ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម ផ្ញើសារលិខិតជូនពរទិវាបុណ្យឯករាជ្យជាតិឡាវ
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៤៩ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤) នាថ្ងៃទី ២ ខែធ្នូ លោកអគ្គលេខាបក្ស To Lam លោកប្រធានរដ្ឋ Luong Cuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Tran Thanh Man បានផ្ញើសារលិខិតជូនពរចំពោះលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។
ក្នុងសារលិខិតជូនពរចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម បានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយចំពោះបុព្វហេតុផ្លាស់ថ្មីរបស់ឡាវ ដោយជឿជាក់ថា ប្រទេស និងប្រជាជនឡាវនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងធំធេងថែមទៀត ក្នុងបុព្វហេតុផ្លាស់ថ្មី និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាពតាមគោលដៅសង្គមនិយម។
|
|
លោកអគ្គលេខាបក្ស To Lam ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ នៅរសៀលថ្ងៃទី១ ខែធ្នូ (រូបថត៖ vnanet.vn) |
ថ្នាក់ដឹកនាំវៀតណាមបានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ កំពុងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុផ្លាស់ថ្មី និងការអភិវឌ្ឍន៍នៅក្នុងប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំវៀតណាមក៏បានអះអាងថា វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាពជាមួយបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនឡាវ ដើម្បីរក្សា ការពារ និងពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេសនេះឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
ក្នុងឱកាសនេះ លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ក៏បានផ្ញើសារលិខិតជូនពរចំពោះលោក Bounleua Phandanouvong ប្រធានស្តីទីនៃគណៈទាក់ទងបរទេសមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងលោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ; លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្ញើសារលិខិតជូនពរចំពោះលោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ៕
បកប្រែដោយ Huyen Trang