វៀតណាមគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម និងតួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិ
កប.អនឡាញ - នារសៀលថ្ងៃទី១០ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំការ និងប្រធានតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ក្នុងឱកាសប្រារព្ធទិវាអង្គការសហប្រជាជាតិ (ថ្ងៃទី ២៤ តុលា)។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម គាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម និងតួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីអនុវត្តដំណោះស្រាយជាសកល គ្រប់ជ្រុងជ្រោយចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន គាំទ្រសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធានាសិទ្ធិមនុស្ស។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានពិភាក្សាលើការយកចិត្តទុកដាក់ជាក់លាក់មួយចំនួនក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិក្នុងដំណាក់កាលខាងមុខ ជាពិសេសក្នុងការអនុវត្តរបកគំហើញយុទ្ធសាស្ត្រទាំងបីរបស់វៀតណាមអំពីគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ក៏ដូចជាការអនុវត្តឯកសារនៃកិច្ចប្រជុំកំពូលអនាគត ការពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងការអនុវត្តសេចក្តីប្រកាសនយោបាយអំពីការបង្កើតទំនាក់ទំនងភាពជាដៃគូសម្រាប់បរិវត្តកម្មថាមពលយុត្តិធម៌ (JETP) ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ។ល។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបអ្នកសម្របសម្រួលប្រចាំការ និងប្រធានតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រីបានជូនដំណឹងអំពីសមិទ្ធិផលមួយចំនួនដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអនុវត្តបណ្តា SDG កិច្ចសន្យាស្តីពីការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខស្បៀងអាហារ និងគោលដៅនាំចេញអង្ករចំនួន ៨ លានតោននៅឆ្នាំ ២០២៤។ លោកនាយករដ្ឋមន្ត្រីបន្តថា វៀតណាមកំពុងផ្តោតលើការអនុវត្តសសរស្តម្ភសំខាន់ចំនួន ៣ រួមមានការកសាងប្រជាធិបតេយ្យសង្គមនិយម នីតិរដ្ឋសង្គមនិយម និងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានវៀតណាម ដោយផ្តោតលើការពិគ្រោះយោបល់គោលនយោបាយ និងការកៀរគរធនធានអន្តរជាតិ លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អភិបាលកិច្ចជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស ការឆ្លើយតបនឹងតម្រូវការ និងស្របតាមទិសដៅអភិវឌ្ឍន៍ និងការផ្តល់អាទិភាពរបស់វៀតណាមដើម្បីក្លាយជាប្រទេសឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
រីឯខ្លួនវិញ អ្នកសម្របសម្រួល Pauline Tamesis និងប្រធានតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះតួនាទី កិច្ចសន្យាយ៉ាងមុតមាំ និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះយន្តការរបស់អង្គការសហប្រជាជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញការអនុវត្តអាទិភាពរួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្នាក់ដឹកនាំនៃបណ្តាអង្គការសហប្រជាជាតិ បានអះអាងនូវកិច្ចសន្យាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយវៀតណាម ក្នុងការអនុវត្តឯកសារនៃកិច្ចប្រជុំកំពូលអនាគត ជំរុញការធ្វើបរិវត្តកម្មឌីជីថល អនុវត្តបញ្ញាសិប្បនិមិត្ត អនុវត្ត JETP ប្រកបដោយជោគជ័យ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន កែលម្អភាពធន់ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងលើកកម្ពស់សុខភាពរបស់ប្រជាជន។ល៕
បកប្រែដោយ Thanh Cong