វិទ្យាស្ថានការពារជាតិរៀបចំពិធីបិទវគ្គបំប៉នចំណេះដឹងផ្នែកការពារជាតិ និងសន្តិសុខជំនាន់ទី ៩៩
កប.អនឡាញ - នាព្រឹកថ្ងៃទី២៨ ខែមីនា វិទ្យាស្ថានការពារជាតិ បានរៀបចំពិធីបិទវគ្គបំប៉នចំណេះដឹងផ្នែកការពារជាតិ និងសន្តិសុខជំនាន់ទី៩៩ និងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីថ្នាក់មេបញ្ជាការ-សេនាធិការយុទ្ធនាការ និងយុទ្ធសាស្ត្រជូនសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទជំនាន់ទី ២១ និងកងទ័ពប្រជាជនឡាវជំនាន់ទី៧។
លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Tran Viet Khoa សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នាយកវិទ្យាស្ថានការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីនេះ។
ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Tran Viet Khoa បានឲ្យដឹងថា៖ វគ្គបំប៉នសម្រេចបានគោលដៅ និងតម្រូវការដែលបានកំណត់។ អត្រានៃការបញ្ចប់ការសិក្សាបំពេញបានតម្រូវការ ពោលគឺសម្រេចបាន ១០០%។
ជាក់ស្តែង សិក្ខាកាមនៃវគ្គបំប៉នចំណេះដឹងផ្នែកការពារជាតិ និងសន្តិសុខជំនានា់ទី ៩៩ ត្រូវបានសិក្សាអំពីខ្លឹមសារយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខនៃប្រទេសមួយចំនួនដែលទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខរបស់វៀតណាម។ ព្រមទាំងសិក្សាពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី, ទស្សនៈរបស់បក្ស និងរដ្ឋលើការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល ផ្សារភ្ជាប់ជាមួយសន្តិសុខប្រជាជន, ការការពារអធិបតេយ្យភាពព្រំដែនជាតិ, ការការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងយុទ្ធសាស្ត្រ “ការប្រែប្រួលដោយសន្តិភាវូបនីយកម្ម” និងការប៉ះបោដោយកម្លាំងអរិភាពប្រឆាំងនឹងវៀតណាម និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត។
    |
 |
លោកឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង បណ្ឌិត Tran Viet Khoa សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នាយកវិទ្យាស្ថានការពារជាតិ ថ្លែងក្នុងពិធី |
រីឯវគ្គបំប៉ន់ថ្នាក់មេបញ្ជាការ-សេនាធិការយុទ្ធនាការ និងយុទ្ធសាស្ដ្រវិញ គឺសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ ត្រូវបានសិក្សាអំពីស្ថានភាពពិភពលោក និងតំបន់ដែលប៉ះពាល់ដល់ការការពារជាតិ និងសន្តិសុខនៅដើមសតវត្សរ៍ទី២១, យុទ្ធសាស្ត្រនៃប្រទេសធំៗមួយចំនួនដែលទាក់ទងនឹងការពារជាតិ និងសន្តិសុខក្នុងតំបន់, ភេរវកម្ម ការប្រឆាំងភេរវកម្មអន្តរជាតិ និងសន្តិសុខមិនប្រពៃណី, ការទប់ស្កាត់ និងប្រឆាំងយុទ្ធសាស្ត្រ “ការប្រែប្រួលដោយសន្តិភាវូបនីយកម្ម” សកលភាវូបនីយកម្ម សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងផលប៉ះពាល់លើវិស័យការពារជាតិ - យោធា នយោបាយ វប្បធម៌...
នាពេលខាងមុខ នាយកវិទ្យាស្ថានការពារជាតិបានស្នើឱ្យសិក្ខាកាមនៃវគ្គបំប៉នចំណេះដឹងផ្នែកការពារជាតិ និងសន្តិសុខ បន្តសិក្សាស្រាវជ្រាវ និងយល់ច្បាស់នូវរាល់បញ្ហាអំពីទ្រឹស្តី និងការអនុវត្តជាក់ស្តែងសម្រាប់ការពារជាតិ និងសន្ដិសុខ។
    |
 |
សិក្ខាកាមថតរូបទុកជាអនុស្សាវរីយ៍ជាមួយប្រតិភូក្នុងពិធីបិទ |
សម្រាប់វគ្គបំប៉នថ្នាក់មេបញ្ជាការ-សេនាធិការ យុទ្ធនាការនិងយុទ្ធសាស្ដ្រជូនសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ លោកឧត្តមសេនីយ៍ឯក Tran Viet Khoa ជឿជាក់ថា បន្ទាប់ពីវគ្គបំប៉ននេះ សិក្ខាកាមនឹងប្រើប្រាស់ចំណេះដឹងដែលបានសិក្សា និងស្រាវជ្រាវនៅវិទ្យាស្ថានការពារជាតិវៀតណាម ដើម្បីកសាងកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជាឱ្យកាន់តែរឹងមាំ។
សិក្ខាកាមទាំងនេះនឹងមានការរួមចំណែកជាវិជ្ជមានក្នុងការការពារ ថែរក្សានិងលើកកម្ពស់ចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា រួមចំណែកពង្រឹង និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក៕
បកប្រែដោយ Thanh Cong