ហុងគ្រីប្រគល់គ្រឿងឥស្សរិយយសជូនអ្នកការទូតវៀតណាម
កប.អនឡាញ - នៅទីស្នាក់ការក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសហុងគ្រីក្នុងទីក្រុង Budapest លោកស្រី Nguyen Thi Bich Thao ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅហុងគ្រី បានទទួលគ្រឿងឥស្សរិយយសរបស់ហុងគ្រីសម្រាប់ការរួមចំណែកដ៏ធំធេងរបស់លោកស្រីក្នុងការពូនជ្រំ និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។
នេះគឺជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូដែលរដ្ឋហុងគ្រីប្រគល់ជូនបុគ្គលដែលមានការរួមចំណែកជាវិជ្ជមានក្នុងសកម្មភាពវប្បធម៌ វិទ្យាសាស្ត្រ សិល្បៈ ឬ ជំនាញក្នុងការលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសហុងគ្រី និងលើកកម្ពស់តម្លៃមនុស្សជាតិ។
|
|
លោកស្រី Nguyen Thi Bich Thao ទទួលគ្រឿងឥស្សរិយយស (រូបថត៖ vovworld.vn) |
ក្នុងពិធីនេះ តំណាងហុងគ្រីបានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោកស្រី Nguyen Thi Bich Thao ឯកអគ្គរដ្ឋទូតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យការបរទេស សេដ្ឋកិច្ច អប់រំ និងបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ លោកស្រីក៏បានរួមចំណែកជាច្រើនក្នុងការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយសភា ស្ថាប័ននានានៃរដ្ឋាភិបាល និងមូលដ្ឋាននានានៃប្រទេសហុងគ្រី ហើយរៀបចំសកម្មភាពជាច្រើនក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីវៀតណាម ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរក្នុងសហគមន៍ហុងគ្រី។
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao បានសម្តែងនូវកិត្តិយស មោទនភាពនិងអារម្មណ៍រំភើបចិត្ដនៅពេលទទួលបានគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាពីរដ្ឋហុងគ្រី។ លោកស្រីបានសន្យាថា ក្នុងមុខតំណែងណាក៏ដោយក៏លោកស្រីនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពង្រឹងមិត្តភាព ទំនុកចិត្ត និងការអភិវឌ្ឍដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh