ក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃទិវាបង្កើតកងជីវពលស្វ័យការពារ (ថ្ងៃទី២៨ មីនា ឆ្នាំ១៩៣៥ / ថ្ងៃទី២៨ មីនា ឆ្នាំ២០២៥) អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនបានជួបសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ Pham Quang Ngan ប្រធានស្នងការនៃស្នងការដ្ឋានកងជីវពលស្វ័យការពារ អំពីតួនាទី និងការរួមចំណែកដ៏សំខាន់ ក៏ដូចជាទិសដៅនៃការកសាងកងជីវពលស្វ័យការពារក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Quang Ngan ប្រធានស្នងការនៃស្នងការដ្ឋានកងជីវពលស្វ័យការពារ

អ្នកយកព័ត៌មាន៖ តើប្រពៃណី និងសមិទ្ធផលលេចធ្លោយ៉ាងសង្ខេបរបស់កងជីវពលស្វ័យការពារ គឺដូចម៉្តេចទៅលោកប្រធាន?

លោកឧត្តមសេនីយ៍ទោ Pham Quang Ngan៖ កងជីវពលស្វ័យការពារមានប្រវតិ្តសាស្រ្តដ៏យូរលង់មកហើយ ដែលភ្ជាប់ទៅនឹងបណ្តាសម័យសង្គ្រាមតស៊ូដើម្បីការពារមាតុភូមិ។ បន្ទាប់ពីរយៈពេល ៩០ ឆ្នាំនៃការកសាង ការប្រយុទ្ធ និងរីកធំធាត់នោះ កងជីវពលស្វ័យការពារដែលកាលពីដំបូងផ្តើមចេញពីអង្គការប្រដាប់អាវុធមហាជន ស្ថិតក្រោមការដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម បានប្រែខ្លួនក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម។ ក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ចក្រពត្តិនិយមអាមេរិក និងសង្រ្គាមដើម្បីការពារមាតុភូមិ កងជីវពលស្វ័យការពារបានរួមជាមួយនិងកម្លាំងកងទ័ពស្រួច និងកងទ័ពមូលដ្ឋានបង្កើតឡើងប្រៀបសង្រ្គាមប្រជាជនយ៉ាងទូលំទូលាយ ធ្វើឱ្យសត្រូវជួបប្រទះនឹងកម្លាំងតស៊ូរបស់ប្រជាជនវៀតណាមមិនថានៅទីណាក្តីទូទាំងប្រទេសទេ។

កងជីវពលស្វ័យការពារក៏ជាកម្លាំងដ៏ធំមួយដែលចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់រាល់អំពើអាក្រក់ កំចាត់សត្រូវ និងវាយប្រហារលើមូលដ្ឋានទ័ពខាងក្រោយរបស់សត្រូវ។ នៅលើសមរភូមិជួរមុខ កងជីវពលស្វ័យការពារបានចូលរួមយ៉ាងសកម្មក្នុងការបម្រើកងទ័ពស្រួច សម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយកងកម្លាំងផ្សេងទៀត ដើរតួជាស្នូលក្នុងការបំផុសចលនាប្រជាជនទាំងមូលដើម្បីប្រយុទ្ធជាមួយសត្រូវនៅតាមមូលដ្ឋាន គាំទ្រជួយជ្រោមជ្រែងប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ ហើយទន្ទឹមនឹងនោះ ដើរតួជាកម្លាំងបម្រុងដ៏ធំមួយដើម្បីបំពេញបន្ថែមកម្លាំងសម្រាប់កងទ័ពស្រួចនៅពេលចាំបាច់។

នៅលើសមរភូមិផលិតកម្ម កងជីវពលស្វ័យការពារបានអនុវត្តភារកិច្ចតាមបាវចនាថា "ភ្ជួររាស់ស្រែដៃមួយ កាំភ្លើងដៃមួយ" ឬ "ញញួរដៃមួយ កាំភ្លើងដៃមួយ" ធ្វើការផលិតកម្ម និងត្រៀមប្រយុទ្ធក្នុងពេលតែមួយ។ ព្រមទាំងកងជីវពលស្វ័យការពារក៏ធ្វើជាគំរូល្អឈានមុខគេមួយក្នុងការងារផលិតកម្ម និងការពារផលិតកម្ម រួមជាមួយកម្លាំងនគរបាលដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងមូលដ្ឋាន ការពារមាតុភូមិ ការពារបក្ស អាជ្ញាធរដែនដី ទ្រព្យសម្បត្តិរដ្ឋ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

អ្នកយកព័ត៌មាន៖ សូមលោកឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តើកងជីវពលស្វ័យការពារត្រូវបានកសាង អភិវឌ្ឍ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពយ៉ាងដូចម្តេច?

លោកឧត្តមសេនីយ៍ទោ Pham Quang Ngan៖ ក្នុងដំណើរការផ្លាស់ប្តូរប្រទេសជាតិ កងជីវពលស្វ័យការពារ បន្តលើកតម្កើងវីរភាពបដិវត្តន៍ សាមគ្គីភាព សកម្ម ពុះពារជំនះរាល់ការលំបាក សិក្សារៀនសូត្រ ធ្វើការប្រកបដោយភាពច្នៃប្រឌិត បំពេញភារកិច្ចបានល្អ ដែលក្នុងនោះមានកិច្ចការជាច្រើនបានបញ្ចប់យ៉ាងល្អប្រសើរ។

ក្នុងរយៈពេលកន្លងមក ស្នងការដ្ឋានកងជីវពលស្វ័យការពារបានដឹកនាំ និងសម្របសម្រួលជាមួយស្ថាប័ននានាផ្តល់ប្រឹក្សាជូនអគ្គសេនាធិការដ្ឋាន ក្រសួងការពារប្រទេស និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ធ្វើរបាយការណ៍ជូនបក្ស និងរដ្ឋ ដើម្បីពិនិត្យពិចារណាប្រកាសចេញសេចក្តីសម្រេច សេចក្តីណែនាំ និងប្រព័ន្ធឯកសារច្បាប់ស្តីពីការងារយោធា ការងារការពារជាតិតាមមូលដ្ឋាននិយាយរួម និងការងារកងជីវពលស្វ័យការពារនិយាយដោយឡែក ឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នា និងសមស្របទៅនឹងស្ថានភាពជាក់ស្តែង។

កងជីវពលស្វ័យការពារ បានសម្របសម្រួលជាមួយកម្លាំងមូលដ្ឋាននានាដើម្បីល្បាត និងការពារសុវត្ថិភាពនូវរាល់គោលដៅ ធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យជាតិធំៗ និងព្រឹត្តិការណ៍នយោបាយសំខាន់ៗ។ ហើយទន្ទឹមនិងនោះ កងជីវពលស្វ័យការពារក៏ជាកម្លាំងស្នូលនៅនឹងកន្លែងដើរតួនីទីឈានមុខគេក្នុងការការពារប្រយុទ្ធប្រឆាំង និងជំនះផលវិបាកបណ្តាលពីគ្រោះធម្មជាតិ ការរាតត្បាតរោគអាសន្ន ការជួយសង្គ្រោះគ្រោះមហន្តរាយ ការការពារព្រៃឈើ ការផ្សព្វផ្សាយយ៉ាងសកម្ម ការចលនាប្រជាជនឱ្យអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ និងច្បាប់របស់រដ្ឋជាដើម។

លើសពីនេះទៅទៀត កងជីវពលស្វ័យការពារក៏បានយល់ជ្រាប អនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពលើការទូតការពារជាតិ និងការទូតរវាងប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសដែលមកសិក្សា និងផ្លាស់ប្តូរព័ត៌មានអំពីការងារកងជីវពលស្វ័យការពារ ការងារការពារជាតិនៅមូលដ្ឋាន និងអប់រំអំពីការការពារជាតិរបស់វៀតណាម រួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពអន្តរជាតិ និងលើកកម្ពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

leftcenterrightdel
កងជីវពលស្វ័យការពារខេត្ត Kien Giang យល់ជ្រាបភារកិច្ចរបស់ខ្លួនមុននឹងចេញដំណើរទៅបំពេញបេសកកម្មនៅលើសមុទ្រ

អ្នកយកព័ត៌មាន៖ សូមលោកឱ្យដឹងថា នាពេលខាងមុខនេះ តើយើងគួរធ្វើអ្វីដើម្បីបន្តលើកកម្ពស់តួនាទីរបស់កងជីវពលស្វ័យការពារ?

លោកឧត្តមសេនីយ៍ទោ Pham Quang Ngan៖ ដើម្បីឲ្យកងជីវពលស្វ័យការពារកាន់តែរឹងមាំ បំពេញមុខងារ និងភារកិច្ចដែលបានប្រគល់ជូនបានល្អ និងសក្តិសមជាទីទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន យើងត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានល្អប្រសើរនូវខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

ទី១ បន្តស្វែងយល់ឱ្យបានស៊ីជម្រៅ និងអនុវត្តយ៉ាងហ្មត់ចត់នូវសេចក្តីណែនាំ និងសេចក្តីសម្រេចចិត្តរបស់បក្ស ច្បាប់របស់រដ្ឋស្តីពីការពង្រឹង ការដឹកនាំរបស់បក្សលើកងជីវពលស្វ័យការពារក្នុងស្ថានភាពថ្មី ។

ទី២ ពង្រឹងការដឹកនាំរបស់គណៈកម្មាធិការបក្ស ការណែនាំ គ្រប់គ្រង និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន ប្រធានស្ថាប័ន អង្គការនានា និងការចូលរួមពីរាល់ស្ថាប័នក្នុងការងារនៃកងជីវពលស្វ័យការពារ។ ផ្តោតលើការដឹកនាំ និងណែនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងស្តីពីការរៀបចំកងកម្លាំង ការហ្វឹកហ្វឺន ការប្រតិបត្តិ ការធានារបប និងគោលនយោបាយសម្រាប់កងជីវពលស្វ័យការពារ។

ទី៣ ពង្រឹងអង្គភាព លើកកម្ពស់ការផ្លាស់ថ្មីជាប្រចាំ និងកែលម្អគុណភាពនៃការបណ្តុះបណ្តាលហ្វឹកហ្វឺនយោធា និងការអប់រំផ្នែកនយោបាយ និងច្បាប់សម្រាប់កងជីវពលស្វ័យការពារ។ រៀបចំការបណ្តុះបណ្តាល ហ្វឹកហ្វឺនឱ្យកងជីវពលស្វ័យការពារស្របតាមតម្រូវការនៃបេសកកម្ម រៀបចំក្របខ័ណ្ឌបុគ្គលិក បរិក្ខារ និងប្រតិបត្តិការស្របតាមលក្ខខណ្ឌជាក់ស្តែងនៃមូលដ្ឋាននីមួយៗ។

ទី៤ ផ្តោតលើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពសម្របសម្រួលរវាងកងជីវពលស្វ័យការពារ ជាមួយនិងកងកម្លាំងដទៃទៀត។ អនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិក្នុងការសម្របសម្រួល ការចាប់យកស្ថានការណ៍ ការការពារព្រំដែន ដែនសមុទ្រ និងកោះ ការពារសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅថ្នាក់មូលដ្ឋាន។

ទី៥ ការកសាងកងជីវពលស្វ័យការពារត្រូវផ្សារភ្ជាប់ជាមួយការកសាងមូលដ្ឋានរឹងមាំ។ ផ្សារភ្ជាប់ការកសាងកងជីវពលស្វ័យការពារជាមួយនឹងការកសាងប្រព័ន្ធនយោបាយ សំដៅពង្រឹង និងលើកកំពស់គុណភាពនៃអង្គភាពបក្ស អាជ្ញាធរដែនដី អង្គការនយោបាយសង្គម និងអង្គការមហាជននៅថ្នាក់មូលដ្ឋាន។ ផ្សារភ្ជាប់ការកសាងខឿនការពារជាតិ ប្រៀបការពារជាតិដោយប្រជាជនទាំងមូលជាមួយនិងសណ្តាប់ធ្នាប់សន្តិសុខសង្គម។ល។ អាស្រ័យហេតុនេះ បន្តរក្សាកិត្យានុភាពរបស់កងជីវពលស្វ័យការពារក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មី។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung