បង្កើនការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ
កប.អនឡាញ - កាលពីថ្ងៃទី ២៧ ខែមីនា ស្ថាប័នជាតិវៀតណាមស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំកិច្ចប្រជុំបូកសរុបជាបឋមលទ្ធផលនៃការអនុវត្តអនុក្រឹត្យលេខ ៨១/២០១៩/ND-CP របស់រដ្ឋាភិបាលស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ ដំណាក់កាល ២០១៩-២០២៤។
លោកឧត្តមសេនីយ៍ឯក Vo Minh Luong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានស្ថាប័នជាតិវៀតណាមស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ (ហៅកាត់ថាស្ថាប័នជាតិ) បានធ្វើជាអធិបតីកិច្ចប្រជុំ។
    |
 |
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសដល់អង្គភាពនានាដែលទទួលបានលទ្ធផលល្អក្នុងការអនុវត្តអនុក្រឹត្យលេខ ៨១/២០១៩/ND-CP ដំណាក់កាល ២០១៩-២០២៤ |
ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានវាយតម្លៃថា នាពេលកន្លងមកនេះ ការយល់ដឹងរបស់បុគ្គល និងអង្គការស្ដីពីការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានលើកកម្ពស់ ជាពិសេសក្នុងសកម្មភាពការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការផ្ដល់ជំនួយសម្រាប់ការរីកសាយភាយអាវុធមហាប្រល័យ។ ការបន្តកសាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យទទួលបានការយកចិត្តទុកកាន់តែខ្លាំងឡើង។ ការផ្លាស់ប្តូរ ការផ្តល់ព័ត៌មាន និងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ ក៏ដូចជាការអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានបង្កើនយ៉ាងខ្លាំងក្លា។
នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានស្នើឲ្យកងឯកភាពទ័ពគីមីសាស្ត្រ ដែលជាស្ថាប័នអចិន្ត្រៃយ៍នៃស្ថាប័នជាតិ (ស្ថាប័នអចិន្ត្រៃយ៍លេខ៨១) បន្តសហការជាមួយស្ថាប័ន និងអង្គភាពដែលជាសមាជិកនៃស្ថាប័នជាតិ និងស្ថាប័ននៃបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តបំពេញសំណុំឯកសារ និងដាក់ជូនដល់ក្រសួងការពារប្រទេស ដើម្បីរាយការណ៍ជូនរដ្ឋាភិបាល ស្តីពីការដាក់ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យចូលក្នុងកម្មវិធីកសាងច្បាប់នៃរដ្ឋសភានីតិកាលទី១៦ និងបន្តអនុវត្តអនុក្រឹត្យលេខ ៨១/២០១៩/ND-CP តាមផែនការរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ ស្ថាប័ន ក្រសួង និងអង្គភាពពាក់ព័ន្ធ បន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអចិន្ត្រៃយ៍លេខ៨១ ក្រសួងការពារប្រទេស ក្នុងការកសាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ...៕
បកប្រែដោយ Thuy Anh