ដោយអបអរសាទរចំពោះលោក Rogelio Polanco Fuentes ដែលត្រូវបានបក្ស និងរដ្ឋគុយបាជ្រើសតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋគុយបាប្រចាំនៅវៀតណាម លោក Nguyen Trong Nghia សម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានទទួលលោកឯកអគ្គរដ្ឋទូត ដែលជាភ្ញៀវបរទេសដំបូងនៃគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំ២០២៥។

លោក Nguyen Trong Nghia ជឿជាក់ថា ក្នុងឋានៈថ្មី លោកឯកអគ្គរដ្ឋទូតនឹងបន្តសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងបក្សទាំងពីរ និងប្រជាជាតិទាំងពីរ។ លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនយោបាយ ការទូតរវាងវៀតណាមនិងគុយបាត្រូវបានពង្រឹងដោយឥតឈប់ឈរ។ ជាពិសេស ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ នៅខែកញ្ញា ឆ្នាំ២០២៤ គឺជាព្រឹត្តិការដ៏សំខាន់ដែលជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតខ្ពស់ថ្មីមួយ ដាក់ទិសដៅថ្មី និងការអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Trong Nghia ទទួលជួបលោក Rogelio Polanco Fuentes (រូបថត៖ vnanet.vn)

លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា នៅពេលកន្លងមកនេះ ទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ត្រូវបានពង្រឹងថែមទៀត។ ទំនាក់ទំនងរវាងវៀតណាម និងគុយបាស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងនិរន្តរភាព ហើយប្រទេសទាំងពីរកំពុងសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី និងវិនិយោគ វប្បធម៌...

ក្នុងឆ្នាំ២០២៥ វៀតណាម និងគុយបាកំពុងឆ្ពោះទៅព្រឹត្តិការណ៍ ពិធីខួបអនុស្សាវរីយ៍សំខាន់ៗជាច្រើននៃប្រទេសទាំងពីរ និងអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងមិត្តភាពជាពិសេសវៀតណាម និងគុយបា។ ភាគីទាំងពីរនឹងសហការយ៉ាងសកម្មដើម្បីរៀបចំសកម្មភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមជាច្រើន ដើម្បីអប់រំឲ្យយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិទាំងពីរ និងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពលើវិស័យផ្សេងៗ...

ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងជំរុញប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហការក្នុងការបោះពុម្ភផ្សាយស្នាដៃអំពីលោកប្រធានហូជីមិញ លោកប្រធាន Fidel Castro និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាភាសាអេស្ប៉ាញ និងវៀតណាម ដើម្បីជួយឲ្យយុវជនជំនាន់ក្រោយយល់កាន់តែច្បាស់អំពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ៕

បកប្រែដោយ Thuy Anh