ក្នុងបរិបទបច្ចុប្បន្ន សមាជិកសភាជប៉ុនវាយតំលៃខ្ពស់ចំពោះសារៈសំខាន់ និងការរួមចំណែកនៃដំណើរទស្សនកិច្ចរបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជាមួយនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី មិនត្រឹមតែរវាងរដ្ឋសភាទាំងពីរប៉ុណ្ណោះទេ ថែមទាំងជំរុញ “ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាព នៅអាស៊ី និងពិភពលោក” ដែលបង្កើតឡើងដោយវៀតណាម និងជប៉ុនក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ឲ្យឡើងដល់កម្រិតកំពស់ថ្មីមួយទៀតផងដែរ។

នេះជាអ្វីដែលសមាជិកសភាតំណាងរាស្រ្តជប៉ុន លោក Soramoto Seiki បានបញ្ជាក់នៅក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកយកព័ត៌មាននៃស្ថានីយវិទ្យុសំឡេងវៀតណាមប្រចាំនៅក្នុងទីក្រុងតូក្យូ។

leftcenterrightdel
លោក Soramoto Seiki ផ្តល់សម្ភាសន៍ដល់អ្នកយកព័ត៌មាននៃស្ថានីយ៍វិទ្យុសម្លេងវៀតណាមប្រចាំទីក្រុងតូក្យូ

អ្នកយកព័ត៌មាន៖ ជាដំបូង សូមអរគុណលោកដែលបានចំណាយពេលផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃស្ថានីយ៍វិទ្យុសម្លេងវៀតណាមប្រចាំទីក្រុងតូក្យូ។ ដូចដែលយើងដឹងហើយថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ វៀតណាម និងជប៉ុន បានដំឡើងទំនាក់ទំនងការទូតឡើងកម្រិតនៃ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក"។ អាស្រ័យលើនេះ តើកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋសភាវៀតណាម និងសភាជប៉ុន បានរួមចំណែកយ៉ាងណាក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ?

លោក Soramoto៖ ជាដំបូង ខ្ញុំសូមបញ្ជាក់ថា ការផ្លាស់ប្តូររវាងប្រជាជនជប៉ុន និងវៀតណាម គឺស្ថិតក្នុងដំណាក់កាលល្អបំផុតដែលមិនធ្លាប់មានពីមុនមក។

ក្នុងបរិបទនោះ រដ្ឋសភានៃប្រទេសទាំងពីរក៏បានបន្តរឹតបន្តឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងសមាជិកសភា។ សកម្មភាពទាំងនេះរបស់រដ្ឋសភានៃប្រទេសទាំងពីរបានបង្កើតភាពរំភើបចិត្តយ៉ាងខ្លាំងសម្រាប់ភាគីទាំងពីរ រួមចំណែកដល់ការអភិវឌ្ឍន៍ទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេស ប្រទេសទាំងពីរក្លាយជា "ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាពនិងវិបុលភាព នៅអាស៊ី និងពិភពលោក” កាលពីចុងឆ្នាំមុន។

ការរួមវិភាគទានរបស់រដ្ឋសភានៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីគឺពិតជាធំធេងណាស់ និងមានសារៈសំខាន់ ទាក់ទិននឹងច្បាប់ គោលនយោបាយ និងសកម្មភាពជាក់លាក់មួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ ភាគីជប៉ុននឹងមិនឈប់ត្រឹមកម្រិតនោះទេ ប៉ុន្តែនៅពេលអនាគតពីទិដ្ឋភាព និងវិស័យជាច្រើននឹងបន្តខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ សមាជិកសភាទាំងឡាំយក៏នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ។ លើសពីនេះ យើងនឹងធ្វើការឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សន្តិសុខសង្គម... ហើយសមាជិករដ្ឋសភានឹងរួមដៃគ្នាគាំទ្រទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

អ្នកយកព័ត៌មាន៖ នាពេលទៅមុខ តើរដ្ឋសភានៃប្រទេសទាំងពីរគួរធ្វើយ៉ាងណា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន? ហើយតើលោកផ្ទាល់ ក្នុងនាមជាសមាជិកសភា តើលោកមានគម្រោងជាក់លាក់ណាមួយទាក់ទងនឹងគោលដៅនេះដែរឬទេ?

លោក  Soramoto៖ ដូចដែលយើងដឹងហើយថា ក្នុងឆ្នាំ ២០០៩ ប្រទេសជប៉ុន និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទ្វេភាគី (JVEPA) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរបាននាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដល់កម្រិតកំពស់ថ្មីមួយ។ ជប៉ុនបាននឹងកំពុងជួយវៀតណាមលើវិស័យមួយចំនួនដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់ទុនសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ...

នៅលើមូលដ្ឋាននោះ និងក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រួមជាមួយនឹងការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យើងគួរតែចាប់ផ្តើមពីវិស័យបណ្តុះបណ្តាលធនធានមនុស្ស។

ការដែលវៀតណាមបញ្ជូនអ្នកជំនាញ និងធនធានមនុស្សមានគុណភាពខ្ពស់ទៅប្រទេសជប៉ុន ហើយផ្ទុយទៅវិញ ជប៉ុនបញ្ជូនអ្នកជំនាញ និងវិស្វករទៅវៀតណាមដើម្បីផ្លាស់ប្តូរ រៀនពីគ្នាទៅវិញទៅមក និងធ្វើការជាមួយគ្នានោះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យជ្រាលជ្រៅ។

បន្ទាប់មកទៀត នៅពេលដែលការជួបប្រាស្រ័យ និងផ្លាស់ប្តូរធនធានមនុស្សក្លាយជាប្រចាំនោះ ប្រទេសទាំងពីរត្រូវពិចារណាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសន្តិសុខសង្គមទ្វេភាគី សូម្បីតែពិចារណាលើចក្ខុវិស័យកាន់តែខ្ពស់ និងឆ្ងាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវិសាលភាព "យុទ្ធសាស្ត្រ" ។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ រដ្ឋសភានៃប្រទេសទាំងពីរត្រូវបញ្ចូលទៅក្នុងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ច្បាប់របស់ប្រទេសនីមួយៗ ដើម្បីពិភាក្សា និងស្វែងរកទិសដៅ និងវិធានការដើម្បីបង្កើតមូលដ្ឋានច្បាប់ចាំបាច់សម្រាប់អនាគត។

សម្រាប់ខ្ញុំ ខ្ញុំក៏មានផែនការផ្ទាល់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយនឹងបន្តខិតខំប្រឹងប្រែង ជាដំបូងគឺការរួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបន្ទាប់ទៀតគឺធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ រួមកម្លាំងដើម្បីសម្រេចគោលដៅរួម។

អ្នកយកព័ត៌មាន៖ តើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់ លោក Tran Thanh Man  ប្រធានរដ្ឋសភាវៀតណាម មានអត្ថន័យយ៉ាងណា ហើយតើវាមានការរួមចំណែកអ្វីខ្លះក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី រួមទាំងរដ្ឋសភានៃប្រទេសទាំងពីរ?

លោក Soramoto៖ ទាក់ទងនឹងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុនរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម អាចនិយាយបានយ៉ាងប្រាកដថា សកម្មភាពការទូតរបស់សភាដ៏សំខាន់នេះនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងដែលមានភាពជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមករវាងសមាជិកសភានៃប្រទេសទាំងពីរនេះកាន់តែស៊ីជម្រៅថែមទៀត។

យើងមានក្តីសង្ឃឹមជាច្រើនសម្រាប់ដំណើរទស្សនកិច្ចនេះ។ ក្រៅពីការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន យើងសង្ឃឹមថា ប្រធានរដ្ឋសភាវៀតណាមនឹងផ្តោតការពិភាក្សាស៊ីជម្រៅ និងជាក់លាក់ជាមួយភាគីជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកទេស រវាងប្រទេសទាំងពីរ និងវិធានការ ដើម្បីពង្រឹងតំណភ្ជាប់ក្នុងវិស័យនេះ។ ប្រការនេះនឹងរួមចំណែកដល់ដំណើរការកសាងប្រទេសប្រកបដោយវិបុលភាព សម្រាប់ទាំងជប៉ុន និងវៀតណាម ហើយនឹងជាកម្លាំងចលករសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយទ្វេភាគីកាន់តែរីកច្រើនថែមទៀតនាពេលខាងមុខ។

ខ្ញុំក្នុងនាមជាអ្នកស្រាវជ្រាវផ្នែកវិស្វកម្ម ជាពិសេសថាមពលនុយក្លេអ៊ែរ ហើយតាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំដឹងថាវៀតណាមនៅតែមានសក្កានុពលជាច្រើនដើម្បីអភិវឌ្ឍន៍។ នាពេលខាងមុខ ឧស្សាហកម្មវៀតណាមជាច្រើននឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងខ្លាំងក្លា។ ដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម គឺទាន់ពេលវេលា ដើម្បីចាប់រលកនេះ ហើយនឹងរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតគោលនយោបាយនានា ដើម្បីសម្រេចបាននូវគោលដៅរួមជាច្រើនរបស់ប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Duy Hoan