នៅក្នុងជំនួប លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឱ្យលោកប្រធានាធិបតី Tharman Shanmugaratnam គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលបានចុះហត្ថលេខានៅឆ្នាំ២០២២ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ក្លាយជាបណ្តាញនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-សិង្ហបុរី បង្កើតបុព្វបទសម្រាប់ការតម្លើងទំនាក់ទំនងនាពេលខាងមុខ។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ជួបសវនាការជាមួយលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភា Tran Thanh Man ក៏បានស្នើឱ្យសិង្ហបុរី និងលោកប្រធានាធិបតី Tharman Shanmugaratnam យកចិត្តទុកដាក់ចំពោះការជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មាភិបាលថ្នាក់កណ្តាល និងជាន់ខ្ពស់ របស់បក្សកុម្មុយនិស្តវៀតណាមនៅប្រទេសសិង្ហបុរី ដំណាក់កាលឆ្នាំ ២០២៤ - ២០២៦; បង្កើនចំនួនអាហារូបករណ៍គ្រប់លំដាប់ថ្នាក់សម្រាប់វៀតណាម។

លោកប្រធានាធិបតី Tharman Shanmugaratnam បានអះអាងថា សិង្ហបុរីនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការលើកកំពស់គុណភាពធនធានមនុស្ស ហើយទន្ទឹមនឹងនោះ ស្នើឲ្យភាគីទាំងពីរបន្តពង្រីកទម្រង់សហប្រតិបត្តិការដ៏លេចធ្លោដូចជាមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី; ទាញយកឱកាសសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាការធ្វើបរិវត្តកម្មឌីជីថល និងទីផ្សារឥណទានកាបូន;  បង្កើនកិច្ចសហប្រតិបត្តិការថាមពល ការតភ្ជាប់បណ្តាញថាមពល រួមទាំងបណ្តាញថាមពលអាស៊ាន; ពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។

មេដឹកនាំទាំងពីរបានអះអាងថា នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមមិត្តភាព វៀតណាម-សិង្ហបុរី និងប្រជាជននៃប្រទេសទាំងពីររស់នៅ និងធ្វើការ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់គ្នាទៅវិញទៅមក ព្រមទាំងលើកកំពស់តួនាទីជាស្ពានតភ្ជាប់សម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើគោលជំហរដោយឥតងាករេរបស់អាស៊ានស្តីពីការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

បកប្រែដោយ Huyen Trang