ទន្ទឹមនឹងយន្តការសហប្រតិបត្តិការត្រីភាគីដែលមានស្រាប់ នេះជាជំនួបដំបូងរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសទាំងបី ដើម្បីអនុវត្តលទ្ធផលនៃកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីនៅកិច្ចប្រជុំកំពូលក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគម​អាស៊ីអាគ្នេយ៍ប្រជាជាតិ (អាស៊ាន) - ជប៉ុននៅទីក្រុងតូក្យូក្នុងខែធ្នូ ឆ្នាំ ២០២៣។

នៅក្នុងជំនួបនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពិសេសជាមួយឡាវ និងកម្ពុជា ហើយមានបំណង់ចង់ឲ្យទំនាក់ទំនងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងបីកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម ពិភាក្សាជាមួយសមភាគី​ឡាវ និងកម្ពុជា 

ភាគីទាំងបីបានសម្តែងពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធរវាងប្រទេសទាំងបីសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។ ក្នុងបរិបទដែលតំបន់ និងអន្តរជាតិមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសទាំងបី បានសង្កត់ធ្ងន់លើតួនាទី និងតម្លៃយុទ្ធសាស្ត្រនៃសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនការឃោសនាឲ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងបីអំពីអត្ថន័យ និងតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងបី។

ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងបី និងអនុវត្តកិច្ចព្រមព្រៀង និងលទ្ធផលនៃដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងបី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសទាំងបីបានឯកភាពបន្តរក្សា លើកកម្ពស់ប្រសិទ្ធភាព និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវយន្តការត្រីភាគី។ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងក្រសួងការបរទេសនៃប្រទេសទាំងបី បង្កើនការចែករំលែកព័ត៌មាន ទស្សនៈនិងគោលជំហរលើបញ្ហាតំបន់ និងអន្តរជាតិ ។ បង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងបី; ជំរុញការផ្លាស់ប្តូរ និងការបណ្តុះបណ្តាលយុវជន និងថ្នាក់ដឹកនាំវ័យក្មេង ដើម្បីពូនជ្រំទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងបី។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា ការដែលកម្ពុជាដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម មិនប៉ះពាល់ដល់យន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងបីនោះទេ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសទាំងបី សង្ឃឹមថា ប្រទេសទាំងបី បន្តសហការគ្នាយ៉ាងជិតស្និទ្ធ នាំទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី ដើម្បីសហគមន៍អាស៊ាន និងបន្តរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសទាំងបីបានឯកភាពរក្សាកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពិនិត្យលើវិស័យ​សហប្រតិបត្តិការ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់៕

បកប្រែដោយ Pham Diep