អញ្ជើញចូលរួមកិច្ចប្រជុំមានប្រមុខរដ្ឋាភិបាល/ប្រធានគណៈប្រតិភូមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម; ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងតំណាងនៃអង្គការអន្តរជាតិ និងតំបន់ជាច្រើន។ នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងឡាយបានឯកភាពគ្នាកសាងប្រព័ន្ធនវានុវត្តន៍ GMS ជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួនបីគឺ៖ ឌីជីថលភាវូបនីយកម្ម ការធ្វើបរិវត្តកម្មបៃតង និងការតភ្ជាប់។
ថ្នាក់ដឹកនាំទាំងឡាយក៏បានលើកទឹកចិត្តដល់ការសម្របសម្រួលរវាង GMS ជាមួយយន្តការ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងមហាអនុតំបន់ផ្សេងទៀត ដើម្បីបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍមហាអនុតំបន់។ កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួម និងយុទ្ធសាស្ត្រនវានុវត្តន៍ ដើម្បីការអភិវឌ្ឍ GMS រហូតដល់ឆ្នាំ ២០៣០។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា GMS ត្រូវតែធ្វើនវានុវត្តន៍ ដែលចាប់យកនិន្នាការទូទៅរបស់ពិភពលោកផង និងបម្រើតម្រូវការអភិវឌ្ឍន៍ជាក់លាក់របស់មហាអនុតំបន់ផង។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងខ្លឹមសារសំខាន់ៗចំនួនបីនៃច្រករបៀងសេដ្ឋកិច្ចជំនាន់ថ្មីរួមមាន៖ ច្រករបៀងនៃបច្ចេកវិទ្យានិងនវានុវត្តន៍; ច្រករបៀងនៃកំណើនសេដ្ឋកិច្ច; ច្រករបៀងពណ៌បៃតង និរន្តរភាព និងបរិយាបន្ន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កិច្ចប្រជុំកំពូលលើកនេះនឹងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យ និងគោលដៅរបស់ GMS ព្រមទាំងអះអាងថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាកសាងមហាអនុតំបន់ទន្លេមេគង្គប្រកបដោយភាពទូលាយ នវានុវត្តន៍ និងអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។
* នារសៀលថ្ងៃដដែល នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយប្រមុខរដ្ឋាភិបាល/ប្រធានគណៈប្រតិភូមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី - ចៅប្រាយ៉ា - មេគង្គ (ACMECS) លើកទី ១០។ កិច្ចប្រជុំក្រោមប្រធានបទ "ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនដើម្បីសមាហរណកម្មមហាអនុតំបន់មេគង្គ"។
អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមបន្តចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានភាពច្នៃប្រឌិតក្នុងដំណើរការអភិវឌ្ឍន៍ ACMECS ដែលខិតខំកសាង “ACMECS មួយរឹងមាំដើម្បីអាស៊ានសាមគ្គីភាព ឯកភាពក្នុងភាពចម្រុះ និងអភិវឌ្ឍន៍ស្មើគ្នា”។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងខ្លឹមសារមួយចំនួនដើម្បីកិច្ចសហប្រតិបត្តិការ ACMECS បង្កើតរបកគំហើញធំមួយនាពេលខាងមុខ។ ទីមួយគឺការត្រិះរិះត្រូវផ្សារភ្ជាប់ទៅនឹងសកម្មភាព ដែលធានាភាពរលូន ពីការកសាងយុទ្ធសាស្ត្ររហូតដល់ការអនុវត្តជាក់ស្តែង។ លោកបានប្រកាសថា វៀតណាមនឹងរួមវិភាគទានថវិកាចំនួន ១០ លានដុល្លារអាមេរិកដល់មូលនិធិអភិវឌ្ឍន៍ ACMECS។
ទីពីរ គឺប្រពៃណីត្រូវផ្សារភ្ជាប់នឹងភាពទំនើប ដែលធានាឱ្យមានការអភិវឌ្ឍ ប្រកបដោយសមាកាលកម្ម និងភាពសុខដុមរមនារវាងវិស័យសេដ្ឋកិច្ចប្រពៃណី និងវិស័យបច្ចេកវិទ្យាទំនើបថ្មី។
ទីបីគឺការអភិវឌ្ឍយ៉ាងឆាប់រហ័សត្រូវផ្សារភ្ជាប់ទៅនឹងនិរន្តរភាព ដែលផ្តោតលើការជំរុញការធ្វើបរិវត្តកម្មបៃតង ការកសាងសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចែករំលែក។
ទី៤គឺ ប្រទេសត្រូវផ្សារភ្ជាប់នឹងតំបន់ និងអន្តរជាតិ ដែលជួយសម្រួលដល់ចរាចរទំនិញ សេវាកម្ម និងការធ្វើដំណើររបស់ប្រជាជនរវាងប្រទេសទាំងប្រាំ; ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់ ជាពិសេសប្រព័ន្ធផ្លូវដែក និងផ្លូវល្បឿនលឿន។
ទី៥ គឺការផ្សារភ្ជាប់រដ្ឋាភិបាលជាមួយប្រជាជននិងអង្គភាពអាជីវកម្ម។
ទី៦ គឺការផ្សារភ្ជាប់ការអភិវឌ្ឍជាមួយការរក្សាស្ថិរភាព និងធានាសន្តិសុខ។
* នារសៀលថ្ងៃទី៧ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ ដែលប្រព្រឹត្តទៅនៅនៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន។
ក្រោមប្រធានបទ “ជំរុញចំណងមិត្តភាព និងសាមគ្គីភាពដើម្បីសហគមន៍ខ្លួនទីពឹងខ្លួន និងវិបុលភាព” កិច្ចប្រជុំបានលើកឡើងទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់សក្តានុពលរបស់ប្រទេសសមាជិក និងទាញយកផលប្រយោជន៍ឱកាសពីនិន្នាការអភិវឌ្ឍន៍ថ្មី ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញនាំមុខគេក្នុងតំបន់ និងបង្កើតរបកគំហើញធំមួយសម្រាប់កិច្ចសហប្រតិបត្តិការ CLMV។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើតរបកគំហើញធំមួយសម្រាប់កិច្ចសហប្រតិបត្តិការ CLMV ដើម្បីតាមទាន់ ទៅជាមួយគ្នា និងឆ្ពោះទៅមុខ ដោយឈរលើមូលដ្ឋានជំរុញកម្លាំងខាងក្នុង និងខាងក្រៅ; មានតែសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទេទើបអាចជួយប្រទេស CLMV ទាំងបួន ពុះពារការលំបាក និងរួមគ្នាកសាងតំបន់ CLMV ប្រកបដោយភាពស្វាហាប និងអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្រោមស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវបាវចនា «៣ថ្មី» ក្នុងទិសដៅនៃកិច្ចសហប្រតិបត្តិការ CLMV នាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលឲ្យតម្លៃលើកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ហើយនឹងបន្តរួមចំណែកឲ្យអស់ពីសមត្ថភាពរបស់ខ្លូនដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ មានផលប្រយោជន៍ទៅវិញទៅមក ក្នុងបំណងដើម្បីប្រទេសទាំងបីតាមទាន់ទៅជាមួយគ្នា និងឆ្ពោះទៅមុខ ក្នុងយុគសម័យនៃការអភិវឌ្ឍថ្មី។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងឡាយបានអនុម័តលើសេចក្តីថ្លែងការណ៍រួម និងអញ្ជើញជាសាក្សីក្នុងការផ្ទេរតួនាទីជាប្រធាននៃកិច្ចសហប្រតិបត្តិការ CLMV រវាងមីយ៉ាន់ម៉ា និងវៀតណាម៕
បកប្រែដោយ Huyen Trang
Type the code from the image