លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបប្រធានសាជីវកម្ម SCG ប្រទេសថៃ
កប.អនឡាញ - នារសៀលថ្ងៃទី២ ខែធ្នូ នៅខេត្ត Ba Ria - Vung Tau លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Thammasak Sethaudom ប្រធាននិងជានាយកប្រតិបត្តិសាជីវកម្ម SCG ប្រទេសថៃ - ជាវិនិយោគិនគម្រោងគីមីឥន្ធនៈ Long Son នៅខេត្ត Ba Ria - Vung Tau ដែលមានទុនវិនិយោគសរុបជាង ៥ ពាន់លានដុល្លារអាមេរិក។
នៅក្នុងជំនួប ថ្នាក់ដឹកនាំសាជីវកម្មបានរាយការណ៍អំពីស្ថានភាពនៃគម្រោង Long Son និងផែនការពង្រីកការវិនិយោគ ដោយលើកឡើងនូវអនុសាសន៍ និងសំណើជាក់លាក់មួយចំនួន រួមទាំងការទាក់ទាញដៃគូបច្ចេកវិទ្យាកំពូលៗមកបណ្តាក់ទុនរួមគ្នា។ លោកប្រធាន SCG បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួង និងខេត្ត Ba Ria - Vung Tau ដែលបានរួមដំណើរជាមួយ SCG ក្នុងការដោះស្រាយការលំបាក។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Thammasak Sethaudom ប្រធាននិងជានាយកប្រតិបត្តិសាជីវកម្ម SCG ប្រទេសថៃ (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងលទ្ធផលរបស់សាជីវកម្ម SCG ក្នុងដំណើរការអនុវត្តសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ លោកបានស្នើឱ្យ SCG បន្តលើកកម្ពស់លទ្ធផលនៃសកម្មភាពធ្វើអាជីវកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគ សំដៅឆ្ពោះទៅរកគោលដៅថ្មី កាន់តែខ្ពស់នាពេលខាងមុខ។
ដោយអះអាងថា រដ្ឋាភិបាលវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងគីមីឥន្ធនៈ Long Son លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មាន លោកបានចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha មានជំនួបការងារជាមួយខេត្ត Ba Ria - Vung Tau ដោយដឹកនាំស្ថាប័នពាក់ព័ន្ធ ដោះស្រាយអនុសាសន៍របស់ SCG និងខេត្ត Ba Ria - Vung Tau ដើម្បីធ្វើការយ៉ាងសកម្មជាមួយក្រសួង និងស្ថាប័ននានា ដោះស្រាយអនុសាសន៍ទាំងនេះ ដោយហេតុនេះអាចរៀបចំរចនាសម្ព័ន្ធគម្រោងឡើងវិញប្រកបដោយប្រសិទ្ធភាព។
ចំពោះអនុសាសន៍ពាក់ព័ន្ធនឹងការណែនាំនីតិវិធី ដើម្បីឲ្យគម្រោង Long Son អាចទាក់ទាញដៃគូបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកឱ្យចូលរួមក្នុងការបណ្តាក់ទុនរួមគ្នានោះ លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងផែនការ និងវិនិយោគធ្វើជាអធិបតី និងសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau និងស្ថាប័នពាក់ព័ន្ធ ត្រូវស្រាវជ្រាវ និងណែនាំជាបន្ទាន់នូវនីតិវិធីចាំបាច់ ធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ និងរាយការណ៍ជូនរដ្ឋាភិបាលជាបន្ទាន់ ដើម្បីពិចារណា និងដោះស្រាយបញ្ហាដែលហួសពីសមត្ថកិច្ច។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាល ក្រសួងនានា និងខេត្ត Ba Ria - Vung Tau សន្យាបន្តរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងរបស់សាជីវកម្ម SCG ក្នុងការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាម ជាមួយទស្សនៈ “ផលប្រយោជន៍រួម ចែករំលែកហានិភ័យ"៕
បកប្រែដោយ Huyen Trang