ចំណងសាមគ្គីភាព ស្អិតរមួតរវាងវៀតណាម និងឡាវពោរពេញទៅដោយមោទនភាព
កប.អនឡាញ - ជាមិត្ត និងជាសមមិត្តជិតស្និទ្ធ ថ្ងៃនេះ (ថ្ងៃទី ២ ធ្នូ) បក្ស រដ្ឋ និងប្រជាជនវៀតណាមមានសេចក្ដីសប្បាយរីករាយដោយបានរួមជាមួយបក្ស រដ្ឋ និងប្រជាជនឡាវ អបអរសាទរខួបលើកទី ៤៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤)។
កាលពី៤៩ ឆ្នាំមុន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ មហាសន្និបាតតំណាងទូទាំងប្រទេសឡាវ បានចេញសេចក្តីសម្រេចចិត្ដជាប្រវត្តិសាស្ត្រមួយដើម្បីបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាបុព្វហេតុនៃការតស៊ូរំដោះជាតិរបស់ប្រជាជនឡាវ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សបដិវត្តន៍ប្រជាជនឡាវ បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ ដោយសរសេរទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជនឡាវ ដែលនាំប្រទេសឡាវចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍន៍ដ៏ភ្លឺស្វាង។ នេះមិនត្រឹមតែជាជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនឡាវប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះដ៏អស្ចារ្យនៃទំនាក់ទំនងពិសេស សម្ព័ន្ធភាពប្រយុទ្ធដ៏ស្មោះត្រង់រវាងប្រជាជាតិទាំងពីរ។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ យើងមានសេចក្តីសោមនស្សរីករាយដែលឃើញថា ក្នុងរយៈពេលកន្លះសតវត្សកន្លងមក ជាពិសេសចាប់តាំងពីការផ្លាស់ថ្មីក្នុងឆ្នាំ ១៩៨៦ ប្រជាជនឡាវបានលើកកម្ពស់ប្រពៃណីវីរភាព ជំនះរាល់ការលំបាក បញ្ហាប្រឈមនានា និងសម្រេចបានសមិទ្ធិផលសំខាន់ជាច្រើនក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេស ដោយរក្សារឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ នយោបាយ - សង្គមមានស្ថិរភាព; ជីវភាពរស់នៅទាំងស្មារតី និងសំភារៈរបស់ប្រជាពលរដ្ឋត្រូវបានកែលម្អជាបន្ដបន្ទាប់។ តួនាទី និងកិត្យានុភាពរបស់ប្រទេសកាន់តែខ្លាំងឡើងនៅឆាកតំបន់ និងអន្តរជាតិ។ សមិទ្ធិផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនឡាវសម្រេចបានក៏ជាកម្លាំងចលករ និងការលើកទឹកចិត្តដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការផ្លាស់ថ្មី កសាង និងការពារមាតុភូមិ។
|
|
ចំណងសាមគ្គីភាព ស្អិតរមួតរវាងវៀតណាមនិងឡាវពោរពេញទៅដោយមោទនភាព (រូបថត៖ baonhandan.vn) |
អបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រដែលឡាវសម្រេចបានក្នុងរយៈពេល ៤៩ ឆ្នាំកន្លងមកនេះ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែគាំទ្រយ៉ាងខ្លាំងក្លា និងទូលំទូលាយក្នុងការផ្លាស់ថ្មីរបស់ឡាវ។ ហើយជឿជាក់យ៉ាងមុតមាំថា បន្ដលើកកម្ពស់សមិទ្ធិផលដែលសម្រេចបាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ និងអស្ចារ្យជាច្រើនទៀត កសាងប្រទេសឡាវឲ្យមានសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ សាមគ្គី យុត្ដិធម៌ អរិយធម៌ វិបុលភាពតាមគោលដៅនៃសង្គមនិយម។
ទន្ទឹមនឹងសមិទ្ធិផលដែលបក្សទាំងពីរ រដ្ឋនិងប្រជាជនទាំងពីរសម្រេចបាននាពេលថ្មីៗនេះ យើងមានមោទនភាពយ៉ាងខ្លាំងដែលឃើញថា ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវដែលកសាងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong និងបានពូនជ្រំដោយញើស ឈាមស្រស់សាចស្រស់ ការខិតខំប្រឹងប្រែងនៃថ្នាក់ដឹកនាំគ្រប់ជំនាន់ និងឆ្លងកាត់ការលំបាកនិងឧបសគ្គជាច្រើន ដើម្បីឯករាជ្យ សេរីភាព និងសុភមង្គលរបស់ប្រជាជាតិទាំងពីរ ហើយត្រូវបានពង្រឹងនិងពង្រីកឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុនៃការផ្លាស់ថ្មី កសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ។
បក្ស រដ្ឋ និងប្រជាជនវៀតណាមមានមោទនភាពគឺជាមិត្ត ជាសមមិត្ត ជាបងប្អូនដ៏ស្មោះត្រង់និងស្អិតរមួតជាមួយឡាវ។ ព្រមទាំងយកចិត្ដទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សូមជូនពរឱ្យចំណងសាមគ្គីភាព ស្អិតរមួតរវាងវៀតណាមនិងឡាវកាន់តែរីកចម្រើនជារៀងរហូត ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍និងវិបុលភាពនៅក្នុងតំបន់និងពិភពលោក៕
បកប្រែដោយ Pham Diep