នៅក្នុងជំនួប លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ចំពោះការថែរក្សា និងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តភក្តិប្រពៃណី ក្នុងនោះមានប៊ុលហ្គារី ដោយចាត់ទុកប៊ុលហ្គារីជាច្រកទ្វារដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) ព្រមទាំងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់រវាងប៊ុលហ្គារី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបជាមួយលោក Rumen Radev ប្រធានាធិបតីប៊ុលហ្គារី

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចពិភាក្សា និងជំនួបសវនាការរវាងប្រធានាធិបតីប៊ុលហ្គារីជាមួយថ្នាក់ដឹកនាំវៀតណាម ក៏ដូចជាការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី លោកអគ្គលេខាបក្ស To Lam បានពិភាក្សាជាមួយលោកប្រធានាធិបតី Rumen Radev អំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួនដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឆ្ពោះទៅកម្ពស់ថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យដែលប៊ុលហ្គារីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការដូចជា៖ កសិកម្ម ឧស្សាហកម្ម    បច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិម្មិត ការស្រាវជ្រាវអវកាស។ល។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបជាមួយលោក Rumen Radev ប្រធានាធិបតីប៊ុលហ្គារី

រីឯខ្លួនវិញ លោកប្រធានាធិបតី Rumen Radev បានជម្រាបជូនលោកអគ្គលេខាបក្សអំពីលទ្ធផលល្អនៃកិច្ចពិភាក្សាជាមួយ លោកប្រធានរដ្ឋ Luong Cuong  ដោយអះអាងថា ប៊ុលហ្គារីជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីល្អរវាងប្រទេសទាំងពីរ ដោយចាត់ទុកវៀតណាមជាដៃគូនាំមុខរបស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍។ យោងតាមលោកប្រធានាធិបតី Rumen Radev ប៊ុលហ្គារីចាត់ទុកកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយប៊ុលហ្គារី និងបក្សកុម្មុយនិស្តវៀតណាមជាបណ្តាញដ៏សំខាន់មួយក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។ លោកប្រធានាធិបតី Rumen Radev ក៏បានឯកភាពជាមួយវិធានការសំខាន់ៗដែលលោកអគ្គលេខាបក្ស To Lam បានលើកឡើង សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងទៀត។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការយ៉ាងឱឡារិក លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Rumen Radev ប្រធានាធិបតីប៊ុលហ្គារី។

នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាយ៉ាងទូលំទូលាយអំពីទិសដៅសំខាន់ៗ និងវិធានការជាក់ស្តែង សំដៅបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកំពស់ទំនាក់ទំនងនាពេលខាងមុខ។ ទាក់ទងនឹងវិស័យនយោបាយ និងការទូត ភាគីទាំងពីរបានឯកភាពបន្តបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់លើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនបន្ថែមទៀត។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong និងលោក Rumen Radev ប្រធានាធិបតីប៊ុលហ្គារី

ទាក់ទងនឹងពាណិជ្ជកម្ម និងវិនិយោគ ប្រមុខរដ្ឋទាំងពីរបានអះអាងថា នេះជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ លោកប្រធានរដ្ឋ Luong Cuong បានវាយតម្លៃខ្ពស់ចំពោះប៊ុលហ្គារីដែលជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ដំបូងគេ ដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - EU (EVIPA)។ លោកបានស្នើឲ្យប៊ុលហ្គារីមានសំឡេងក្នុងការជំរុញឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបដែលនៅសេសសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA ហើយគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដើម្បីដក "កាតលឿង"  IUU លើការនាំចេញជលផលរបស់វៀតណាមឱ្យបានឆាប់ៗ។

ដោយយល់ស្របនឹងប្រសាសន៍ ក៏ដូចជាសំណើរបស់លោកប្រធានរដ្ឋ Luong Cuong លោកប្រធានាធិបតី Rumen Radev បានចាត់ទុកថា ជាមួយនឹងសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើនឋានៈនយោបាយកាន់តែខ្ពស់ វៀតណាមគឺជាកត្តាសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយលោកបានអះអាងថា ប៊ុលហ្គារីចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ និងមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

បន្ទាប់ពីជំនួបពិភាក្សា លោកប្រធានរដ្ឋ Luong Cuong និងលោកប្រធានាធិបតី Rumen Radev បានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរលើវិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។ ភាគីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោក Rumen Radev ប្រធានាធិបតីប៊ុលហ្គារី នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Rumen Radev។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Rumen Radev

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឲ្យសក្តិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ។ លោកប្រធានាធិបតី Rumen Radev បានឯកភាពលើសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីវិធានការសហប្រតិបត្តិការចំនួន ៦ ដែលត្រូវការពង្រឹង រួមមាន៖ ពង្រឹងទំនុកចិត្តនយោបាយ; ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់ ៥០០ លានដុល្លារអាមេរិកនាពេលខាងមុខ; ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ ដែលជាវិស័យប្រពៃណីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការការងារ ដែលជាវិស័យមួយដ៏មានសក្តានុពលជាច្រើន; ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU); ពង្រឹងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងសម្របសម្រួលរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២៥) នៅឆ្នាំក្រោយ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកប្រធានាធិបតី Rumen Radev បានអះអាងថា នឹងជំរុញបណ្តាប្រទេស EU ដែលនៅសេសសល់ ធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (EVIPA) គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឲ្យឆាប់ដក “កាតលឿង” (IUU) សម្រាប់ការនាំចេញជលផលវៀតណាមទៅទីផ្សារសហភាពអឺរ៉ុប។

លោកប្រធានាធិបតី Rumen Radev បានវាយតម្លៃថា វៀតណាមជាទីផ្សារដ៏មានសក្តានុពលបំផុតរបស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍ ហើយឲ្យដឹងថា សហគ្រាសប៊ុលហ្គារីឈានមុខគេជិត ៣០ បានអមដំណើរលោកក្នុងដំណើរទស្សនកិច្ចលើកនេះនៅវៀតណាម ហើយនឹងចូលរួមវេទិកាធុរកិច្ចវៀតណាម - ប៊ុលហ្គារី ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី ២៧ ខែវិច្ឆិកា៕

បកប្រែដោយ Thanh Cong