ជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី
កប.អនឡាញ - នារសៀលថ្ងៃទី៣០ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក Pham Minh Chinh បានស្វាគមន៍លោក Saleumxay Kommasith មកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវនាពេលខាងមុខ ហើយសង្កត់ធ្ងន់ថា ភាគីទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លោកជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រីនឹងសម្រេចបានលទ្ធផលល្អ រួមចំណែកជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងល្អ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។
|
|
លោក Pham Minh Chinh ទទួលជួបលោក Saleumxay Kommasith |
លោក Pham Minh Chinh បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗរបស់ឡាវក្នុងការរក្សាស្ថិរភាពនយោបាយសង្គម ការពារជាតិ សន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ច និងទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន និង AIPA ឆ្នាំ២០២៤។ លោកអះអាងថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពដល់ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ។ ទំនាក់ទំនងនយោបាយកាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់។ វិស័យសំខាន់ៗផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដូចជា ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ត្រូវបានយកចិត្តទុកដាក់ និងមានការអភិវឌ្ឍថ្មីៗ។
លោកឧបនាយករដ្ឋមន្ត្រីឡាវបានអះអាងថា ប្រទេសឡាវនឹងបន្តកែលម្អបរិយាកាសវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ធុរកិច្ចបរទេស រួមទាំងធុរកិច្ចវៀតណាមមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅប្រទេសឡាវ។ លោកសម្ដែងនូវបំណងជំរុញការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ។
លោក Saleumxay Kommasith បានសម្តែងនូវការចំណាប់អារម្មណ៍ និងបំណងចង់ស្វែងយល់បន្ថែមអំពីគំរូសហប្រតិបត្តិការមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ហើយសង្ឃឹមថា វៀតណាមនឹងចែករំលែកបទពិសោធន៍ក្នុងការទាញយកសក្តានុពល និងប្រៀបខ្លាំង ដើម្បីអភិវឌ្ឍ និងឆ្ពោះទៅរកការបង្កើតមណ្ឌលឧស្សាហកម្មឡាវ-វៀតណាម។
លោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការអនុវត្តគម្រោងសំខាន់ៗមួយចំនួននាពេលកន្លងមកនេះ ព្រមទាំងសហការស្វែងរកទិសដៅថ្មី និងវិធីសាស្រ្តសហប្រតិបត្តិការថ្មី ក្នុងស្មារតីប្តេជ្ញាជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីកាន់តែល្អប្រសើរឡើងក្នុងដំណាក់កាលថ្មី។ លោកបញ្ជាក់ថា នឹងយកចិត្តទុកដាក់ និងជម្រុញស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឡាវ៕
បកប្រែដោយ Thuy Anh