លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងពិធីបើក។

ចូលរួមចំណែកក្នុងការលើកកម្ពស់បេសកកម្មរួមរបស់អាស៊ាន

ថ្លែងមតិស្វាគមន៍គណៈប្រតិភូចូលរួម AIPA-45 លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ ប្រធាន AIPA-45 បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ AIPA ដែលជាវេទិកាផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រដើម្បីសម្រេចបាននូវគោលដៅរួមរបស់ AIPA និងអាស៊ាន។ លោក Saysomphone Phomvihane បានស្នើឱ្យ AIPA និងអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក លើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បម្រើផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងបណ្តាប្រតិភូ ចូលរួមពិធីបើកមហាសន្និបាត AIPA-45

ថ្លែងនៅក្នុងពិធីបើក លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះប្រធានបទរបស់ AIPA-45 ដែលមានសារសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ ដោយបញ្ជាក់ពីតួនាទីរបស់ AIPA ជាស្ថាប័ននីតិប្បញ្ញត្តិ ដែលតំណាងឱ្យសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនអាស៊ាន លោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា AIPA រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋានគតិយុត្ត ជាពិសេសក្នុងការដាក់ចេញច្បាប់ ផ្សព្វផ្សាយព័ត៌មានគតិយុត្ត ការផ្តល់សច្ចាប័នលើអនុសញ្ញា និងជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ពង្រឹងទំនាក់ទំនងជាមួយដៃគូ។ លោក Thongloun Sisoulith ជឿជាក់ថា មហាសន្និបាត AIPA-45 នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

* នៅមុនពិធីបើក លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងប្រធានគណៈប្រតិភូសភា/រដ្ឋសភាដែលជាសមាជិក និងអ្នកសង្កេតការណ៍ AIPA បានចូលជួបសម្តែងការគួរសមលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ ប្រធាន AIPA។

វៀតណាមលើកទិសដៅអាទិភាពចំនួន ៥ របស់ AIPA

នារសៀលថ្ងៃទី ១៩ ខែតុលា មហាសន្និបាត AIPA-45 បានបើកសម័យប្រជុំពេញអង្គលើកទីមួយក្រោមប្រធានបទ “តួនាទីរបស់សភាក្នុងការបង្កើនការតភ្ជាប់ និងកំណើនប្រកបដោយបរិយាប័ន្នរបស់អាស៊ាន” ក្រោមអធិបតីភាពលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ ប្រធាន AIPA ឆ្នាំ២០២៤។ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមកិច្ចប្រជុំ និងថ្លែងសុន្ទរកថាលើប្រធានបទនៃកិច្ចប្រជុំដោយមានសារសំខាន់ៗជាច្រើន។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត AIPA-45

ក្នុងសុន្ទរកថាទៅកាន់មហាសន្និបាត AIPA-45 លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា ក្នុងរយៈពេលជិត ៦០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ (១៩៦៧ - ២០២៤) អាស៊ានសម្រេចបាននូវសមិទ្ធិផលជាច្រើនក្នុងការប្រែអាស៊ីអាគ្នេយ៍ទៅជាតំបន់សន្តិភាព វិបុលភាព និងស្ថិរភាព និងជាចំណុចភ្លឺនៅក្នុងកំណើន និងការធ្វើសមាហរណកម្មជាសកល។

យោងតាមលោកប្រធានរដ្ឋសភា Tran Thanh Man កិច្ចសហប្រតិបត្តិការសភានឹងជាកម្លាំងចលករជំរុញការអនុវត្តការកសាងសហគមន៍អាស៊ានផ្អែកលើបទបញ្ញត្តិ បញ្ចេញសម្លេង និងសេចក្តីប្រាថ្នារបស់ប្រជាជន ប្រកាន់យកប្រជាជនជាស្នូលក្នុងរាល់គោលនយោបាយអភិវឌ្ឍន៍ បង្កើតការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងស៊ីជម្រៅសម្រាប់សហគមន៍ និងប្រទេសសមាជិកនីមួយៗ។ លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើថា៖ “ចាំបាច់ត្រូវត្រួតពិនិត្យ និងវាយតម្លៃចំពោះការអនុវត្តផែនការមេឆ្នាំ ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការដល់ឆ្នាំ ២០៤៥; បង្កើនការអភិវឌ្ឍប្រកបដោយសុខដុមរមនា និរន្តរភាព ទូលំទូលាយ និងបរិយាប័ន្ន ដោយមិនទុកនរណាម្នាក់ចោល ផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពសមស្របដល់កិច្ចសហប្រតិបត្តិការអនុតំបន់ ការបង្រួមគម្លាតអភិវឌ្ឍន៍។ AIPA ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនីតិប្បញ្ញត្តិ និងពង្រឹងការទូតសភា; គាំទ្រ និងជួយឧបត្ថម្ភដល់រដ្ឋាភិបាលនៃប្រទេសនានាប្រកបដោយប្រសិទ្ធភាពជាមួយនឹងដំណោះស្រាយដែលអាចធ្វើទៅបានដើម្បីអនុវត្តដោយជោគជ័យនូវគោលដៅដែលអាស៊ានកំណត់ក្នុងការបង្កើនការតភ្ជាប់ និងកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន”។

លោកប្រធានរដ្ឋសភា Tran Thanh Man ជឿជាក់ថា មហាសន្និបាត AIPA-45 នឹងសម្រេចបានលទ្ធផលជាក់ស្តែង។

* នាថ្ងៃដដែល ក្នុងឱកាសចូលរួម AIPA-45 លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាទ្វេភាគីជាមួយលោក Seah Kian Peng ប្រធានរដ្ឋសភាសិង្ហបុរី; លោក Wan Muhamad Noor Matha ប្រធានរដ្ឋសភា និងជាប្រធានសភាជាន់ទាបថៃ; លោក Igor Sergeyenko ប្រធានសភាតំណាងរាស្ដ្រ (សភាជាន់ទាប) នៃប្រទេសបេឡារុស្ស៕

បកប្រែដោយ Huyen Trang