ការសន្យារបស់វៀតណាម
កប.អនឡាញ - “វៀតណាមជាមិត្ត ជាដៃគូដ៏គួរឱ្យទុកចិត្ត និងជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។ វាមិនត្រឹមតែជាការសន្យាប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់នូវការទទួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិផងដែរ។ ដោយអនុវត្តតាមគោលនយោបាយ និងទស្សនៈពោលខាងលើនោះ ក្នុងបញ្ហាអន្តរជាតិជាច្រើន វៀតណាមបានបង្ហាញយ៉ាងច្បាស់នូវតួនាទីរបស់ខ្លួន ចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ រួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធិផលរួមរបស់មនុស្សជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
បន្ទាប់ពីមានដំណឹងអំពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាបានបង្កឱ្យមានការបាត់បង់ជីវិត និងខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើន ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំបក្សនិងរដ្ឋ ក្រសួងការពារប្រទេសវៀតណាមបានសម្រេចចិត្តចាត់បញ្ជូនយោធិនចំនួន ៨០ នាក់ រួមមាន៖ កងកម្លាំងជួយសង្គ្រោះ កងកម្លាំងពេទ្យយោធា និងកងកម្លាំងធានា ចេញដំណើរទៅជួយមីយ៉ាន់ម៉ាជម្នះផលវិបាក។ នេះជាលើកទី ២ ហើយដែលក្រសួងការពារប្រទេសវៀតណាមចាត់បញ្ជូនកម្លាំងទៅចូលរួមការងារជួយសង្គ្រោះ និងជំនះផលវិបាកដោយសារគ្រោះរញ្ជួយដីនៅបរទេស។ ប្រកានោះបង្ហាញថា វៀតណាមបង្ហាញយ៉ាងច្បាស់នូវតួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ក៏បង្ហាញពីបំណងប្រាថ្នារបស់វៀតណាម ក្នុងការចូលរួមកសាងពិភពលោកមួយប្រកបដោយសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងសុភមង្គល។
    |
 |
អគារដែលត្រូវបានបំផ្លាញបន្ទាប់ពីការរញ្ជួយដីនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ (រូបថត៖ vnanet.vn) |
ប្រវត្តិនៃការបង្កើត និងការអភិវឌ្ឍន៍របស់ប្រជាជនវៀតណាម បានមើលឃើញនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរជាច្រើនដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់។ ដូច្នេះក្នុងចិត្តគំនិតរបស់ប្រជាជនវៀតណាមគ្រប់រូប តែងតែត្រៀមខ្លួនជាស្រេច ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់។ ម៉្យាងវិញទៀត នៅពេលណាដែលមានគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់ ដែលបង្កការខូចខាតដល់តំបន់ ឬមូលដ្ឋានណាមួយនោះ បក្ស រដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សុទ្ធតែយកចិត្តទុកដាក់ដឹកនាំ ចាត់វិធានការដោះស្រាយទាន់ពេលវេលា។ ទន្ទឹមនឹងនោះ តែងតែទទួលបានការយកចិត្តទុកដាក់ និងចែករំលែកពីមនុស្សគ្រប់ស្រទាប់។ ការយកចិត្តទុកដាក់ ជួយគាំទ្រ និងចែករំលែកដល់អ្នកជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានក្លាយជាវប្បធម៌ប្រពៃណីដ៏ស្រស់បំព្រងរបស់ប្រជាជនវៀតណាម ក្លាយជាបុគ្គលិកលក្ខណៈរបស់ប្រជាជនវៀតណាមគ្រប់រូប។
អនុវត្តន៍តាមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ទោះជាក្នុងក្នុងរយៈពេលដ៏ខ្លីក៏ដោយ ក៏ប៉ុន្តែក្រោមស្មារតីត្រៀមខ្លួនជាស្រេចទទួលភារកិច្ចនោះ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានដាក់ពង្រាយវិធានការជាបន្ទាន់ ដើម្បីឲ្យយោធិនចំនួន ៨០ នាក់ នៃកងទ័ពប្រជាជនវៀតណាម អាចចេញដំណើរទៅមីយ៉ាន់ម៉ាភ្លាមៗ។
ដើម្បីបំពេញតម្រូវការនោះ យើងអាចបញ្ជាក់បានថា៖ ការងាររៀបចំហ្វឹកហ្វឺនជំនាញ ការកសាងឆន្ទៈ និងស្មារតីទទួលខុសត្រូវ ដើម្បីត្រៀមខ្លួនជាស្រេចទទួលយកភារកិច្ចរបស់កម្មាភិបាល យុទ្ធជនម្នាក់ៗ ត្រូវបានគណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពក្នុងកងទ័ពទាំងមូល អនុវត្តប្រកបដោយប្រសិទ្ធភាព។ ប្រកានោះក៏ជាសក្ខីភាពបញ្ជាក់អំពីស្មារតីត្រៀមខ្លួនជាស្រេចទទួលយក និងបំពេញរាល់ភារកិច្ចរបស់កងទ័ពលោកអ៊ំហូ - ជាកងទ័ពដែលកើតចេញពីប្រជាជន តស៊ូដើម្បីប្រជាជន ជាកងទ័ពបំពេញបេសកកម្មដើម្បីនាំមកនូវសន្តិភាព និងសុភមង្គលជូនប្រជាជន។ គុណតម្លៃ បុគ្គលិកលក្ខណៈ និងបេសកកម្មនោះរបស់កងទ័ពលោកអ៊ំហូ កំពុងរីកសាយភាយក្នុងជីវភាពសង្គម ដែលមិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងក្នុងសហគមន៍អន្តរជាតិទៀតផង។ ដោយសារតែមិនត្រឹមតែលើកនេះទេ ថែមទាំងមានរឿងរ៉ាវរាប់មិនអស់ត្រូវបានរាបរាប់ដោយកម្មាភិបាល យុទ្ធជនដែលចូលរួមក្នុងបេសកកម្មជួយសង្គ្រោះនៅTürkiye ឬកងទ័ពមួកខៀវរបស់វៀតណាម តាមរយៈសកម្មភាព និងទង្វើដែលលើកតម្កើងតម្លៃមនុស្ស និងពោពេញទៅដោយភាពថ្លៃថ្នូរ និងបុគ្គលិកលក្ខណៈរបស់ប្រជាជនវៀតណាម៕
បកប្រែដោយ Duy Hoan