លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Kato Katsunobu
កប.អនឡាញ - នារសៀលថ្ងៃទី ៨ មករា ទទួលជួបលោក Kato Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើជប៉ុនផ្តល់ជំនួយហិរញ្ញវត្ថុ និងជំរុញការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជំនាន់ថ្មីសម្រាប់វៀតណាមអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។
ដោយអះអាងថា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះភាគីជប៉ុនដែលបានផ្តល់ជំនួយហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពដល់វៀតណាមដើម្បីអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំទូលាយដូចជាស្ពាន Nhat Tan ស្ថានីយ T2 នៃអាកាសយានដ្ឋានអន្តរជាតិ Noi Bai ហើយនាពេលថ្មីៗនេះគឺរថភ្លើងក្រោមដីលេខ ១ នៅទីក្រុងហូជីមិញ បានដំណើរការជាផ្លូវការចាប់ពីចុងខែធ្នូ ឆ្នាំ ២០២៤។
លោកនាយករដមន្ដ្រីបានស្នើជប៉ុនបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា ជួយគាំទ្រក្នុងការកសាងនិងតាក់តែងច្បាប់ បណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងលើទ្រង់ទ្រាយធំ ល្បឿនលឿន និងវិសាលភាពកាន់តែទូលំទូលាយ ផ្តោតការយកចិត្តទុកដាក់លើគម្រោងធំមួយចំនួន ទន្ទឹមនឹងនោះ ជំរុញការវិនិយោគ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការផ្លាស់ប្តូរផលិតផលដែលភាគីទាំងពីរមានប្រៀបខ្លាំង កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្ដន៍ ការធ្វើបរិវត្ដកម្មឌីជីថល លំហសមុទ្រ ចក្រក្រវាឡ...
|
|
លោក Kato Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណជប៉ុនដែលបានផ្តល់អាហារូបករណ៍ ទទួលនិងបណ្តុះបណ្តាលកម្មសិក្សាការីវៀតណាម និងផ្តល់ជំនួយដល់វៀតណាមដើម្បីស្តារឡើងវិញបន្ទាប់ពីផលប៉ះពាល់នៃព្យុះលេខ ៣។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ សង្ឃឹមថា ជប៉ុននឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមរស់នៅ សិក្សានិងធ្វើការនៅក្នុងប្រទេសនេះ; ជួយគាំទ្រវៀតណាមក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការឆ្លើយតបទៅនឹងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការអនុវត្តភាពជាដៃគូផ្លាស់ប្ដូរថាមពលដោយយុត្តិធម៌ (JETP) និងសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)…
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមនឹងត្រៀមរៀបចំបញ្ជីគម្រោងជាក់លាក់ដើម្បីភាគីជប៉ុនស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញសកម្មភាពរបស់ក្រុមការងារជំនាញសហប្រតិបត្តិការជាមួយជប៉ុន រួមចំណែកនាំទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោករវាងវៀតណាម និងជប៉ុនឲ្យកាន់តែអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី Kato Katsunobu បានឲ្យដឹងថា ភាគីជប៉ុនកំពុងបន្តពិនិត្យគោលនយោបាយសម្រាប់ជនបរទេស ក្នុងនោះជនជាតិវៀតណាមមានចំនួនប្រហែល ១/៤ នៃចំនួនជនបរទេសសរុបនៅក្នុងប្រទេសជប៉ុន ហើយបានរួមចំណែកជាវិជ្ជមានជាច្រើនចំពោះប្រទេសនេះ។ លោកបានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាឧបសគ្គ និងជំរុញគម្រោងដែលមានស្រាប់ និងអនុវត្តគម្រោងថ្មី; លោកអះអាងថា នឹងបន្តរាយការណ៍ជូនរដ្ឋាភិបាលជប៉ុន និងពិភាក្សាជាមួយអង្គភាពអាជីវកម្មអំពីកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងពិភាក្សាជាមួយធនាគារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន (JBIC) អំពីខ្លឹមសារទាក់ទងនឹងគម្រោងចម្រាញ់ប្រេងគីមី Nghi Son ដែលលើកឡើងដោយលោកនាយករដ្ឋមន្ត្រី៕
បកប្រែដោយ Thanh Cong