លោកអគ្គលេខាបក្ស To Lam៖ កៀរគរធនធានទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
កប.អនឡាញ - នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀណាមបានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិមស្តីពីភារកិច្ចរបស់គណៈកម្មាធិការនាពេលខាងមុខ។
ក្នុងជំនួបធ្វើការនេះ លោកអគ្គលេខាបក្ស To Lam បានបញ្ជាក់ថា ដើម្បីឲ្យសេដ្ឋកិច្ចវៀតណាមសម្រេចបាននូវគោលដៅកំណើន ៨% ឡើងទៅ ជាមួយនឹងទស្សនវិស័យសម្រេចកំណើនពីរខ្ទង់នាពេលខាងមុខ គឺត្រូវមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូលក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់វិស័យសេដ្ឋកិច្ចនិងប្រជាជន។
យោងតាមលោកអគ្គលេខាបក្ស To Lam អ្វីដែលត្រូវធ្វើជាបន្ទាន់គឺការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម ខិតខំកាត់បន្ថយការចំណាយអាជីវកម្ម និងនីតិវិធីរដ្ឋបាលយ៉ាងហោចណាស់ ៣០% និងលុបចោលយ៉ាងហោចណាស់ ៣០% នៃលក្ខខណ្ឌអាជីវកម្មដែលមិនចាំបាច់ គោលដៅគឺវៀតណាមជាប់ចំណាត់ថ្នាក់ទី ៣ នៅអាស៊ីអាគ្នេយ៍ អំពីបរិយាកាសវិនិយោគ ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។
    |
 |
លោកអគ្គលេខាបក្ស To Lam ថ្លែងនៅក្នុងជំនួបធ្វើការ (រូបថត៖ vnanet.vn) |
ក្រៅពីនេះ លោកអគ្គលេខាបក្ស To Lam សង្កត់ធ្ងន់លើការអនុវត្តយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងយន្តការពិសេសអំពីហិរញ្ញវត្ថុ; បន្តស្នើក្របខណ្ឌច្បាប់ដាច់ដោយឡែកសម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្នុងទីក្រុងធំៗមួយចំនួន; យន្តការអនុគ្រោះពិសេស យន្តការជាក់ស្តែងក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម; អនុវត្តគោលនយោបាយហិរញ្ញវត្ថុបើកចំហសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលវិនិយោគនៅវៀតណាម; កាត់បន្ថយពន្ធក្នុងការទាក់ទាញការវិនិយោគពីបរទេស ដើម្បីឧបត្ថម្ភវិនិយោគិនបរទេសឱ្យបានល្អបំផុត។
នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស To Lam ក៏បានស្នើឲ្យគណៈកម្មាធិការគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម ទទួលយកទាំងស្រុងនូវមតិរបស់អ្នកជំនាញសេដ្ឋកិច្ច ដើម្បីបន្តស្រាវជ្រាវ លើកឡើងដំណោះស្រាយ និងវិធីសាស្រ្តក្នុងការគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូក្នុងស្មារតីមានយន្តការជាក់ស្តែងដើម្បីការពារវិនិយោគិន និងអ្នកប្រើប្រាស់៕
បកប្រែដោយ Thanh Cong