លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
កប.អនឡាញ - ថ្ងៃនេះ (ថ្ងៃទី២៥ ខែមីនា) លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ។
អមដំណើរលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ Loo Tze Lui មានលោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេស; លោក Tan See Leng រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងជារដ្ឋមន្ត្រីទី២ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម; លោកស្រី Rahayu Binte Mahzam រដ្ឋលេខាធិការសុខាភិបាល រដ្ឋលេខាធិការសម្រាប់ការអភិវឌ្ឍឌីជីថល និងព័ត៌មាន; លោក Albert Chua អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស; លោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម; លោក Pang Te Cheng អគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅទីក្រុងហូជីមិញ។
    |
 |
លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី |
លោក Lawrence Wong នាយករដ្ឋមន្ត្រី កើតនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៧២។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណៈនៅសាលា Harvard Kennedy (សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក)។
ក្នុងនាមជានាយករដ្ឋមន្ត្រីក្មេងជាងគេក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសសិង្ហបុរី លោក Lawrence Wong ត្រូវបានវាយតម្លៃជាមេដឹកនាំមានចក្ខុវិស័យជាយុទ្ធសាស្ត្រ និងស្វាហាប់។ នៅក្នុងសុន្ទរកថាទទួលតំណែង លោក Lawrence Wong បានកំណត់អាទិភាពអភិវឌ្ឍន៍ដូចជា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការធ្វើបរិវត្តកម្មឌីជីថល និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃប្រទេសជាតិ។ លោកសន្យារក្សាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង ការវិនិយោគលើវិស័យអប់រំ នវានុវត្តន៍ រក្សាសាមគ្គីភាពក្នុងសង្គម និងអត្តសញ្ញាណសិង្ហបុរី។ លោកយកចិត្តទុកដាក់ជាពិសេសលើការត្រៀមរៀបចំសម្រាប់មនុស្សជំនាន់ក្រោយ លើកទឹកចិត្តការធ្វើអាជីវកម្ម និងការកសាងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍនៃការចាប់ផ្តើមអាជីវកម្ម ព្រមទាំងក៏ប្តេជ្ញាបង្កើតឱកាសស្មើគ្នា និងជួយគាំទ្រក្រុមជនងាយរងគ្រោះនៅក្នុងសង្គមផងដែរ៕
បកប្រែដោយ Thuy Anh