ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួម និងមានអនុសាសន៍សំខាន់ៗក្នុងកម្មវិធីនេះ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលរួម និងមានអនុសាសន៍សំខាន់ៗក្នុងកម្មវិធី |
ទទួលស្គាល់ និងលើកសរសើរយុវជនឆ្នើមបានទាន់ពេលវេលា
តំណាងនៃគណៈកម្មាធិការរៀបចំកម្មវិធីផ្តល់កិត្តិយសដល់យុវជនឆ្នើមក្នុងជួរកងទ័ពទាំងមូលបានឱ្យដឹងថា យុវជនដែលទទួលបានកិត្តិយសលើកនេះគឺបានឆ្លងកាត់ការសម្រិតសម្រាំង និងទទួលបានការសរសើរផ្តល់កិត្តិយសជារៀងរាល់ឆ្នាំ។ នេះគឺជារង្វាន់ដ៏ថ្លៃថ្នូ ប្រគល់ជូនកម្មាភិបាល យុវជនដែលមានស្នាដៃឆ្នើមក្នុងវិស័យដូចជា៖ ការបណ្តុះបណ្តាល ការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធជាស្រេច ការសិក្សា ការស្រាវជ្រាវវិទ្យាសាស្ត្រ ការធ្វើពលកម្ម ផលិតកម្ម និងការងារអាជីវកម្ម វប្បធម៌ អក្សរសាស្ត្រ សិល្បៈ សារព័ត៌មាន ការអប់រំ កីឡា... និងវិស័យផ្សេងៗទៀតនៅក្នុងកងទ័ព។
កម្មវិធីផ្តល់កិត្តិយសនេះមានគោលបំណងទទួលស្គាល់ លើកទឹកចិត្ត លើកសរសើរ និងផ្តល់កិត្តិយសដល់យុវជនជាគំរូល្អនៃកងទ័ពទាំងមូល។ ផ្តើមពីនោះ បង្កើតកម្លាំងចិត្តដល់យុវជនឱ្យខិតខំឥតឈប់ឈរ លើកស្ទួយសមត្ថភាព សិក្សាយ៉ាងសកម្ម និងធ្វើត្រាប់តាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ លើកកម្ពស់គុណសម្បត្ដិដ៏ថ្លៃថ្នូរបស់កងទ័ពអ៊ំហូ ក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនោះ ការផ្តល់កិត្តិយសនេះក៏ជួយលើកស្ទួយគំនិតច្នៃប្រឌិតក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ រួមចំណែកក្នុងការកសាងអង្គភាពឱ្យកាន់តែរឹងមាំ និងក្លាយជាអង្គភាព "គំរូ" ស្អាតស្អំ។
តាមរយៈដំណើរការបោះឆ្នោតយ៉ាងហ្មត់ចត់ ក្រុមប្រឹក្សាក្រសួងការពារប្រទេសជ្រើសរើសបាន ១០ នាក់ជាគំរូឆ្នើម និង ៦០ នាក់ជាគំរូក្មេងមានសក្តានុពលលេចធ្លោជាងគេ យុវជនទាំងនេះតំណាងឱ្យយុវជនរាប់សែននាក់ទូទាំងកងទ័ពក្នុងគ្រប់វិស័យនៃការងាររបស់កងទ័ព។
អញ្ជើញចូលរួមកម្មវិធីនេះ បន្ទាប់ពីស្តាប់របាយការណ៍របស់យុវជនឆ្នើមៗ និងបានមើលឃើញនូវការតាំងចិត្តយ៉ាងមោះមុតរបស់យុវជន លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងក្តីរំភើប និងរីករាយយ៉ាងខ្លាំងនៅពេលដឹងថា ឆ្នាំ ២០២៤ ការងាររបស់សហភាពយុវជន និងចលនាយុវជនកងទ័ពត្រូវបានធ្វើសកម្មភាពយ៉ាងទូលំទូលាយ ជាមួយរបៀបវារៈការងារលើគ្រប់វិស័យប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពខ្ពស់។ អាស្រ័យហេតុនេះ បានលើកស្ទួយយ៉ាងល្អនូវតួនាទីត្រួសត្រាយផ្លូវរបស់យុវជនកងទ័ពលើគ្រប់វិស័យការងារ ជាពិសេសការងារក្នុងវិស័យថ្មីៗ ការងារពិបាក ការងារមានសារៈសំខាន់ជាដើម នាំឱ្យយុវជនសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើនដើម្បីអបអរសាទរជូនបណ្តាទិវាបុណ្យជាតិ និងទិវារំលឹកសំខាន់ៗរបស់កងទ័ព។
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានសេចក្តីសោមនស្សរីករាយដោយមើលឃើញថា ផ្តើមពីរាល់សកម្មភាពជាក់ស្តែងរបស់យុវជននោះ បានមានគំរូល្អ អំពើល្អជាច្រើនរំលេចចេញឡើង ដែលគំរូទាំងនេះមានឥទ្ធិពលខ្ពស់គួរឲ្យកោតសរសើរណាស់។ យុវជនជាគំរូល្អក្នុងជួរកងទ័ពជាច្រើនមិនខ្លាចរាថយចំពោះការលំបាកទាំងឡាយទេ ពោលគឺហ៊ានលះបង់គ្រប់យ៉ាងដើម្បីមានវត្តមាននៅជួរមុខត្រួសត្រាយផ្លូវមិនថាវានៅទីណា មិនថាជួបប្រទះការលំបាកយ៉ាងណាដើម្បីការពារប្រទេស ការពារប្រជាជន ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងជួយប្រជាជនជំនះផលវិបាកនៃគ្រោះធម្មជាតិ។ល។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបសំណេះសំណាលជាមួយយុវជនឆ្នើមនៃកងទ័ព |
បន្តសកម្ម ត្រួសត្រាយផ្លូវ និងរៀនសូត្រ លត់ដំដោយឥតឈប់ឈរ
ដោយមើលឃើញពីសារៈសំខាន់ពិសេសនៃឆ្នាំ២០២៥ ដែលជាឆ្នាំនឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើននៃប្រទេស និងកងទ័ព លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមានអនុសាសន៍ថា ការងាររបស់សម្ព័ន្ធយុវជន និងចលនាយុវជនកងទ័ពត្រូវតែមានជំហានអភិវឌ្ឍថ្មី រឹងមាំ ទម្លាយភាពទាល់ច្រក និងមានគំនិតច្នៃប្រឌិត ដើម្បីលើកកំពស់កម្លាំង និងតួនាទីដ៏សំខាន់របស់យុវជន រួមចំណែកដល់ជ័យជំនះរួមរបស់ប្រទេសជាតិនិយាយរួម និងកងទ័ពនិយាយដោយឡែក។ លោកនាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា ជាបឋមយុវជននៃកងទ័ពទាំងមូលត្រូវតែសិក្សារៀនសូត្រលត់ដំ និងលើកកំពស់គុណសម្បតិ្តបដិវត្តន៍ និងសីលធម៌របស់ខ្លួនជានិច្ច ស្មោះត្រង់ចំពោះបក្ស មាតុភូមិ និងប្រជាជនជាដាច់ខាត។ ទន្ទឹមនោះយុវជនគប្បីតែមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតួនាទី កិត្តិយស និងទំនួលខុសត្រូវផ្ទាល់ខ្លួនក្នុងបុព្វហេតុកសាងកងទ័ពបដិវត្តន៍ មានវិន័យ មានរបៀបរៀបរយ និងទំនើប កសាងមាតុភូមិ និងប្រទេសឱ្យមានការអភិវឌ្ឍ រីកចម្រើន និងស្រស់ស្អាត។
លើសពីនេះទៅទៀត លោកនាយឧត្តមសេនីយ៍ Phan Van Giang ក៏រំលឹកដាស់តឿនថា យុវជនចាំបាច់ត្រូវតែសិក្សាស្រាវជ្រាវយ៉ាងសកម្ម ស្រលាញ់វិជ្ជាជីវៈ និងត្រៀមខ្លួនទទួលយកភារកិច្ច និងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗជានិច្ច ជំនះពុះពារលើគ្រប់ការលំបាក ហ៊ានលះបង់ មានភាពស្វាហាប់ ភាពច្នៃប្រឌិត និងមានមហិច្ឆិតាមោះមុតក្នុងស្មារតី "ទំនុកចិត្ត ខ្លួនទីពឹងខ្លួន មោទនភាពប្រទេសជាតិ"។ យុវជនរបស់កងទ័ពត្រូវតែនាំមុខក្នុងការអនុវត្តដំណោះស្រាយនៅគ្រប់កម្រិតក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល សិក្សាយ៉ាងសកម្ម ស្រាវជ្រាវវិទ្យាសាស្ត្រ និងអនុវត្តសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការងារយោធា ជំនាញប្រើប្រាស់អាវុធទំនើប។ល។
    |
 |
តំណាងយុវជនកងទ័ពអញ្ជើញចូលរួមកម្មវិធី |
ចំពោះយុវជនឆ្នើមទាំង ៧០ នាក់ដែលទទួលបានការផ្តល់កិត្តិយសក្នុងកម្មវិធីថ្ងៃនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានផ្តល់ដំបូន្មានថា បុគ្គលម្នាក់ៗត្រូវតែយល់ឃើញយ៉ាងច្បាស់ពីកិត្តិយស និងការទទួលខុសត្រូវរៀងៗខ្លួនចំពោះប្រទេសជាតិ មានអាកប្បកិរិយាសុភាពសមរម្យ មានចិត្តធម៌ បន្តបង្កើតឱ្យខ្លួនឯងមានមហិច្ឆតាជាមួយនឹងគោលដៅធំជាង តែងតែរក្សាតួនាទីស្នូល ត្រួសត្រាយក្នុងរាល់ចលនាបដិវត្តន៍របស់យុវជន ឈានមុខគេក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល រួមចំណែកដល់ការសម្រេចបានភារកិច្ចនយោបាយរបស់អង្គភាព។
ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់យុវជននៃកងទ័ពទាំងមូលឱ្យមានលទ្ធភាពពង្រីកចំណេះដឹង លំនឹងចិត្ត និងជឿជាក់លើខ្លួនឯងហ៊ានឈានទៅមុខនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យគណៈកម្មាធិការបក្ស មេបញ្ជាការ និងស្ថាប័ននយោបាយគ្រប់លំដាប់ថ្នាក់ បន្តយល់ជ្រាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តលេខ ២៥-NQ/TW របស់គណៈកម្មាធិការមជ្ឈិមបក្ស ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីភាពជាអ្នកដឹកនាំរបស់បក្សលើការងារយុវជនក្នុងដំណាក់កាលពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្ម”។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ស្នើឱ្យអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់គប្បីតែផ្តោតលើការដឹកនាំ ណែនាំ និងចាត់តាំងការអនុវត្តរាល់ចលនាបដិវត្តន៍របស់យុវជនឱ្យស្របតាមបាវចនា “ទូលំទូលាយ ជាក់ស្តែង ប្រសិទ្ធភាព ជៀសវាងការធ្វើល្អតែសំបកក្រៅ ផ្សារភ្ជាប់ការផ្លាស់ប្តូរជាមួយនឹងការងារយុវជន” ធានាថា ការងាររបស់យុវជន និងចលនាយុវជនក្នុងជួរកងទ័ពពិតជាបរិយាកាសដ៏ល្អបង្កើតកម្លាំងចិត្តសម្រាប់យុវជនខិតខំប្រឹងប្រែងលត់ដំ រៀនសូត្រ អភិវឌ្ឍខ្លួនឯង។
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់យ៉ាងមោះមុតថា ដោយមានប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម ដោយមានការយកចិត្តទុកដាក់ ការដឹកនាំ និងការណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងគ្រប់ស្ថាប័ន អង្គភាពនៃកងទ័ពប្រជាជនវៀតណាម និងដោយមានការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈដ៏មុតមាំក្នុងការក្រោកឡើងខ្លាំងខ្លា រួមជាមួយនឹងសក្ដានុពល ឧត្តមភាព និងសេចក្តីប្រាថ្នាក្នុងការរួមចំណែកកសាងប្រទេសជាតិនោះ យុវជននៃកងទ័ពនឹងខិតខំអស់ពីសមត្ថភាព មានការផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរ សម្រេចបានសមិទ្ធផលលេចធ្លោថ្មីៗជាច្រើន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ រួមជាមួយនឹងយុវជន និងប្រជាជនទូទាំងប្រទេសនាំប្រទេសជាតិយើងឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ឆ្ពោះទៅកាន់សម័យកាលថ្មីដ៏រឹងមាំ៕
បកប្រែដោយ Minh Trung