ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ មូលដ្ឋានគ្រឹះនៃទំនាក់ទំនង វៀតណាម-គុយបា ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Fidel Castro តែងតែត្រូវបានពូនជ្រំដោយឥតឈប់ឈរដោយថ្នាក់ដឹកនាំបក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ ដើម្បីរក្សាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងអប់រំប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីទំនាក់ទំនង វៀតណាម-គុយបា ក្រសួងការពារប្រទេសវៀតណាម និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានសម្របសម្រួលគ្នាកសាងសំណុំឯកសារប្រវត្តិសាស្ត្រស្តីពីទំនាក់ទំនងការពារជាតិ វៀតណាម-គុយបា ក្នុងរយៈពេល ៦០ ឆ្នាំ (១៩៦០-២០២០)។ “បេះដូងពីររួមចង្វាក់តែមួយ” គឺជាខ្សែភាពយន្តឯកសារក្នុងសំណុំឯកសារដែលលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh នៅពេលនោះជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសត្រូវបានចាត់តាំងតួនាទីជាប្រធានគណៈកម្មការដឹកនាំកសាង។

leftcenterrightdel
ក្រុមការងារភាពយន្តថតរូបទុកជាអនុស្សាវរីយ៍នៅពេលដែលថតនៅបញ្ជាការដ្ឋានយោធា La Plata ក្នុងតំបន់មូលដ្ឋានប្រយុទ្ធ Sierra Maestra ប្រទេសគុយបា កាលពីខែកក្កដា ឆ្នាំ២០២៤

ដោយត្រូវបានផលិតយ៉ាងល្អិតល្អន់ ភាពយន្តនេះទទួលបានការគាំទ្រ និងជំនួយពីមនុស្សជាច្រើនដែលមានទំនាក់ទំនងជាយូរមកហើយជាមួយប្រទេសគុយបា និងទំនាក់ទំនងវៀតណាម-គុយបា។ លោកវរសេនីយ៍ឯកបម្រុង Dang Bao Trung អ្នកដឹកនាំភាពយន្តបានចែករំលែកថា៖ “លោកឧត្តមសេនីយ៍ឯក Álvaro López Miera រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh គឺជាមនុស្សដែលមានភាពសាទរយ៉ាងខ្លាំងចំពោះខ្សែភាពយន្តឯកសារ “បេះដូងពីររួមចង្វាក់តែមួយ"។ សូម្បីតែបន្ទាប់ពីចូលនិវត្តន៍ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh នៅបន្តផ្តល់មតិដ៏មានតម្លៃដល់ក្រុមការងារភាពយន្ត។ នៅពេលមកដល់ទីក្រុងហាណូយ ដើម្បីចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ឯក Álvaro López Miera មានមោទនភាពយ៉ាងខ្លាំងដែលបានណែនាំលោកជំទាវរបស់រដ្ឋមន្ត្រី ចូលរួមរៀបចំការផលិតភាពយន្តឯកសារ ហើយបានសង្កត់ធ្ងន់ថា លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh គឺជាបងប្អូនប្រុសរបស់គាត់”។

leftcenterrightdel
រូបថតដែលថតដោយក្រុមការងារភាពយន្តនៅសាលាបឋមសិក្សាលោក អ៊ំ ហូ រដ្ឋធានី La Habana ប្រទេសគុយបា

នៅខែមីនាឆ្នាំ ២០២៣ នៅទីស្នាក់ការនៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបានៅទីក្រុង La Habana គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានប្រគល់វគ្គទី១ នៃខ្សែភាពយន្តនេះ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានទៅទស្សនាវិទ្យាស្ថានយោធាជាន់ខ្ពស់នៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ហើយបានចូលរួមពិធីចាក់បញ្ចាំង និងប្រគល់ខ្សែភាពយន្តវគ្គទី២ និងទី៣។ នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងលោកឧត្តមសេនីយ៍ឯក Álvaro López Miera បានចាត់ទុកថា ភាពយន្តនេះនឹងបន្តរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត និងជាស្ពានសម្រាប់ជំនាន់ក្រោយបន្តកសាង និងអភិវឌ្ឍសាមគ្គីភាពពិសេស រឹងមាំ និងកម្រមាន។

ដោយចែករំលែកអំពីភាពយន្តនេះ សាស្ត្រាចារ្យរងបណ្ឌិត Bui Chi Trung អគ្គនាយកខ្សែភាពយន្តបានសង្កត់ធ្ងន់ថា៖ “ដូចឈ្មោះភាពយន្តនេះ ទំនាក់ទំនងពិសេសរវាងវៀតណាម និងគុយបា ប្រៀបបាននឹងព្រលឹងវិញ្ញាណពីរ បើទោះបីជានៅឆ្ងាយគ្នាពាក់កណ្តាលផ្លូវជុំវិញពិភពលោកក៏ដោយ ប៉ុន្តែតែងតែប្រកៀកស្មាជាមួយគ្នា។ យើងតែងតែមានមោទនៈភាពចំពោះមិត្តស្មោះត្រង់របស់យើង ក្នុងគ្រាលំបាក ក៏ដូចជាក្នុងដំណើរឆ្ពោះទៅមុខ។ ខ្សែភាពយន្តនេះបានបញ្ជាក់ពីការរួមវិភាគទានរបស់ជំនាន់មុន និងបំផុសមោទនភាព និងគំនិតច្នៃប្រឌិតក្នុងជំនាន់វ័យក្មេង ដើម្បីអភិវឌ្ឍទំនាក់ទំនងវៀតណាម-គុយបា។

ដើម្បីបង្កើតខ្សែភាពយន្ដដ៏គួរអោយចាប់អារម្មណ៍ អ្នកកាសែត Pham Trung Thanh នាយកផ្នែកថតរូបបានឲ្យដឹងថា ក្រុមការងារភាពយន្តទទួលបានការគាំទ្រយ៉ាងច្រើនពីប្រទេសគុយបា។ អ្នកកាសែត Pham Trung Thanh បានចែករំលែកថា៖ “នៅពេលមួយ យើងខ្ញុំត្រូវបានគេរៀបចំឱ្យធ្វើដំណើរដោយយន្តហោះរបស់ក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ដើម្បីឲ្យទាន់ពេលកាលវិភាគនៃការថតភាពយន្ត។ ទោះបីជាព្យាយាមជម្នះការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែភាគីមិត្តបានផ្តល់អ្វីដែលល្អបំផុតដល់ក្រុមការងារភាពយន្ត”។

យោងតាមការវាយតម្លៃរបស់លោក Orlando Nicolás Hernández Guillén អតីតឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម ក្នុងវគ្គនីមួយៗដែលមានរយៈពេលប្រហែល ៣០ នាទី ជាមួយនឹងជំនាញវិជ្ជាជីវៈ ភាពម៉ឺងម៉ាត់ និងការយកចិត្តទុកដាក់ ក្រុមការងារភាពយន្តបាននាំមកជូនទស្សនិកជននូវរូបភាពជាក់ស្តែង រស់រវើក និងពោរពេញទៅដោយអារម្មណ៍។ ខ្សែភាពយន្តឯកសារ “មិនត្រឹមតែមានតម្លៃសិល្បៈខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានតម្លៃសក្ខីកម្មនៅពេលប្រមូលផ្តុំថ្នាក់ដឹកនាំនៃប្រទេសគុយបា និងវៀតណាម”។

ទំនាក់ទំនង វៀតណាម-គុយបា ត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ ហើយចាំបាច់ត្រូវថែរក្សាពីមួយជំនាន់ទៅមួយជំនាន់។ ជាមួយនឹងខ្លឹមសារដ៏ជ្រាលជ្រៅ រីកសាយភាយ និងរូបភាពជាក់ស្តែង ភាពយន្តឯកសារ "បេះដូងពីររួមចង្វាក់តែមួយ" នឹងជួយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ មានការយល់ដឹងកាន់តែច្បាស់អំពីដំណើរការអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាសសរស្តម្ភដ៏សំខាន់មួយ៕

បកប្រែដោយ Huyen Trang