និងការដែលភាគីទាំងពីរចុះហត្ថលេខាលើផែនការសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប្រេស៊ីលដំណាក់កាល ២០២៥-២០៣០ រួមជាមួយនឹងឯកសារសហប្រតិបត្តិការលើវិស័យការបរទេស សន្តិសុខ ពាណិជ្ជកម្ម ឧស្សាហកម្ម និងរវាងសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ថាមពល និងការពារជាតិ ក៏ដូចជាសារៈសំខាន់នៃការបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងកីឡា តាមរយៈនោះ ពង្រឹងទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

លោក Lula da Silva សម្តែងនូវការចាប់អារម្មណ៍ និងអបអរសាទរចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមអំពីការអភិវឌ្ឍលើគ្រប់វិស័យនាពេលថ្មីៗនេះរបស់ប្រទេសជាតិ។ លោកប្រធានាធិបតីប្រេស៊ីលបានអះអាងថា វៀតណាមជាមិត្តជិតស្និទ្ធ និងដៃគូសំខាន់របស់ប្រេស៊ីលនៅអាស៊ី។ លោក Lula da Silva អះអាងថា ប្រេស៊ីលនឹងបន្តសហការជាមួយវៀតណាមក្នុងការអនុវត្តក្របខណ្ឌទំនាក់ទំនងថ្មី អនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ និងឯកសារសហប្រតិបត្តិការដែលចុះហត្ថលេខាក្នុងឱកាសនេះ។ លោក Lula da Silva ប្រធានាធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីបន្តផ្លាស់ប្តូរដើម្បីកំណត់ផលិតផល និងវិស័យសហប្រតិបត្តិការជាក់ស្ដែង ដែលមានផលប្រយោជន៍ទៅវិញទៅមក សមស្របទៅនឹងតម្រូវការរបស់ប្រទេសនីមួយៗ តាមរយៈនោះ ពង្រីកពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅការជម្រុញឲ្យទំហំពាណិជ្ជកម្មសម្រេចបាន ១៥ ពាន់លានដុល្លារនាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើទិសដៅសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទាំងទ្វេភាគី និងពហុភាគី ហើយសង្កត់ធ្ងន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបត្តិការដែលចុះហត្ថលេខាលើគ្រប់វិស័យ  ដើម្បីពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ បំពេញតាមការរំពឹងទុករបស់ភាគីទាំងពីរ។

ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងប្រេស៊ីលឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព

នាព្រឹកថ្ងៃទី ២៨ ខែមិនា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធាន Luong Cuong ប្រធានរដ្ឋ និងលោក Lula da Silva ប្រធានាធិបតីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរចូលរួមកិច្ចពិភាក្សា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

នៅក្នុងកិច្ចពិភាក្សានេះ លោក Luong Cuong ប្រធានរដ្ឋ និងលោក Lula da Silva ប្រធានាធិបតី បានជម្រាបជូនអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនីមួយៗ វាយតម្លៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក ហើយពិភាក្សាអំពីទិសដៅ និងវិធានការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប្រេស៊ីលឲ្យកាន់តែស៊ីជម្រៅ  និងមានប្រសិទ្ធភាព ព្រមទាំង ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍកាន់តែខ្លាំងឡើងនៃទំនាក់ទំនងទ្វេភាគី ហើយបញ្ជាក់ពីសារៈសំខាន់នៃការចុះហត្ថលេខា និងអនុវត្តផែនការសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប្រេស៊ីលដែលចុះហត្ថលេខាក្នុងឱកាសនេះ។ ភាគីទាំងពីរឯកភាពរក្សាការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងជំនួបកម្រិតខ្ពស់ អនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញទិសដៅ វិធានការ និងគោលដៅដែលព្រមព្រៀងគ្នា។

ភាគីទាំងពីរបានទទួលស្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្តរីកចម្រើន ដោយសម្រេចបានជិត ៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤។ ប្រេស៊ីលតែងតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅក្នុងតំបន់អាមេរិកឡាទីន ហើយវៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រេស៊ីលក្នុងអាស៊ាន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពដឹកនាំស្ថាប័នពាក់ព័ន្ធ បង្កើតលក្ខណៈងាយស្រួលសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពិភាក្សាអំពីលទ្ធភាពចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះរវាងវៀតណាម និង Mercosur។

ដោយបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានប្រៀបខ្លាំង និងមានការយកចិត្តទុកដាក់ដូចគ្នា រួមមាន៖ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ថាមពលស្អាត ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ កីឡា និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ល។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ចែករំលែកចក្ខុវិស័យអភិវឌ្ឍន៍ជាតិ គាំទ្រតម្លៃពហុភាគី កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួម និងលើកកំពស់តួនាទីនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងយន្តការអភិបាលកិច្ចសកល។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ វេទិកាពហុភាគី និងអន្តរតំបន់។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរបញ្ជាក់ពីការគាំទ្រ និងការពារជំហរដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

បន្ទាប់ពីកិច្ចពិភាក្សា លោក Lula da Silva ប្រធានាធិបតី និងលោក Luong Cuong ប្រធានារដ្ឋ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា និងប្រគល់ឯកសារសហប្រតិបត្តិការទ្វេភាគីនានា៕

បកប្រែដោយ Thuy Anh