នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក To Lam អគ្គលេខាបក្ស​ ប្រធានរដ្ឋ​វៀត​ណាម​ ទៅកាន់ប្រទេសគុយបា ក្រោយពីជាប់ឆ្នោតជាប្រមុខបក្ស និងរដ្ឋ។ ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ​ ផ្ទាល់ សម្រាប់ទំនាក់ទំនងវៀតណាម-គុយបា។

សម្រាប់វៀតណាម គុយបាជាប្រទេសដែលស្និទ្ធស្នាលបំផុត។ បើទោះនៅឆ្ងាយពីគ្នា ក៏ដោយ ក៏ប្រទេសទាំងពីរតែងតែសម្លឹងឆ្ពោះទៅរកគ្នាទៅវិញទៅមកដោយមនោសញ្ចេតនាសាមគ្គីភាព ស្មោះស្ម័គ្រ ភក្ដីភាព ដូចដែលបានអះអាងដោយលោកប្រធានហូជីមិញថា៖ “វៀតណាម និងគុយបានៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រ” ប្រជាជននៃប្រទេសទាំងពីរមានភាពស្និទ្ធស្នាលដូចបងប្អូន”។ ជាង ៦០ឆ្នាំមុន គឺនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ វៀតណាម និងគុយបាបានបង្កើតទំនាក់ទំនងការទូត។ ចាប់តាំងពីពេលនោះមក ការយកឈ្នះលើចម្ងាយភូមិសាស្ត្រ និងភាពខុសគ្នានៃភាសា វៀតណាម និងគុយបាតែងតែប្រកៀកស្មានឹងគ្នាក្នុងការតស៊ូរំដោះជាតិ ជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុកសាង និងការពារជាតិក្នុងប្រទេសនីមួយៗ។ ប្រជាជនវៀតណាមចងចាំជានិច្ចនូវពាក្យពេចន៍ដែលបង្កប់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅថា “ដើម្បីវៀតណាម គុយបាសុខចិត្តលះបង់ឈាមរបស់ខ្លួន” របស់មេដឹកនាំគុយបា Fidel Castro។

តាមរយៈការឡើងចុះនៃប្រវត្តិសាស្ត្រ ទំនាក់ទំនងវៀតណាម-គុយបាបានក្លាយជានិមិត្តរូបនៃសម័យកាល និងជាគំរូនៃទំនាក់ទំនងអន្តរជាតិ។ បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណងសាមគ្គីភាពជាប្រពៃណី និងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា ដោយចាត់ទុកថាវាជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនទាំងពីរ។ វៀតណាមជានិច្ចកាលរក្សា និងប្តេជ្ញាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា និងមានគោលជំហររឹងមាំលើចំណងសាមគ្គីភាព និងការគាំទ្រសម្រាប់គុយបា។ ខាងភាគីគុយបា ថ្នាក់ដឹកនាំជាន់ខ្ពស់គុយបាបានអះអាងថា វៀតណាមជា “សម្ព័ន្ធមិត្តយុទ្ធសាស្ត្រ” និង “ជាដៃគូអន្តរជាតិទុកចិត្តបំផុត”។

leftcenterrightdel
 

ក្រឡេកទៅមើលរយៈពេលកន្លងមក ទំនាក់ទំនងសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបាត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់បណ្តាញ និងលើគ្រប់វិស័យ។ ទំនាក់ទំនងរវាងបក្សទាំងពីរកាន់តែស៊ីជម្រៅ ដើរតួនាទីជាមូលដ្ឋានគ្រឹះនយោបាយ ដឹកនាំការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីររក្សាសកម្មភាពទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺកម្រិតខ្ពស់។ ភាគីទាំងពីរក៏បានដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវយន្តការនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាល ការសន្ទនាគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ការពិគ្រោះយោបល់នយោបាយនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេស។ ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វៀតណាមបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មអាស៊ីធំទីពីររបស់គុយបា។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការវិនិយោគ វៀតណាមបច្ចុប្បន្នជាវិនិយោគិនបរទេសធំជាងគេរបស់អាស៊ីនៅគុយបា។ នៅវេទិកាអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ភាគីទាំងពីរបានជួយគាំទ្រយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសលើបញ្ហាផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់វៀតណាម។ វៀតណាមនៅតែប្រកាន់ជំហរសាមគ្គីភាពជាមួយគុយបា ប្រឆាំងគោលនយោបាយហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសគុយបា និងអំពាវនាវឱ្យមានការដកចេញបទហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសគុយបា ។

ទោះបីជាស្ថានភាពពិភពលោកមានការផ្លាស់ប្ដូរជាច្រើនក៏ដោយ ក៏ទំនាក់ទំនងសាមគ្គីភាព ភាពជិតស្និទ្ធិ ភក្ដីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរកាន់តែរឹងមាំ ស៊ីជម្រៅ និងកក់ក្តៅ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការទទួលមរតក និងជម្រុញយ៉ាងមុតមាំនូវប្រពៃណីល្អ ប្តេជ្ញានាំទំនាក់ទំនងវៀតណាម-គុយបាទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ផ្តោតលើការដំឡើងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឡើងស្មើរនឹងកម្រិតនៃទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ។

ក្នុងបរិបទនៃការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងវៀតណាម-គុយបា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបារបស់ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ គឺជាព្រឹត្តិការណ៍មួយដែលមានអត្ថន័យធំធេងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះជាឱកាសសម្រាប់ភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការនាំទំនាក់ទំនងវៀតណាម-គុយបាឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់និមួយៗ និងពិភពលោក៕

បកប្រែដោយ Duy Hoan