ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង
កប.អនឡាញ - នារសៀលថ្ងៃទី១៨ ខែមីនា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Cho Tae Yul រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានអះអាងថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ហើយមានបំណងចង់សហការជាមួយកូរ៉េខាងត្បូងក្នុងការជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យវៀតណាម - កូរ៉េខាងត្បូងនាពេលខាងមុខ។
    |
 |
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
លោក Bui Thanh Son បានស្នើថា ភាគីទាំងពីរបន្តលើកកម្ពស់ទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីដើម្បីសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន ១០០ ពាន់លានដុល្លារនាពេលខាងមុខ ហើយលើកទឹកចិត្តធុរកិច្ចកូរ៉េខាងត្បូងមកបណ្តាក់ទុន និងបង្កើនទំហំវិនិយោគនៅវៀតណាម លើវិស័យដែលកូរ៉េខាងត្បូងមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។
លោក Cho Tae Yul បានឯកភាពចំពោះការតម្រង់ទិសសំខាន់ៗរបស់លោក Bui Thanh Son សម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់កូរ៉េខាងត្បូងក្នុងតំបន់ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងកិច្ចសន្ទនាប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរស្ដីពីការពិនិត្យការអនុវត្តកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ដែលចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣៕
បកប្រែដោយ Thuy Anh