* នៅក្នុងជំនួបជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងសកម្មរបស់អង្គការសហប្រជាជាតិនៅវៀតណាម ព្រមទាំងស្នើឱ្យអង្គការសហប្រជាជាតិជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសនានាចូលរួមក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងការគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ក៏បានស្នើឲ្យលោក António Guterres បន្តយកចិត្តទុកដាក់ជំរុញវិស័យសហប្រតិបត្តិការដូចជា ការធ្វើបរិវត្តកម្មថាមពល បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល កសាងប្រព័ន្ធអភិបាលកិច្ចឌីជីថល ... ដោយយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងវៀតណាមផងដែរ។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងស្ថាប័នសំខាន់ៗ ក៏ដូចជាក្នុងវិស័យអាទិភាពទាំងអស់នៃសកម្មភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការរក្សាសន្តិភាព និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មថាមពលប្រកបដោយសមធម៌។

ភាគីទាំងពីរបានឯកភាពបន្តការខិតខំប្រឹងប្រែង ពង្រឹងកិច្ចសន្ទនា និងជំរុញទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ និងអាស៊ាន-អង្គការសហប្រជាជាតិ ឱ្យកាន់តែស៊ីជម្រៅនាពេលខាងមុខ លើកកំពស់តួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ ជាពិសេសលើការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ជាពិសេសគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ ភាគីទាំងពីរក៏បានឯកភាពលើវិធានការសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព នាំរបៀបវារៈឆ្នាំ ២០៣០ ត្រឡប់ទៅតាម​គន្លង ការធ្វើបរិវត្តកម្មថាមពល និងលើកកម្ពស់សមត្ថភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលប្រកបដោយប្រសិទ្ធភាព ពង្រឹងការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

* ក្នុងជំនួបជាមួយលោក Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមគាំទ្រយ៉ាងមុតមាំលើពហុភាគីនិយម ដែលអង្គការសហប្រជាជាតិដើរតួនាទីកណ្តាលក្នុងអភិបាលកិច្ចសកល ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់មហាសន្និបាតដែលជាស្ថាប័នសំខាន់បំផុត ដែលរួមមានសមាជិកអង្គការសហប្រជាជាតិទាំងអស់; ជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោក Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិ ព្រមទាំងឯកភាពសហប្រតិបត្តិការជាមួយវៀតណាមដើម្បីជំរុញការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងពហុភាគីនិយម។

* ក្នុងជំនួបជាមួយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EC ) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។

លោកស្រី Ursula von der Leyen ប្រធាន EC បានអះអាងថា EU នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងយន្តការផ្លាស់ប្តូរដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ល។

ស្តីពីស្ថានភាពសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពសង្កត់ធ្ងន់ថា ជម្លោះចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982។

* នៅក្នុងជំនួបជាមួយលោក Achim Steiner អគ្គនាយក UNDP លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឱ្យ UNDP ផ្តោតលើការជួយវៀតណាមអំពីចំណេះដឹង ធនធាន និងជំរុញការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្ពោះទៅរកការកសាងខឿនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចជុំវិល; គាំទ្រវៀតណាម និងគណៈកម្មការទន្លេមេគង្គអន្តរជាតិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

* នៅក្នុងជំនួបជាមួយលោកស្រី Catherine Russell នាយិកាប្រតិបត្តិ UNICEF លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលបន្តនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសការជួយឧបត្ថម្ភដ៏មានតម្លៃរបស់អង្គការ UNICEF សម្រាប់កម្មវិធីពង្រីកការចាក់វ៉ាក់សាំងសម្រាប់កុមារ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាធនធានដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាក់ទងនឹងកុមារ៕

បកប្រែដោយ Huyen Trang