លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំនៅវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី២៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Philipp Agathonos ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអូទ្រីស ក្នុងឱកាសដែលលោកមកបំពេញបេសកកម្មនៅវៀតណាម។
នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ពង្រឹងសកម្មភាពសហប្រតិបត្តិការ ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ទន្ទឹមនឹងនោះ លោកបានបង្ហាញជំនឿថា ការអនុម័តរបស់សភាអូទ្រីសលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ វៀតណាម-សហភាពអឺរ៉ុប (EVIPA) និងការដកកាតលឿង IUU របស់គណៈកម្មការអឺរ៉ុបសម្រាប់ជលផលវៀតណាម នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម-សហភាពអឺរ៉ុប (EU) និយាយរួម និងវៀតណាម-អូទ្រីសនិយាយដោយឡែក។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Philippo Agathonnos ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអូទ្រីសប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ជាមួយនឹងប្រៀបខ្លាំងរបស់ប្រទេសអូទ្រីសក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ភាគីទាំងពីរអាចកំណត់ថា នេះជាវិស័យសហប្រតិបត្តិការសក្តានុពលនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអូទ្រីសយកចិត្តទុកដាក់បង្កើនចំនួនអាហារូបករណ៍ដែលផ្តល់ដល់និស្សិត និងនិស្សិតថ្នាក់បណ្ឌិតវៀតណាមលើវិស័យដែលអូទ្រីសមានប្រៀបខ្លាំងដូចជាតន្ត្រី វប្បធម៌ និងទេសចរណ៍។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីររៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ដល់សាធារណៈជនទាំងសងខាង ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
រីឯលោកឯកអគ្គរដ្ឋទូត Philipp Agathonos បានសម្តែងនូវកិត្តិយសដែលបានទទួលភារកិច្ចថ្មីនេះ ហើយមានការចាប់អារម្មណ៍ដែលបានឃើញពីសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់។ ដោយអះអាងថា វៀតណាមជាដៃគូសំខាន់របស់អូទ្រីសនៅអាស៊ីអាគ្នេយ៍ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវការប្តេជ្ញាចិត្ត និងសន្យាខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូត Philipp Agathonos បានឲ្យដឹងថា ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណី ស្ថានទូតអូទ្រីសនឹងសម្របសម្រួលជាមួយដៃគូវៀតណាម ដើម្បីស្វែងរកវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការដែលមានសក្ដានុពលជាច្រើន ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល សន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក៕
បកប្រែដោយ Huyen Trang