ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp និងធនាគារ UOB នៃប្រទេសសិង្ហបុរី
នាព្រឹកថ្ងៃទី២ ខែធ្នូនេះ (តាមម៉ោងក្នុងស្រុក) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។
ក្នុងជំនួបជាមួយអគ្គនាយកក្រុមហ៊ុន Sembcorp លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Sembcorp ដែលបានវិនិយោគលើគម្រោងចំនួន ១៨ ជាសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) មានទីតាំងនៅតាមខេត្ត-ក្រុងចំនួន ១៣ កន្លែង និងបង្កើតការងារសម្រាប់កម្មករជាង ៣០០.០០០ នាក់នៅវៀតណាម។ លោកបានសម្តែងគោលបំណងចង់ឲ្យ Sembcorp បន្តបើកទូលាយកិច្ចសហប្រតិបត្តិការនៅវៀតណាម ដោយផ្តោតលើ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្មឆ្លាតវៃ ទំនើប និរន្តរភាព និងអនុវត្តគម្រោងថាមពលស្អាត។
|
|
ប្រធានរដ្ឋសភាលោក Tran Thanh Man ទទួលជួបលោក Wee Ee Cheong អនុប្រធាន និងជានាយកប្រតិបត្តិនៃ United Overseas Bank Group (រូបថត៖ VOV) |
រីឯខ្លួនវិញ ប្រធានក្រុមហ៊ុន Sembcorp លោក Lee Ark Boon បានបញ្ជាក់ថា VSIP គឺជានិមិត្តសញ្ញានៃភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរីនិងវៀតណាម; វាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវិនិយោគនិងធ្វើអាជីវកម្ម; ទន្ទឹមនឹងនោះ ប្តេជ្ញាបន្តវិនិយោគយ៉ាងច្រើននៅក្នុង VISIP ក៏ដូចជាគម្រោងនៅតាមបណ្តាខេត្ត ក្រុងនានា ដោយផ្តោតលើការវិនិយោគលើគម្រោងបៃតង និងបច្ចេកវិទ្យាខ្ពស់។
ក្នុងជំនួបជាមួយលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB) ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍហិរញ្ញវត្ថុបៃតង និងបច្ចេកវិទ្យាថាមពល ថាមពលកកើតឡើងវិញ ថាមពលបៃតង និងវិស័យជាប្រៀបខ្លាំងរបស់សិង្ហបុរី។ លោកបានអះអាងថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចបរទេសក្នុងនោះមានធនាគារ UOB បើកទូលាយសកម្មភាពវិនិយោគលើវិស័យទាំងនេះផងដែរ។
ដោយវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនិងសក្ដានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម លោក Wee Ee Cheong បានអះអាងថា វៀតណាមតែងតែស្ថិតក្នុងទីផ្សារកំពូលដែល UOB ចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការ និងវិនិយោគរយៈពេលវែង។ យោងតាមលោក Wee Ee Cheong ក្នុងនាមជាធនាគារសិង្ហបុរីតែមួយគត់ដែលកំពុងប្រតិបត្តិការនៅវៀតណាម UOB ចង់បង្កើនវត្តមានរបស់ខ្លួនបន្ថែមទៀតតាមរយៈការបើកសាខានៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់វៀតណាមនាពេលអនាគត បន្តផ្តល់ហិរញ្ញប្បទានដល់សហគ្រាសវិនិយោគបរទេសដែលមាន និងកំពុងធ្វើអាជីវកម្មនៅវៀតណាម៕
តាម vovworld.vn