លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាម
កប.អនឡាញ - នាយប់ថ្ងៃទី ២០ មករា នៅទីក្រុង Can Tho លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាម។
លោកប្រធានរដ្ឋសភា Tran Thanh Man និងឯកអគ្គរដ្ឋទូត Naoki មានសេចក្តីសោមនស្សរីករាយដោយឃើញថា ចាប់តាំងពីប្រទេសទាំងពីរបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងវៀតណាម-ជប៉ុនបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទូលំទូលាយលើគ្រប់វិស័យ ការទុកចិត្តខាងនយោបាយ បន្តបានពង្រឹងនិងពង្រីកឥតឈប់ឈរ និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ឲ្យដឹងថា៖ ថ្នាក់ដឹកនាំវៀតណាមមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយជប៉ុនដើម្បីបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍនៃប្រទេសនីមួយៗក្នុងដំណាក់កាលថ្មី។
|
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាម |
ដោយវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់លោកឯកអគ្គរដ្ឋទូត Naoki និងគណៈប្រតិភូនៅទីក្រុង Can Tho លោកប្រធានរដ្ឋសភា ជឿជាក់ថា នាពេលខាងមុខ ក្រុមហ៊ុន និងអង្គការរបស់ជប៉ុនកាន់តែច្រើននឹងមកវិនិយោគនៅតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម និងទីក្រុង Can Tho និយាយដោយឡែក។
លោកប្រធានរដ្ឋសភា បានស្នើឱ្យឯកអគ្គរដ្ឋទូត Ito Naoki យកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ; ជំរុញសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការនិងវិនិយោគ ពាណិជ្ជកម្ម និង ODA។ ជប៉ុនបន្តមានគម្រោងគាំទ្រវៀតណាមក្នុងការកសាង និងអនុវត្តយុទ្ធសាស្ត្រឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន ដំណាក់កាល ២០២៣-២០៣០ និងអនុវត្តកម្ចី ODA ជំនាន់ថ្មី ដោយផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងទំហំធំក្នុងទំនាក់ទំនងទ្វេភាគីជាមួយនឹងលក្ខខណ្ឌកម្ចីអនុគ្រោះ។ ជំរុញការវិនិយោគរបស់ជប៉ុនចូលក្នុងប្រទេសវៀតណាមដោយផ្តោតលើការវិនិយោគប្រកបដោយគុណភាពខ្ពស់ និងប្រសិទ្ធភាពនិងការផ្ទេរបច្ចេកវិទ្យា។
លោកឯកអគ្គរដ្ឋទូត Naoki ឲ្យដឹងថា ឆ្នាំ ២០២៦ គឺជាខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតសាកលវិទ្យាល័យ Can Tho។ ក្នុងឱកាសនេះ ជប៉ុនមានបំណងចង់រៀបចំសិក្ខាសាលាជាមួយប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងអូស្ត្រាលី... ស្តីពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនៅទីក្រុង Can Tho និងបន្តជួយសម្រួលដល់ប្រតិបត្តិការរបស់អាជីវកម្មជប៉ុន។
ដោយយល់ស្របនឹងសំណើរបស់លោកឯកអគ្គរដ្ឋទូតជប៉ុន លោកប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តកែលំអច្បាប់ លុបបំបាត់រាល់ឧបសគ្គនៃប្រព័ន្ធច្បាប់និងជំរុញកែទម្រង់រដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្ម៕
បកប្រែដោយ Pham Diep