លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ
កប.អនឡាញ - នាថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការបរទេស លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាជាមួយលោក Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ។
នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្ពោះទៅការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ។ ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់; អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព; ទន្ទឹមនឹងនោះ សន្យាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួងការបរទេសទាំងពីរ រួមទាំងការពិចារណាបង្កើតបណ្តាញតភ្ជាប់រវាងអង្គភាពជំនាញ ដើម្បីពិភាក្សាលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
    |
 |
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ជួបពិភាក្សាជាមួយលោក Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេសថៃ (រូបថត៖ vnanet.vn) |
ភាគីទាំងពីរគាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខទ្វេភាគី ព្រមទាំងឯកភាពសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ក៏ដូចជាការទប់ស្កាត់អង្គការបោកប្រាស់បញ្ជូនមនុស្សទៅប្រទេសទីបីដើម្បីធ្វើការ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀត។
ស្តីពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តខិតខំសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២៥ ពាន់លានដុល្លារ នាពេលឆាប់ៗ ដោយសម្រួលពាណិជ្ជកម្មទំនិញ ពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សាររបស់ប្រទេសនីមួយៗ និងកំណត់ការអនុវត្តវិធានការការពារពាណិជ្ជកម្មប្រឆាំងនឹងទំនិញរបស់គ្នាទៅវិញទៅមក; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា៖ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងថាមពលបៃតង។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលដើម្បីលើកកម្ពស់អត្ថប្រយោជន៍នៃយុទ្ធសាស្ត្រ "ការតភ្ជាប់បី" តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់អង្គភាពអាជីវកម្ម និងមូលដ្ឋាន តភ្ជាប់យុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាពនៃប្រទេសនីមួយៗ៕
បកប្រែដោយ Huyen Trang