វៀតណាមគឺជាគោលដៅដ៏ល្អសម្រាប់អ្នកវិនិយោគដាណឺម៉ាក
កប.អនឡាញ - នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុង Copenhagen ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅដាណឺម៉ាក លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Soren Gade ប្រធានរដ្ឋសភាដាណឺម៉ាក ។
លោក Soren Gade បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដែលនាំវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។ លោក Soren Gade អះអាងថា ដាណឺម៉ាកចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ និងជាគោលដៅដ៏ល្អសម្រាប់វិនិយោគិនដាណឺម៉ាក និងសង្ឃឹមថា ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹង និងឈានដល់កម្រិតខ្ពស់ថ្មី។ លោក Tran Hong Ha បានអះអាងថា ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះដាណឺម៉ាក ហើយមានបំណងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌទំនាក់ទំនងដែលបានបង្កើតឡើងរវាងប្រទេសទាំងពីរ បុងវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។
|
|
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម ជួបសវនាការជាមួយលោក Soren Gade ប្រធានរដ្ឋសភាដាណឺម៉ាក |
លោក Soren Gade និងលោក Tran Hong Ha បានឯកភាពថា នាពេលខាងមុខ ប្រទេសទាំងពីរត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងជំរុញរដ្ឋសភានៃបណ្តាប្រទេសជាសមាជិកដែលនៅសល់នៃសហភាពអឺរ៉ុបនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នាពេលឆាប់ៗនេះ។
នាថ្ងៃដដែល លោក Tran Hong Ha បានជួបពិភាក្សាការងារជាមួយ លោក Lars Aagaard រដ្ឋមន្ត្រីក្រសួងអាកាសធាតុ ថាមពល និងសេវាកម្មរបស់ដាណឺម៉ាក ។ ក្នុងឱកាសនេះ លោក Tran Hong Ha និងលោក Lars Aagaard អញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរផែនការសកម្មភាពរួមដំណាក់កាល ២០២៤-២០២៥ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្របៃតង និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងដាណឺម៉ាក៕
បកប្រែដោយ Duy Hoan