នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍ
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស To Lam បានស្វាគមន៍លោកនាយករដ្ឋមន្ត្រី Christopher Luxon និងគណៈប្រតិភូជាន់ខ្ពស់នូវែលសេឡង់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០២៥)។ លោកអគ្គលេខាបក្សបានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី Luxon ចំពោះសេចក្តីថ្លែងការណ៍ដ៏ល្អអំពីវៀតណាម និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដោយវាយតំលៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់នូវែលសេឡង់ ដែលតែងតែយកចិត្តទុកដាក់ចំពោះការតភ្ជាប់ជាមួយតំបន់អាស៊ីអាគ្នេយ៍។
    |
 |
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ Christopher Luxon |
មេដឹកនាំទាំងពីរបានសម្តែងការព្រមព្រៀងគ្នាលើទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងក្នុងដំណាក់កាលថ្មី និងជឿជាក់ថា ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថ្មីនឹងនាំមកនូវផលប្រយោជន៍រួមដ៏ធំធេង រួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។
មេដឹកនាំទាំងពីរបានឯកភាពនឹងបន្តសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតលើបញ្ហាតំបន់ និងអន្តរជាតិ។ លោកអគ្គលេខាបក្ស To Lam បានថ្លែងអំណរគុណនូវែលសេឡង់ដែលតែងតែគាំទ្រទស្សនៈរបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត ដោយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ និងគាំទ្រនូវែលសេឡង់ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយអាស៊ាន និងឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
នូវែលសេឡង់តែងតែជាដៃគូដ៏គួរឱ្យទុកចិត្តរបស់វៀតណាមអស់រយៈពេលកន្លះសតវត្សកន្លងមក
នារសៀលថ្ងៃទី២៦ ខែកុម្ភៈ នៅវិមានប្រធានារដ្ឋ លោកប្រធានរដ្ឋ Luong Cuong បានទទួលជួបលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់។
ថ្នាក់ដឹកនាំទាំងពីរមានសេចក្តីសោមនស្សរីករាយចំពោះសមិទ្ធិផលលេចធ្លោនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសការអប់រំ និងបណ្តុះបណ្តាល កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានឯកភាពថា ការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាជំហានដំបូង។ នាពេលខាងមុខ ភាគីទាំងពីរត្រូវអនុវត្តជាក់ស្តែងខ្លឹមសារនៃក្របខ័ណ្ឌទំនាក់ទំនងថ្មី តាមរយៈការកសាងកម្មវិធីសកម្មភាពជាមួយនឹងកម្មវិធីសហប្រតិបត្តិការជាក់លាក់ និងវិធានការលើគ្រប់វិស័យ។ មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ បង្កើនដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងការផ្លាស់ប្តូរនៅគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ; ពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការវាយតម្លៃស្ថានភាពក្នុងតំបន់ និងពិភពលោក និងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។
    |
 |
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ |
លោកប្រធានរដ្ឋ Luong Cuong បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលហ្សេឡង់ដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតវៀតណាមចំនួន ៥៦% និងស្នើឲ្យ នូវែលសេឡង់ បន្តជួយវៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលអ្នកជំនាញ និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ មេដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និងនូវែលសេឡង់ចែករំលែកទស្សនៈ និងទស្សនវិស័យរួមស្តីពីបញ្ហាតំបន់ និងពិភពលោក។ ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញក្នុងពិភពលោក និងក្នុងតំបន់ ប្រទេសទាំងពីរត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ APEC អាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន។
បង្កើតរបកគំហើញបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា
គួរំលឹកថា នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះលោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ Christopher Luxon។ បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ លោកនាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាគ្នា។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បំពេញសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរៀបចំឱ្យបានឆាប់នូវកម្មវិធីសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៥-២០២៨ ដើម្បីអនុវត្តបានជាក់ស្តែងនូវខ្លឹមសារនៃក្របខ័ណ្ឌនៃទំនាក់ទំនងថ្មី ជាមួយនឹងគំនិតផ្តួចផ្តើម ផែនការ និងគម្រោងកិច្ចសហប្រតិបត្តិការជាក់លាក់។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ Christopher Luxon |
ភាគីទាំងពីរបានឯកភាពធ្វើឱ្យទំនាក់ទំនងនយោបាយ និងបរទេសកាន់តែស៊ីជម្រៅ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ រក្សាយន្តការសហប្រតិបត្តិការទ្វេភាគី និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលបានចុះហត្ថលេខា។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្ថែមទៀត ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ ពាណិជ្ជកម្មយោធា ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ទាក់ទិននឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពថា ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើពិភពលោក និងក្នុងតំបន់ ប្រទេសទាំងពីរគួរតែខិតខំជំរុញការសន្ទនា និងកសាងទំនុកចិត្តក្នុងតំបន់។ ពង្រឹងការសម្របសម្រួល និងការគាំទ្រទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសយន្តការអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន និងជំរុញតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មក្នុងតំបន់ដែលកំពុងលេចឡើងជារូបរាង។
លោកនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បានស្វាគមន៍វៀតណាមក្នុងការទទួលតំណែងជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ និងយល់ព្រមជំរុញទំនាក់ទំនងជាមួយអាស៊ាន សំដៅបង្កើតក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-នូវែលសេឡង់ នាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់នូវែលសេឡង់ក្នុងការគាំទ្រច្បាប់អន្តរជាតិក្នុងតំបន់ និងដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។
បន្ទាប់ពីជំនួបពិភាក្សានោះ លោកនាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការលើវិស័យការទូត ការប្រែប្រួលអាកាសធាតុ កសិកម្ម សុខាភិបាល និងអប់រំ ព្រមទាំងមានកិច្ចប្រជុំសារព័ត៌មានរួមគ្នាផងដែរ៕
បកប្រែដោយ Duy Hoan