លោកអគ្គលេខាបក្ស To Lam សម្តែងនូវក្តីសប្បាយរីករាយដែលឃើញថា ទំនាក់ទំនង វៀតណាម-ឡាវ កំពុងអភិវឌ្ឍដ៏ល្អដោយឥតឈប់ឈរលើគ្រប់វិស័យ ដែលក្នុងនោះ ទំនាក់ទំនងនយោបាយបន្តត្រូវបានពង្រឹង; កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខត្រូវបានជំរុញប្រកបដោយប្រសិទ្ធភាព; កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេសមានការរីកចម្រើនជាវិជ្ជមាន។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ឡាវ ជានិច្ចកាលដើរតួនាទីយ៉ាងសំខាន់ជាពិសេស និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ព្រមទាំងចាត់ទុកថានេះជាភារកិច្ចយុទ្ធសាស្ត្រមួយ ហើយមានសារសំខាន់ចំពោះបុព្វហេតុបដិវត្តន៍ ការកសាង និងការការពារមាតុភូមិរបស់ប្រជាជនវៀតណាម។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្ស To Lam បានជម្រាបជូនលោក Thongloun Sisoulith អំពីស្ថានភាពនាពេលថ្មីៗនេះនៅវៀតណាម  កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមដើម្បីសម្រេចបានគោលដៅដែលបានកំណត់ដោយមហាសន្និបាតលើកទី ១៣ និងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់មហាសន្និបាតបក្សលើកទី ១៤។ លោកអគ្គលេខាបក្ស To Lam ក៏បានចែករំលែកនូវគោលការណ៍ និងសេចក្តីសម្រេចសំខាន់ៗមួយចំនួនរបស់បក្ស និងរដ្ឋវៀតណាម ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី - យុគសម័យឈានទៅមុខរបស់ប្រជាជាតិវៀតណាម។

leftcenterrightdel
លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សប្រជាជនបដិវត្តន៍ឡាវនៅកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖ vnanet.vn)

រីឯលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃកិច្ចសន្ទនាតាមទូរស័ព្ទនេះ ដែលបង្ហាញពីទំនាក់ទំនងសាមគ្គីភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

លោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា ឡាវនឹងបន្តគាំទ្រ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សា និងពូនជ្រំទំនាក់ទំនងពិសេសនេះ ឱ្យរីកចម្រើន និងកាន់តែប្រសើរឡើង។ លោកក៏បានជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកអគ្គលេខាបក្ស To Lam វៀតណាមនឹងអនុវត្តភារកិច្ចដែលបានកំណត់ប្រកបដោយជោគជ័យ ឈានចូលយុគសម័យថ្មី យុគសម័យឈានទៅមុខរបស់ប្រជាជាតិ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើទិសដៅជាក់លាក់មួយចំនួន ដើម្បីអនុវត្តកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់វៀតណាម-ឡាវ ជំរុញយន្តការដែលមានស្រាប់ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រឹងទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang