ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអាស៊ែបៃហ្សង់
កប.អនឡាញ - នារសៀលថ្ងៃទី ២៤ ខែមីនា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Kamran Bayram Aliyev អគ្គរដ្ឋអាជ្ញានៃអយ្យការកំពូលអាស៊ែបៃហ្សង់ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួប លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ដែលរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអាស៊ែបៃហ្សង់ និយាយរួម និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរនិយាយដោយឡែក។
    |
 |
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោក Kamran Bayram Aliyev អគ្គរដ្ឋអាជ្ញានៃអយ្យការកំពូលអាស៊ែបៃហ្សង់ |
ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអយ្យការនៃប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព លោកប្រធានរដ្ឋ Luong Cuong បានស្នើឱ្យភាគីទាំងពីរផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាប្រចាំ ដើម្បីពង្រឹងចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក លោកប្រធានរដ្ឋ Luong Cuong មានបំណងថា ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការបណ្តុះបណ្តាល បំប៉នកម្មាភិបាល និងរដ្ឋអាជ្ញា ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសហប្រតិបត្តិការអន្តរជាតិពហុភាគី ដែលប្រទេសទាំងពីរជាសមាជិក។
ដោយយល់ស្របនឹងមតិយោបល់របស់លោកប្រធានរដ្ឋវៀតណាម លោក Kamran Bayram Aliyev អគ្គរដ្ឋអាជ្ញានៃអយ្យការកំពូលអាស៊ែបៃហ្សង់ បានជម្រាបជូនលោកប្រធានរដ្ឋ Luong Cuong អំពីលទ្ធផលនៃជំនួបធ្វើការជាមួយអយ្យការប្រជាជនកំពូលវៀតណាម។ លោកបានឲ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ហើយនេះនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងអយ្យការទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងថែមទៀត៕
បកប្រែដោយ Thanh Cong