ប្តេជ្ញាចិត្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងគំរូរវាងវៀតណាម និងគុយបា
កប.អនឡាញ - នារសៀលថ្ងៃទី ១៩ កុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស To Lam បានទទួលជួបលោក Bruno Rodríguez Parrilla សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាំងពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកុម្ភៈ។
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស To Lam បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោក Bui Thanh Sơn ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោករដ្ឋមន្ត្រី Bruno Rodríguez Parrilla។ លោកអគ្គលេខាបក្សបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព និងចងចាំនូវចំណងសាមគ្គីភាព និងការគាំទ្រដោយស្មោះស្ម័គ្រដែលគុយបាបានផ្តល់ដល់វៀតណាម និងសង្កត់ធ្ងន់ថា សម្រាប់វៀតណាម សាមគ្គីភាព ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយគុយបា គឺជាទំនួលខុសត្រូវ និងសីលធម៌ មិនត្រឹមតែជាផលប្រយោជន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកដល់ចលនាជឿនលឿនលើពិភពលោកផងដែរ។
    |
 |
លោកអគ្គលេខាបក្ស To Lam និងលោករដ្ឋមន្ត្រី Bruno Rodríguez Parrilla |
លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យផលិតស្បៀង និងថាមពល; ផ្លាស់ប្តូរ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា បច្ចេកវិទ្យាជីវសាស្រ្ត ការថែទាំសុខភាព និងទេសចរណ៍។ បន្តអនុវត្តយន្តការកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរឲ្យមានប្រសិទ្ធភាព។
រដ្ឋមន្ត្រីការបរទេសគុយបាបានអះអាងថា គុយបាចាត់ទុកវៀតណាមជាគំរូនៃជោគជ័យក្នុងការផ្លាស់ប្តូរថ្មី និងកសាងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមតម្រង់ទិសសង្គមនិយម។ គុយបាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ បង្កើតមូលដ្ឋានរឹងមាំ និងការតម្រង់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគី។
លោករដ្ឋមន្ត្រី Bruno Rodríguez Parrilla មានសេចក្តីសោមនស្សរីករាយជម្រាបជូនលោកអគ្គលេខាបក្ស To Lam អំពីលទ្ធផលល្អ នៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រចំពោះចំណងសាមគ្គីភាព និងការគាំទ្រជាក់ស្តែងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រាប់គុយបានាពេលថ្មីៗនេះ ជាពិសេសការគាំទ្រប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀង ក៏ដូចជាសំឡេងគាំទ្ររបស់វៀតណាមនៅវេទិកាពហុភាគី។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះធុរកិច្ចវៀតណាមដែលជិតស្និទ្ធនឹងធ្វើយូរអង្វែងជាមួយគុយបា ដោយរក្សាតួនាទីរបស់ខ្លួនជាអ្នកវិនិយោគធំជាងគេមកពីតំបន់អាស៊ី។
ក៏នៅក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងគំរូរវាងវៀតណាម និងគុយបា។ បានឯកភាពបន្តអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាសកម្មភាពក្នុងឆ្នាំ ២០២៥ “ឆ្នាំមិត្តភាពវៀតណាម-គុយបា” រំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦០-២០២៥)។
បកប្រែដោយ Duy Hoan