ផ្លាស់ប្តូរសារលិខិត និងសារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន (ថ្ងៃទី ១៨ ខែមករា ឆ្នាំ ១៩៥០ / ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥) លោកអគ្គលេខាបក្ស To Lam និងលោកប្រធានរដ្ឋ Luong Cuong បានផ្ញើសារលិខិតអបអរសាទរ និងសារទូរលេខអបអរសាទរចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping; លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្លាស់ប្តូរសារលិខិតអបអរសាទរជាមួយលោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន; លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្លាស់ប្តូរសារលិខិតអបអរសាទរជាមួយ លោក Zhaoleji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន; លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានផ្លាស់ប្តូរសារលិខិតអបអរសាទរជាមួយលោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។
|
|
លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping និងភរិយា អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងភរិយា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ (រូបថត៖ TTXVN) |
សារលិខិតអបអរសាទរពីថ្នាក់ដឹកនាំវៀតណាមជូនថ្នាក់ដឹកនាំចិនមានខ្លឹមសារថា៖ ក្នុងរយៈពេល ៧៥ ឆ្នាំនៃប្រវត្តិសាស្ត្រ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិន រក្សាបាននូវនិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ការជឿទុកចិត្តនយោបាយកាន់តែបានពង្រឹង ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែស៊ីជម្រៅឥតឈប់ឈរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿងនៃតំបន់ និងពិភពលោក។ បក្ស រដ្ឋ និងប្រជាជនវៀតណាមចងចាំជានិច្ចការសម្របសម្រួល និងការគាំទ្រដ៏មានតម្លៃ និងប្រកបដោយប្រសិទ្ធភាពរបស់បក្ស រដ្ឋ និងប្រជាជនចិនក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ។ ជានិច្ចកាលកំណត់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយចិនជាគោលនយោបាយជាប់លាប់ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសទាំងមូលគឺឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម។
ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងពិភពលោក និងស្ថានភាពក្នុងតំបន់ និងបុព្វហេតុនៃការកសាងសង្គមនិយមនៅក្នុងប្រទេសនិមួយៗឈានចូលដំណាក់កាលសំខាន់ ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ ជម្រុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពមនុស្សជាតិ។ នេះជាទំនួលខុសត្រូវដ៏រុងរឿង និងតម្រូវការមិនអាចខ្វះបាន ស្របតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់បក្សទាំងពីរ និងប្រជាជនទាំងពីរ។
សារទូរលេខអបអរសាទរពីមេដឹកនាំចិនទៅកាន់មេដឹកនាំវៀតណាមមានខ្លឹមសារថា៖ ចិន និងវៀតណាមគឺជាអ្នកជិតខាងមិត្តភាពសង្គមនិយម ហើយសហគមន៍ចែករំលែកអនាគតមានអត្ថន័យជាយុទ្ធសាស្ត្រ។ ក្នុងរយៈពេល ៧៥ ឆ្នាំ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូទាមទារឯករាជ្យ និងរំដោះជាតិ ភាគីទាំងពីរបានប្រកៀបស្មាគ្នា និងគាំទ្រគ្នាទៅវិញទៅមក “ទំនាក់ទំនងជិតស្និទ្ធចិន-វៀតណាម ជាសមមិត្តផង ជាបងប្អូនផង” បានក្លាយជាការបង្ហាញយ៉ាងរស់រវើកបំផុតនៃទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ។ ក្នុងបុព្វហេតុកសាងសង្គមនិយម ប្រទេសទាំងពីររៀនសូត្រពីគ្នាទៅវិញទៅមក ឆ្ពោះទៅមុខជាមួយគ្នា បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចែករំលែកទិសដៅដូចគ្នា និងចែករំលែកជោគវាសនារួម នៃទំនាក់ទំនងរវាងបក្សទាំងពីរ៕
បកប្រែដោយ Duy Hoan