លោក Luong Cuong ប្រធានរដ្ឋវៀតណាម ជួបជាមួយកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅឈីលី
កប.អឡាញ - ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឈីលី នាយប់ថ្ងៃទី៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិក នៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅឈីលី។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Viet Cuong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់កម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាងវៀតណាមនៅឯបរទេស រួមទាំងប្រទេសឈីលី តាមរយៈនោះ លើកទឹកចិត្តកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតក្នុងការបំពេញភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន។
លោក Nguyen Viet Cuong បានរាយការណ៍ជូនលោក Luong Cuong អំពីស្ថានភាពសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅឈីលី។ ទោះបីជាចំនួនប្រជាជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឈីលីមានចំនួនមិនច្រើនក៏ដោយ ក៏ពួកគេតែងតែសាមគ្គី និងគោរពច្បាប់នៃប្រទេសម្ចាស់ផ្ទះ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងប្រពៃណី ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ស្ថានទូតវៀតណាមប្រចាំនៅឈីលី បានផ្តោតលើការរក្សាទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ។ កម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅឈីលី តែងតែជឿជាក់លើមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋ ក៏ដូចជាតួនាទីដែលកំពុងកើនឡើងរបស់ប្រទេសជាតិ។
|
|
លោក Luong Cuong ថ្លែងក្នុងជំនួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅឈីលី |
ក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Luong Cuong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលដែលស្ថានទូត ក៏ដូចជាសហគមន៍ជនវៀតណាមនៅឈីលី សម្រេចបានក្នុងការអនុវត្តមាគ៌ា គោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋរបស់វៀតណាម ចូលរួមចំណែកបន្តអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឈីលី។
ចែករំលែកជាមួយសហគមន៍អំពីស្ថានភាពក្នុងស្រុក លោកប្រធានរដ្ឋបានអះអាងថា ទោះបីជាស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកមានភាពស្មុគស្មាញក៏ដោយ ក្រោមការដឹកនាំរបស់បក្ស ជាមួយនឹងការខិតខំប្រឹងប្រែង និងសាមគ្គីភាពនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនគ្រប់មជ្ឈដ្ឋាន វៀតណាមនៅតែរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ហើយការការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី កិច្ចសហប្រតិបត្តិការបរទេសត្រូវបានលើកកម្ពស់ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ និងចាត់ទុកសហគមន៍ជនវៀតណាមនៅបរទេសជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន ដែលជាធនធានរបស់សហគមន៍ប្រជាជាតិ និងជាកត្តាសំខាន់ រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាមនិងប្រទេសនានា។
លោកប្រធានរដ្ឋបានស្នើឲ្យស្ថានទូតបន្តលើកកំពស់តួនាទីជាស្ពានជំរុញទំនាក់ទំនងពិសេសរវាងវៀតណាមនិងឈីលីឲ្យកាន់តែស៊ីជម្រៅ។ លោកប្រធានរដ្ឋជឿជាក់ថា សហគមន៍ជនវៀតណាមនៅឈីលីនឹងកាន់តែអភិវឌ្ឍ បន្តគោរពតាមច្បាប់របស់ប្រទេសម្ចាស់ផ្ទះ រក្សាអត្តសញ្ញាណប្រជាជាតិ ហើយក្លាយជាស្ពានជម្រុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍ៕
បកប្រែដោយ Thanh Cong