បង្កើតកម្លាំងចលករថ្មីសម្រាប់ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឈីលី និងប៉េរូ រួមចំណែកជាវិជ្ជមានដល់ APEC
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Gabriel Boric Font ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងលោកស្រី Dina Ercilia Boluarte Zegarra ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោក Luong Cuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២៤ នៅទីក្រុងលីម៉ា (ប៉េរូ) ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។ នេះជាសកម្មភាពបរទេសសំខាន់ដំបូងរបស់លោកប្រធានរដ្ឋ Luong Cuong បន្តាប់ពីឡើងកាន់តំណែង។
លោកប្រធានរដ្ឋ Luong Cuong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឈីលីក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍជាវិជ្ជមាន ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានរដ្ឋវៀតណាមទៅកាន់ឈីលីក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ។ វៀតណាមនិងឈីលីបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧១។ មកដល់ខែឧសភា ឆ្នាំ២០០៧ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ថ្វីបើភូមិសាស្ត្រនៃប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយក៏ប្រទេសទាំងពីរតែងតែរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ វៀតណាមនិងឈីលីក៏រក្សាបាននូវយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងល្អនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។ អំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បច្ចុប្បន្នឈីលីជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់វៀតណាមនៅអាមេរិកឡាទីន ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ឈីលីក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ ឈានដល់ ១.៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ សម្រេចបាន ១.២៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
|
|
លោកប្រធានរដ្ឋ Luong Cuong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី និងប៉េរូ (រូបថត៖ vnanet.vn) |
ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋ Luong Cuong ទៅកាន់ប្រទេសប៉េរូ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសប៉េរូ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩៤ / ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤)។ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-ប៉េរូ បានមានការអភិវឌ្ឍយ៉ាងវិជ្ជមាន។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជួបទ្វេភាគីក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិយ៉ាងទៀងទាត់។ ប្រទេសទាំងពីរតែងតែរក្សាយន្តការពិគ្រោះយោបល់នយោបាយ និងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល។ អំពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ ប៉េរូគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ របស់វៀតណាម និងជាប្រទេសក្នុងតំបន់អាមេរិកឡាទីនដែលអាជីវកម្មវៀតណាមមានទំហំទុនវិនិយោគធំបំផុត។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ សម្រេចបាន ៤៨៦ លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៤ សម្រេចបាន ២៩៤ លានដុល្លារ។ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (Petrovietnam) មានគម្រោងវិនិយោគចំនួនពីរនៅក្នុងប្រទេសប៉េរូ ដែលមានដើមទុនសរុបចំនួន ១.២៤ ពាន់លានដុល្លារ។
នៅប្រទេសប៉េរូ លោកប្រធានរដ្ឋ Luong Cuong នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ឆ្នាំ ២០២៤ (ហៅកាត់ថា APEC) នៅរដ្ឋធានី Lima។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដល់បច្ចុប្បន្ននេះ APEC ដែលមានបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ២១ បានអះអាងជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរតំបន់ឈានមុខគេ ជាមួយនឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ទូលំទូលាយ។ ឆ្នាំ ២០២៤ គឺខួបលើកទី ៣៥ នៃការបង្កើត APEC ហើយជាឱកាសសម្រាប់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកពិនិត្យឡើងវិញ និងវាយតម្លៃលទ្ធផល និងកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាលថ្មីក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ក្រោមប្រធានបទ "ផ្តល់សិទ្ធិអំណាច បរិយាបន្ន កំណើន” ប្រទេសម្ចាស់ផ្ទះប៉េរូ កំណត់អាទិភាពសំខាន់ៗចំនួនបី រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគដើម្បីកំណើន បរិយាបន្ន និងការតភ្ជាប់ ជំរុញនវានុវត្ដន៍និងឌីជីថលភាវូបនីយកម្ម និងកំណើនប្រកបដោយចីរភាពសម្រាប់ភាពធន់នៃបណ្តាខឿនសេដ្ធកិច្ច។
ក្នុងរយៈពេល ២៦ ឆ្នាំនៃការចូលរួម APEC វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ តភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងរក្សាតួនាទីរបស់ APEC។ វៀតណាមគឺជាសមាជិកមួយក្នុងចំណោមសមាជិកភាគតិចដែលបានទទួលតូនាទីជាម្ចាស់ផ្ទះនៃ APEC ពីរដង; ហើយជាសមាជិកចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើម និងគម្រោងរបស់ APEC។ វៀតណាមក៏បានរួមចំណែកជាច្រើនក្នុងសកម្មភាពរបស់ APEC តាមរយៈការទទួលឋានៈសំខាន់ៗ។ ពីដើមឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន វៀតណាមបានរួមចំណែកជាច្រើនក្នុងដំណើរការកិច្ចសហប្រតិបត្តិការ APEC អនុវត្តគំនិតផ្តួចផ្តើម និងគម្រោងជាច្រើនលើការកែទម្រង់រចនាសម្ព័ន្ធ ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ កសិកម្ម ឆ្លើយតបទៅនឹងអាកាសធាតុ កំណើនប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ បច្ចុប្បន្ន វៀតណាមជាប្រធានក្រុមកសាងរបៀបវារៈ APEC ស្តីពីកំណែទម្រង់រចនាសម្ព័ន្ធ ដំណាក់កាល ២០២៦-២០៣០ ដោយធ្វើជាអធិបតីក្នុងការកសាងរបាយការណ៍គោលនយោបាយសេដ្ឋកិច្ច APEC ឆ្នាំ ២០២៥ ដែលទទួលបានការវាយតម្លៃខ្ពស់ពីសមាជិក APEC ជាច្រើន។ តាមការគ្រោងទុក វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០២៧។
ដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋ Luong Cuong លើកនេះ សំដៅបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនងបរទេស សមាហរណកម្មអន្តរជាតិ ដោយម្ចាស់ការ ស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងបរទេសពហុភាគី តាមស្មារតីនៃមហាសន្និបាតបក្សលើកទី១៣។ រួមចំណែកក្នុងការជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ តភ្ជាប់សេដ្ឋកិច្ច និងតភ្ជាប់ក្នុងតំបន់។ បង្ហាញពីគោលនយោបាយឥតងាករេរបស់វៀតណាមគឺតែងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយឈីលី និងប៉េរូឱ្យបន្តស៊ីជម្រៅ និងមានប្រសិទ្ធភាព។
យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋ Luong Cuong នឹងទទួលបានជោគជ័យ បង្កើតកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងជាមួយប្រទេសឈីលី និងប៉េរូ កាន់តែស៊ីជម្រៅ។ ការចូលរួមរបស់លោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤ គឺជាឱកាសសម្រាប់វៀតណាម បន្តអះអាងនូវតួនាទី និងរួមចំណែកជាវិជ្ជមាន និងការទទួលខុសត្រូវចំពោះ APEC ក៏ដូចជាពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកផងដែរ៕
បកប្រែដោយ Pham Diep