វៀតណាមទទួលតំណែងជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុង Buenos Aires
កប.អនឡាញ - នាថ្ងៃទី ១៩ មិនា តាមម៉ោងក្នុងស្រុក លោកស្រី Ngo Minh Nguyet ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន ក្នុងតួនាទីជាប្រធានប្តូរវេននៃគណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Buenos Aires បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំប្រចាំ លើកទី ៤២ នៅស្ថានទូតវៀតណាម។
ឯកអគ្គរដ្ឋទូតវៀតណាម Ngo Minh Nguyet រួមជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី Sulaiman Syarif ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Nur Azman ឯកអគ្គរដ្ឋទូតហ្វីលីពីន Grace T. Cruz-Fabella និងឯកអគ្គរដ្ឋទូតថៃ Krit Tankanarat បានពិភាក្សាអំពីផែនការអនុវត្តក្នុងប៉ុន្មានខែខាងមុខ ដើម្បីផ្សព្វផ្សាយអំពីរូបភាព និងតួនាទី របស់បណ្តាប្រទេសអាស៊ាននៅអាហ្សង់ទីន និងក្នុងតំបន់។
បណ្តាឯកអគ្គរដ្ឋទូតអាស៊ានបានឯកភាពតាមសំណើរបស់វៀតណាម ជំរុញធ្វើការជាមួយស្ថាប័នអាជ្ញាធរ និងសហគមន៍ធុរកិច្ច ដើម្បីជម្រុញការតភ្ជាប់ ពង្រីក និងលើកកំពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយ។
ក្រៅពីរៀបចំសកម្មភាពផ្លូវការរបស់អាស៊ាន ដូចជាព្រឹត្តិការណ៍អាស៊ាននៅរដ្ឋសភាអាហ្សង់ទីន ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន ក៏នឹងរៀបចំសកម្មភាពផ្លាស់ប្តូរដូចជា ទិវាគ្រួសារអាស៊ាន ការប្រកួតកីឡា ការធ្វើម្ហូប និងការផ្លាស់ប្តូរវប្បធម៌រវាងទីភ្នាក់ងារតំណាងអាស៊ាននៅទីក្រុង Buenos Aires ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ស្មារតីប្រពៃណីនៃសាមគ្គីភាពក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍។
បកប្រែដោយ Thanh Cong