លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី២ មេសា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Gennady Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាម។
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ក្នុងរយៈពេលកន្លងមក ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានការអភិវឌ្ឍជាបន្តបន្ទាប់ បន្តពង្រឹងទំនុកចិត្តខាងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ។ រក្សាសន្ទុះកំណើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ថាមពល ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោក Gennady Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាម |
លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូលក្នុងគោលនយោបាយការបរទេស។ វៀតណាមមានបំណងចង់រក្សាទំនាក់ទំនងប្រពៃណីល្អ ឆ្លើយតបទៅនឹងផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ និងរួមចំណែករក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ និងលើពិភពលោក។
លោកអគ្គលេខាបក្ស To Lam បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត Gennady Bezdetko និងទីភ្នាក់ងារនៃប្រទេសទាំងពីរក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ដើម្បីបន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងឆ្នាំ ២០២៥ ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស To Lam បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ កំណត់ទិសដៅ វិធានការ និងគម្រោងសហប្រតិបត្តិការថ្មីក្នុងវិស័យការពារជាតិ សន្តិសុខ បច្ចេកវិទ្យាខ្ពស់ ថាមពល ថាមពលនុយក្លេអ៊ែរ វិទ្យាសាស្ត្រ និងវប្បធម៌។ល។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក Gennady Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាម |
នាពេលខាងមុខ ភាគីទាំងពីរត្រូវតែខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទ្វេភាគី ពិនិត្យ និងដោះស្រាយរាល់ឧបសគ្គដែលនៅសេសសល់ តាមរយៈនោះ ពង្រីកនិងបង្កើតរបកគំហើញនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រីឯលោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានអះអាងថា សហព័ន្ធរុស្ស៊ីចាត់ទុកវៀតណាមជាដៃគូប្រពៃណីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានសន្យាថានឹងបន្តជំរុញស្ថាប័នពាក់ព័ន្ធរបស់រុស្ស៊ី សហការយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាម ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅថែមទៀត។
លោកឯកអគ្គរដ្ឋទូតផ្ទាល់ខ្លួន និងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាម នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសលើវិស័យសសរស្តម្ភដូចជា យោធា - សន្តិសុខ ពាណិជ្ជកម្ម - វិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដែលមានសក្តានុពល។ លោកឯកអគ្គរដ្ឋទូត Gennady Bezdetko ឲ្យដឹងថា ក្នុងឱកាសរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំទីក្រុងហាណូយនឹងរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep